ដោយៈ និស្ស័យ
ភ្នំពេញៈ ក្រុមហ៊ុន NagaCorp បានចុះបញ្ជីភាគហ៊ុននៅទីក្រុងហុងកុង បានរាយការណ៍ពីប្រាក់ចំណេញសុទ្ធរបស់ខ្លួន សម្រេចបានចំនួន៨៣លានដុល្លារអាមេរិក នៅឆមាសទី១ ឆ្នាំនេះ។
ផលចំណេញនេះ មានភាពអំណោយផល ដោយសារការស្ទុះងើបឡើងវិញ នៃវិស័យទេសចរណ៍នៅកម្ពុជា ពីបណ្តាប្រទេសនានានៅអាស៊ាន និងការត្រឡប់មកវិញបន្តិចម្តងៗ នៃភ្ញៀវទេចរមកពីប្រទេសចិន។
-->
យោងតាមរបាយការណ៍ហិរញ្ញវត្ថុ បណ្តោះអាសន្នរបស់ក្រុមហ៊ុនចេញ ផ្សាយកាលពីថ្ងៃទី១៩ ខែកក្កដាកន្លងមកបានឲ្យដឹងថា ក្នុងរយៈពេលកន្លងមកនេះ ក្រុមហ៊ុនបានបន្តឃើញការងើបឡើងវិញនៃអាជីវកម្មជាវិជ្ជមាន។ ក្នុងនោះប្រាក់ចំណេញសុទ្ធ បានកើនឡើង ៥៧,៤ ភាគរយ ដោយសម្រេចបាន រហូតដល់៨៣លានដុល្លារអាមេរិក បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
របាយការណ៍ដដែលនេះបានលើកឡើងថា ដោយមើលឃើញពីដំណើរការប្រកបដោយស្ថិរភាព របស់ក្រុមហ៊ុនជាមួយនឹងការស្តារឡើងវិញបន្តិចម្តងៗ នៃការធ្វើដំណើរពីប្រទេសជិតខាង និងការផ្តោតអារម្មណ៍យ៉ាងខ្លាំង លើទីផ្សារក្នុងស្រុក ក្រុមហ៊ុនបានបន្តវិធានការត្រួតពិនិត្យថ្លៃដើមយ៉ាងតឹងរ៉ឹង និងគំនិតផ្តួចផ្តើមប្រសិទ្ធភាពប្រតិបត្តិការ ដែលនាំឱ្យមានប្រាក់ចំណេញកាន់តែខ្ពស់។លទ្ធផលវិជ្ជមានគឺបណ្តាល មកពីកំណើនអាជីវកម្មនៅគ្រប់ផ្នែកទាំងអស់។
យោងតាមរបាយការណ៍នេះបានបង្ហាញងថា ក្រុមហ៊ុនបន្តទទួលបានអត្ថប្រយោជន៍ពីទីផ្សារ ដែលកំពុងកើនឡើងនៅក្នុងប្រទេសកម្ពុជា ដែលបានបង្ហាញថាជាអាជីវកម្ម គឺអាចរស់ដោយខ្លួនឯង។ ការរស់ឡើងវិញ នៃឧស្សាហកម្មទេសចរណ៍ពិភពលោក ហាក់ដូចជាមានការរីកចម្រើន ហើយកម្ពុជាកំពុងបង្ហាញ ពីការងើបឡើងវិញយ៉ាងច្រើន នៅក្នុងវិស័យទេសចរណ៍របស់ខ្លួន។ លំហូរភ្ញៀវទេសចរអន្តរជាតិជាបន្តបន្ទាប់បាន និងកំពុងរួមចំណែកដល់សកម្មភាពសេដ្ឋកិច្ចសង្គមលើគ្រប់វិស័យ។
កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ២,១៦ លាននាក់ក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំនេះ កើនឡើង៧៥ភាគរយ នៃចំនួនដែលបានកត់ត្រាក្នុងរយៈពេលដូចគ្នា នៃឆ្នាំមុនការរាតត្បាតក្នុងឆ្នាំ២០១៩។ នេះបើយោងតាមទិន្នន័យរបស់ក្រសួងទេសចរណ៍។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បាននិយាយកាលពីចុងខែមិថុនាថា ក្រសួងសង្ឃឹមថា នឹងឃើញចំនួនភ្ញៀវអន្តរជាតិលើសពី៤,៥លាននាក់ពេញ១ឆ្នាំនេះ៕