ដោយៈ ជេស៊ីកា
ភ្នំពេញៈ អនុរដ្ឋមន្ត្រីការបរទេស នៃបក្សកុម្មុយនីស្តបានឲ្យដឹងថារដ្ឋាភិបាលចិន បានសន្យាបន្តជួយកម្ពុជាក្នុងកិច្ចអភិវឌ្ឍន៍ ការបន្តផ្តល់ជំនួយ ក្នុងន័យលើកកម្ពស់ជីវភាពប្រជាជនកម្ពុជា ហើយចិនប្តេជ្ញាគាំទ្រជានិរន្ដរ៍ ចំពោះអធិបតេយ្យភាព និងសេចក្តីថ្លៃថ្នូរកម្ពុជាផងដែរ។
ភាគីទាំង២ក៏បានប្តេជ្ញា ធ្វើឱ្យស៊ីជម្រៅបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលមានស្រាប់ក្នុងបរិបទយុគសម័យថ្មី។ការសន្យារបស់ភាគីចិនធ្វើឡើង ក្នុងជំនួបសម្តែងការគួរសមរវាងរដ្ឋមន្ត្រីការបរទេសកម្ពុជា និងជាប្រធានគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនកម្ពុជា លោកប្រាក់ សុខុន និងអនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិនៃបក្សកុម្មុយនីស្តចិន លោក ឈាន ហុងសាន នាទីស្តីការក្រសួងការបរទេសកម្ពុជា ថ្ងៃទី២៤ ខែកក្កដា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានពីក្រសួងការបរទេស។
ក្នុងជំនួបនេះ លោកឈាន ហុងសាន បានអបអរចំពោះកម្ពុជាពាក់ព័ន្ធដំណើរការរៀបចំការបោះឆ្នោត ដែលមានភាពរលូន សណ្តាប់ធ្នាប់ សេរី យុត្តិធម៌ តម្លាភាព និងសន្តិវិធី ខណៈមានអ្នកចូលរួមបោះឆ្នោតក្នុងអត្រាខ្ពស់រហូត៨៤,៥៨% ហើយលោកក៏បានកោតសរសើរពីវឌ្ឍនភាពផ្នែកសេដ្ឋកិច្ច តាមរយៈការរីកលូតលាស់ នៃជីវភាពប្រជាជន។ជាមួយគ្នានេះ លោកឈាន ហុងសាន បានលើកឡើងដែរថា ចិនបន្តគាំទ្រជានិរន្តរ៍លើអធិបតេយ្យ សេចក្តីថ្លៃថ្នូររបស់កម្ពុជា ព្រមទាំងស្វែងរកមាគ៌ាអភិវឌ្ឍន៍ ដើម្បីលើកកម្ពស់ជីវភាពប្រជាជនកម្ពុជា និងស្របនឹងលក្ខខណ្ឌពិសេសរបស់កម្ពុជា។
-->
លោកប្រាក់ សុខុន បានថ្លែងអំណរគុណភាគីចិន ដែលតែងជួយគាំទ្រ និងផ្តល់ជំនួយអភិវឌ្ឍន៍ ដ៏ធំធេងជាច្រើនដល់កម្ពុជា ដែលបានចូលរួមចំណែក ដល់ការកសាងសេដ្ឋកិច្ច សង្គម និងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។លោកបានបញ្ជាក់ថា “តួនាទីដ៏សំខាន់របស់ចិន ដែលឈានមុខគេក្នុងនាមជាម្ចាស់ជំនួយ ដៃគូពាណិជ្ជកម្ម អ្នកវិនិយោគ និងប្រភពនៃអ្នកទេសចរនៅកម្ពុជា ត្រូវបានទទួលស្គាល់”។
ក្នុងជំនួបនោះ ភាគីទាំង២ បានពិភាក្សាស្វែងរកមធ្យោបាយដើម្បីបង្កើនកិច្ចសហប្រតិបត្តិ រវាងគណបក្សកាន់អំណាច ដែលដឹកនាំប្រទេសទាំង២ ពោលគឺរវាងគណបក្សប្រជាជនកម្ពុជា(CPP) និងគណបក្សកុម្មុយនីស្តចិន(CPC) លើផ្នែកអភិបាលកិច្ច ការអប់រំ ការគាំទ្រ សម្រាប់សហគ្រិន និងអ្នកដឹកនាំវ័យក្មេង រួមទាំងការផ្លាស់ប្តូរវប្បធម៌។
លើសពីនេះ ភាគីទាំង២ បានប្តេជ្ញារៀងៗខ្លួនជាថ្មី ក្នុងការជំរុញឱ្យមានភាពស៊ីជម្រៅបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ខណៈរួមគ្នាកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយកម្រិតខ្ពស់ គុណភាពខ្ពស់ និងស្តង់ដាខ្ពស់។
កាលពីសប្តាហ៍មុន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោកវ៉ាង វិនធានក៏បានលើកឡើងផងដែរថា ប្រទេសចិននឹងបន្តជួយជ្រោមជ្រែងកម្ពុជា ក្នុងការកសាងសហគមន៍ នៃជោគជោគវាសនារួម រវាងប្រទេសទាំងពីរក្នុងរយៈពេល១០ឆ្នាំបន្តទៀត ដែលវានឹងនាំមកនូវការរីកចម្រើនសេដ្ឋកិច្ចកម្ពុជា និងវិបុលភាពសម្រាប់ប្រទេសនេះ។
អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិតយ៉ង់ ពៅបានមានប្រសាសន៍ថា ទំនាក់ទំនងកម្ពុជា ចិន កាន់តែស្អិតល្មួតរហូតដល់កិច្ចសហប្រតិបត្តិការត្បូងពេជ្រ នៅឆ្នាំ២០២៣នេះ ដោយប្រទេសទាំង២ មានទំនាក់ទំនងល្អ ជាយូរលង់ស្រាប់រយៈពេល៦៥ឆ្នាំ ហើយជំនួបរវាងអនុរដ្ឋមន្ត្រី ការបរទេសបក្សកុម្មុយនីស្តចិន និងរដ្ឋមន្ត្រីការបរទេសកម្ពុជា នៅក្រោយការបោះឆ្នោតនេះ កាន់តែបញ្ជាក់បន្ថែមទៀត។
លោកបន្តថា “ទំនាក់ទំនងស្អិតល្មួតរវាងប្រទេសទាំង២ នេះស្តែងឡើង តាមរយៈការជួយជ្រោមជ្រែងគ្នាក្នុងផ្នែកការទូត។ នៅក្នុងសេដ្ឋកិច្ច ក៏ដូចគ្នាដែរ ហើយទៅលើការអភិវឌ្ឍនៅកម្ពុជាវិញ កម្ពុជាមិនអាចកាត់ផ្តាច់ជំនួយពីចិន”។លោកបណ្ឌិតយ៉ង់ ពៅបានបន្តទៀតថា កម្ពុជាបានស្គាល់ពីសម្ទុះការអភិវឌ្ឍសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត។ កម្ពុជាផ្អែកលើផលប្រយោជន៍ជាតិ នៅក្នុងទំនាក់ទំនងការទូតជាគោល ដែលមិនផ្អែកតែទៅលើចិននោះទេ ខណៈកម្ពុជាតែងប្រកាន់យកនយោបាយការទូតចម្រុះពណ៌ ហើយតែងបើកភ្លើងខៀវ សម្រាប់ប្រទេសដទៃ។
លោកបញ្ជាក់ថា “កម្ពុជាស្និទ្ធស្នាលជាមួយចិន ពីព្រោះចិនផ្តល់ប្រយោជន៍ធំដល់កម្ពុជា”។កម្ពុជានិងចិនបានឈានដល់កម្រិត ទំនាក់ទំនងត្បូងពេជ្រក្នុងឆ្នាំ២០២៣នេះ នៅក្នុងខួបអនុស្សាវរីយ៍ការទូត លើកទី៦៥ឆ្នាំនៃប្រទេសទាំង២៕