ការសាងសង់ផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់ អាកាសយានដ្ឋានចំនួន៣ នឹងត្រូវពន្យារពេល១ឆ្នាំ ដោយសារកត្តាមួយចំនួន

0
kk 24/07/23

ដោយ: គង់ លាងហួរ
បាងកក: ប្រធានការិយាល័យច្រករបៀងសេដ្ឋកិច្ចភាគខាងកើតបានបញ្ជាក់ឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ការសាងសង់ផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់ព្រលានយន្តហោះចំនួន៣ នឹងត្រូវពន្យារពេល១ឆ្នាំក្រោយកាលវិភាគ។

លោក Jula Sukmanop ប្រធាន EEC បានលើកឡើងថា Asia Era One Co Ltd ដែលជាម្ចាស់សម្បទាននៃផ្លូវរថភ្លើងល្បឿនលឿន Don Muang-Suvarnabhumi-U-Tapao មិនអាចចាប់ផ្តើមសាងសង់នៅឆ្នាំនេះបានទេ ដោយសារខ្លួនកំពុងរង់ចាំការអនុម័តសិទ្ធិវិនិយោគពីសំណាក់ក្រុមប្រឹក្សាវិនិយោគថៃ(BoI)

លោក Jula បានអះអាងថាការសាងសង់នឹងត្រូវចំណាយរយៈពេលពេល៤ឆ្នាំ ហើយប្រសិនបើវាចាប់ផ្តើមនៅឆ្នាំក្រោយ ផ្លូវរថភ្លើងល្បឿនលឿននេះនឹងចាប់ផ្តើមដំណើរការនៅឆ្នាំ២០២៨ ពោលគឺយឺតមួយឆ្នាំក្រោយកាលវិភាគ។

លោកបានបន្តទៀតថា ក្រុមហ៊ុន Asia Era One បានដាក់ការស្តីបន្ទោសការពន្យារពេលនេះ ទៅលើភ្នាក់ងាររដ្ឋាភិបាលចំពោះការខកខានក្នុងការសម្របសម្រួលការសាងសង់។ ក្រុមហ៊ុនបានអំពាវនាវឱ្យរដ្ឋាភិបាលធ្វើវិសោធនកម្មកិច្ចសន្យាភាពជាដៃគូសាធារណៈ និងឯកជនរយៈពេល៥០ឆ្នាំ ដើម្បីកាត់បន្ថយការពន្យារពេល។

សំណើនេះបានជួបការជំទាស់យ៉ាងខ្លាំងពីសំណាក់គណបក្សភឿថៃ ដែលបក្សនេះបានអះអាងថា ការធ្វើវិសោធនកម្មកិច្ចសន្យាបែបនេះត្រូវតែរង់ចាំការអនុម័តដោយរដ្ឋាភិបាលជាប់ឆ្នោតបន្ទាប់។

លោក Jula បានលើកឡើងថា កិច្ចសន្យាមិនចាំបាច់ធ្វើវិសោធនកម្មឥឡូវនេះទេ ប៉ុន្តែកិច្ចសន្យានេះអាចបន្ថែមមូលហេតុនៃការពន្យារពេល ដូចជាជំងឺរាតត្បាតកូវីដ-១៩ ក្នុងចំណោមព្រឹត្តិការណ៍ធំៗផ្សេងៗទៀត។

លោកបានបន្ថែមថា បន្ទាប់ពីនោះ EEC នឹងបញ្ជូនសេចក្តីព្រាងស្តីពីការបន្ថែមមូលហេតុទៅក្រុមប្រឹក្សារដ្ឋដើម្បីពិនិត្យ មុនពេលបញ្ជូនទៅក្រុមប្រឹក្សាភិបាល EEC សម្រាប់ការយល់ព្រម ហើយបន្ទាប់មកត្រូវអនុម័តដោយគណៈរដ្ឋមន្ត្រី៕

LEAVE A REPLY

Please enter your comment!
Please enter your name here