សៀមរាប៖ តំណាងក្រុមហ៊ុន TreeFul របស់ប្រទេសជប៉ុន បានឲ្យដឹងថា ក្រុមហ៊ុនលំដាប់ពិភពលោកមួយនេះ មានបំណងចង់វិនិយោគសាងសង់ផ្ទះបន្តោងដើមឈើ (Tree house)នៅលើតំបន់ភ្នំគូលែន។
លោក Nabesshima Katsuhito តំណាងក្រុមហ៊ុន TreeFul បានឲ្យដឹងតាមរយ:អ្នកបកប្រែកាលពីពេលថ្មីៗនេះថា កាលពីដើមឆ្នាំ២០២៣នេះ លោក Satoru Kikugawa ដែលជាស្ថាបត្យករ និងជាស្ថាបនិកក្រុមហ៊ុន TreeFul បានមកកម្ពុជាដោយផ្ទាល់ ដើម្បីស្វែងរកឱកាសក្នុងការវិនិយោគសាងសង់ជាផ្ទះបណ្តោងដើមឈើនេះ ។
លោកតំណាងក្រុមហ៊ុនបន្តថា បន្ទាប់ពីបានទស្សនានៅតំបន់ភ្នំគូលែន ក្រុមហ៊ុនបានចាប់អារម្មណ៍យ៉ាងខ្លាំងអំពីសក្តានុពលនៅលើខ្នងភ្នំប្រវត្តិសាស្ត្រមួយនេះ។លោក Katsuhito និយាយថា “ភ្នំគូលែនមានដើមឈើធំៗ មានទឹក មានសត្វព្រៃ និងមានប្រវត្តិជាអតីតរាជធានីបុរាណផងដែរ ដូច្នេះវាត្រូវនឹងគំនិតនៃការបង្កើត ផ្ទះបន្តោងដើមឈើនេះ”។បើតាមលោក Katsuhito បើទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជាគម្រោងនេះ វាបានផ្តល់ផលចំណេញច្រើនដល់កម្ពុជា ទាំងផ្នែកសេដ្ឋកិច្ច បរិស្ថាន និងការកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋនៅក្នុងតំបន់នោះផងដែរ។
លោកថា “ផ្ទះបន្តោងនេះ វាក្លាយជាកញ្ចប់ផលិតផលទេសចរណ៍មួយថ្មីនៅកម្ពុជា ដែលអ្នកទេសចរជាច្រើន មានការចាប់អារម្មណ៍។ វានឹងជួយទាក់ទាញអ្នកទេសចរ ដែលមានគុណភាពឲ្យមកលេងកម្សាន្ត និងពន្យារពេលស្នាក់នៅកម្ពុជា បានច្រើនថ្ងៃ ជាពិសេសក្នុងខេត្តសៀមរាបផ្ទាល់”។