ដោយៈ ជេស៊ីកា
ភ្នំពេញៈ មន្ត្រីនាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ នៃក្រសួងទេសចរណ៍ បានប្រាប់ឱ្យដឹងថា នៅចុងឆ្នាំ២០២៣នេះ ក្រុមហ៊ុន Royal Group Samra Seaplane នឹងដាក់ឱ្យដំណើរការសាកល្បងនូវយន្តហោះចុះចតលើផ្ទៃទឹក ប៉ុន្តែមិនទាន់កំណត់ថានឹងចាប់ផ្តើមពីខេត្តណាដំបូងគេនោះឡើយ។
លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍បានមានប្រសាសន៍ឲ្យដឹង កាលពីចុងសប្តាហ៍មុនថា បន្ទាប់ពីលោកបានជួបពិភាក្សា ជាមួយតំណាងក្រុមហ៊ុន Samra Seaplane ដើម្បីពិភាក្សា លើកិច្ចសហប្រតិបត្តិការ លើកកម្ពស់សេវាធ្វើដំណើរផ្លូវអាកាសតាមរយៈយន្តហោះចុះចតលើផ្ទៃទឹក។លោកបន្តថា “សេវាធ្វើដំណើរផ្លូវអាកាស តាមរយៈយន្តហោះចុះចតលើផ្ទៃទឹក នឹងផ្តល់នូវភាពងាយស្រួលក្នុងការធ្វើដំណើរ និងចុះចត ដល់គោលដៅទេសចរណ៍ចម្បងៗ នៅតាមបណ្តាកោះឆ្នេរសមុទ្រកម្ពុជា និងខេត្តគោលដៅតំបន់ឦសានជាដើម”។
-->
លោកជួប រតនា បានបញ្ជាក់ថា តាមផែនការ នៅក្នុងរដូវដែលមានភ្ញៀវច្រើន ឬ high season ក្រុមហ៊ុននេះ គ្រោងសាកល្បងដាក់ដំណើរការមួយគ្រឿង ដែលសេវាធ្វើដំណើរផ្លូវអាកាស តាមរយៈយន្តហោះចុះចតលើផ្ទៃទឹកនេះ មានភាពងាយស្រួល ប៉ុន្តែឥឡូវនេះគេកំពុងសិក្សាផ្នែកច្បាប់ ព្រោះច្បាប់យើងក៏មិនទាន់មានការគ្របដណ្តប់អស់លើយន្តហោះហោះលើផ្ទៃទឹកនេះដែរ។ យន្តហោះចុះចតលើផ្ទៃទឹកនេះ អាចផ្ទុកមនុស្សបានប្រមាណ៨ នាក់ ដែលវាជាកម្រិតស្តង់ដាល្អជាងគេមួយ សម្រាប់ការធ្វើដំណើរ ហើយតម្លៃតាមផែនការ ប្រមាណជា២ពាន់ដុល្លារ ក្នុងមួយយន្តហោះនេះ។ លោកបានលើកជាឧទាហរណ៍ថា ឧទាហរណ៍ថា ភ្ញៀវចង់ធ្វើដំណើរពីសៀមរាប ទៅគេងនៅកោះសង្សារ គឺយន្តហោះនេះហោះពីសៀមរាប ទៅចុះចតនៅកោះសង្សារតែម្តង ដែលវាមានភាពងាយស្រួលដែលអាចចុះចតលើផ្ទៃទឹកដូចជាទូកដែរ។
លោក ធួន ស៊ីណាន ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន IMCT ខូអិលធីឌី និងជាប្រធានសមាគមទេសចរណ៍ អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATACC) បង្ហាញការគាំទ្រពីសេវាកម្មនេះផងដែរ។លោកបន្តថា “នេះជាអ្វីដែលយើងត្រូវការ ដើម្បីបំពេញបន្ថែមនូវសមត្ថភាព ក្នុងការទទួលភ្ញៀវទេសចរលំដាប់ខ្ពស់។ យើងមានអំណោយផលធម្មជាតិវាមិនគ្រប់គ្រាន់ទេ យើងចាំបាច់មានសេវាកម្មបំពេញបន្ថែម ដើម្បីគាំទ្រទើបគ្រប់តម្លៃនូវការទាក់ទាញភ្ញៀវ”។
កាលពីដើមខែមិថុនា ឆ្នាំ២០២៣ កន្លងទៅនេះ ក្រុមហ៊ុន Seaplane Asia Limited of Hong Kong និង Royal Group of Cambodia បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាមួយ ដើម្បីចាប់ផ្តើមបើកប្រតិបត្តិការ លើយន្តហោះតាមសមុទ្រ នៅប្រទេសកម្ពុជា។
ប្រធានក្រុមហ៊ុន The Royal Group អ្នកឧកញ៉ាគិត ម៉េងបានលើកឡើងនាពិធីនោះថា លោកមានមោទនភាព ក្នុងការចូលរួមកម្លាំងជាមួយក្រុមហ៊ុន Seaplane Asia និងសូមណែនាំក្រុមហ៊ុន Royal Group Samra Seaplane ដែលជាសេវាអាកាសចរណ៍សមុទ្រលំដាប់ខ្ពស់ដំបូងគេនៅកម្ពុជា។
លោក ដេននីស ខេលឡឺ (Dennis Keller) នាយកប្រតិបត្តិនៃក្រុមហ៊ុន Seaplane Asia Limited បានលើកឡើងដែរថា កម្ពុជាមានសក្ដានុពលយ៉ាងធំធេង សម្រាប់ប្រតិបត្តិការលម្ហែកាយ លើផ្ទៃសមុទ្រ ដោយសារតែភាពស្រស់ ស្អាតធម្មជាតិដ៏អស្ចារ្យ និងសេដ្ឋកិច្ចរីកចម្រើន៕