សេវាកម្មយន្តហោះចុះចតលើទឹកអាចនឹងដាក់ឱ្យដំណើរការនៅចុងឆ្នាំនេះ

0

ដោយៈ ជេស៊ីកា

        ភ្នំពេញៈ មន្ត្រី​នាយកដ្ឋាន​ផែនការអភិវឌ្ឍន៍​ទេសចរណ៍ ​នៃ​ក្រ​សួង​ទេស​​ចរណ៍ បាន​ប្រាប់​ឱ្យដឹងថា នៅ​ចុងឆ្នាំ​២០២៣​នេះ ក្រុមហ៊ុន Royal Group Samra Seaplane នឹងដាក់​ឱ្យ​ដំណើរការ​សាកល្បង​នូវ​យន្តហោះ​ចុះចត​លើ​ផ្ទៃ​ទឹក ប៉ុន្តែ​មិនទាន់​កំណត់ថា​នឹង​ចាប់ផ្តើម​ពី​ខេត្ត​ណា​ដំបូង​គេ​នោះឡើយ​។​

លោក ជួប រតនា ប្រធាន​នាយក​ដ្ឋា​ន​ផែនការអភិវឌ្ឍន៍​ទេស​ចរណ៍បានមានប្រសាសន៍ឲ្យដឹង កាលពីចុងសប្តាហ៍មុនថា បន្ទាប់ពី​លោក​បាន​ជួបពិភាក្សា​ ជាមួយ​តំណាង​ក្រុមហ៊ុន Samra Seaplane ដើម្បី​ពិភាក្សា ​លើ​កិច្ចសហប្រតិបត្តិការ​ លើក​កម្ពស់​សេវា​ធ្វើដំណើរ​ផ្លូវអាកាស​តាមរយៈ​យន្តហោះ​ចុះចត​លើ​ផ្ទៃ​ទឹក​។​លោកបន្ត​ថា “សេវា​ធ្វើដំណើរ​ផ្លូវ​អាកាស​ តាមរយៈ​យន្តហោះ​ចុះចត​លើ​ផ្ទៃ​ទឹក នឹង​ផ្តល់នូវ​ភាពងាយស្រួល​ក្នុងការ​ធ្វើ​​ដំណើរ និង​ចុះចត​ ដល់​គោល​​ដៅ​ទេសចរណ៍​ចម្បងៗ ​នៅតាម​បណ្តា​កោះ​ឆ្នេរសមុទ្រ​កម្ពុជា និង​ខេត្ត​គោលដៅ​តំបន់​ឦសានជាដើម​”។​

លោកជួប រតនា បានបញ្ជាក់ថា ​តាម​ផែនការ នៅក្នុង​រដូវ​ដែលមាន​ភ្ញៀវ​ច្រើន ឬ ​high season ក្រុមហ៊ុន​នេះ គ្រោង​សាកល្បង​ដាក់​ដំណើរ​ការ​មួយគ្រឿង ​ដែល​សេវា​ធ្វើដំណើរ​ផ្លូវអាកាស ​តាមរយៈ​យន្តហោះ​ចុះចត​លើ​ផ្ទៃ​ទឹក​នេះ មាន​ភាពងាយស្រួល ប៉ុន្តែ​ឥឡូវនេះ​គេ​កំពុង​សិក្សា​ផ្នែក​ច្បាប់ ព្រោះ​ច្បាប់​យើង​ក៏​មិនទាន់​មានការ​គ្របដណ្តប់​អស់​លើ​យន្តហោះ​ហោះ​លើ​ផ្ទៃ​ទឹក​នេះដែរ​។​ យន្តហោះ​ចុះចត​លើ​ផ្ទៃ​ទឹក​នេះ អាច​ផ្ទុក​មនុស្ស​បាន​ប្រមាណ​​៨ ​នាក់ ដែល​វា​ជា​កម្រិតស្តង់ដា​ល្អ​ជាងគេ​មួយ ​សម្រាប់​ការធ្វើដំណើរ ហើយ​តម្លៃ​តាម​ផែនការ​ ប្រមាណ​ជា​២​ពាន់​ដុល្លារ​ ក្នុង​មួយ​យន្ត​​ហោះ​នេះ​។​ លោក​បានលើកជាឧទាហរណ៍ថា ​ឧ​ទា​ហរ​ណ៍​ថា ភ្ញៀវ​ចង់​ធ្វើដំណើរ​ពី​សៀមរាប ​ទៅ​គេង​នៅ​កោះ​សង្សារ គឺ​យន្តហោះ​នេះ​ហោះ​ពី​សៀមរាប ​ទៅ​ចុះចត​នៅ​កោះ​សង្សារ​តែម្តង ដែល​វា​មាន​ភាពងាយស្រួល​ដែល​អាច​ចុះចត​លើ​ផ្ទៃ​ទឹក​ដូចជា​ទូក​ដែរ​​។​លោក ធួន ស៊ីណាន ប្រធាន​ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន IMCT ខូ​អិ​ល​ធី​ឌី និង​ជា​ប្រធាន​សមាគម​ទេសចរណ៍​ អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា (PATACC) បង្ហាញ​ការគាំទ្រ​ពី​សេវា​កម្មនេះ​ផងដែរ​។​លោកបន្តថា “​នេះ​ជា​អ្វីដែល​យើង​ត្រូវការ ​ដើម្បី​បំពេញបន្ថែម​នូវ​សមត្ថភាព​ ក្នុង​ការទទួល​ភ្ញៀវទេសច​រលំ​ដាប់​ខ្ពស់​។ យើង​មាន​អំណោយ​​ផល​ធម្មជាតិ​វា​មិន​គ្រប់គ្រាន់​ទេ យើង​ចាំបាច់​មាន​សេវាកម្ម​បំពេញបន្ថែម ​ដើម្បី​គាំទ្រ​ទើប​គ្រប់​តម្លៃ​នូវ​ការទាក់ទាញ​ភ្ញៀវ​”។​

កាលពី​ដើមខែ​មិថុនា ឆ្នាំ​២០២៣ ​កន្លងទៅនេះ ក្រុមហ៊ុន​ Seaplane Asia Limited of Hong Kong និង Royal Group of Cambodia បាន​ចុះ​ហត្ថ​លេខា​លើ​កិច្ចព្រមព្រៀង​រួមគ្នា​មួយ ដើម្បី​ចាប់ផ្តើម​បើក​ប្រតិ​​ប​ត្តិ​កា​រ លើ​យន្តហោះ​តាម​សមុទ្រ ​នៅ​ប្រទេស​កម្ពុជា​។​

ប្រធាន​ក្រុម​ហ៊ុន The Royal Group អ្នកឧកញ៉ាគិត ម៉េងបានលើកឡើង​នា​ពិធី​នោះ​ថា លោក​មាន​មោទនភាព ​ក្នុងការ​ចូលរួម​កម្លាំង​ជាមួយ​ក្រុមហ៊ុន Seaplane Asia និង​សូម​ណែនាំ​ក្រុមហ៊ុន Royal Group Samra Seaplane ដែលជា​សេវា​អាកាសចរណ៍​សមុទ្រ​លំដាប់​ខ្ពស់​ដំបូង​គេ​នៅ​កម្ពុជា​។

​លោក ដេ​ន​នី​ស ខេ​ល​ឡឺ (Dennis Keller) នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Seaplane Asia Limited បានលើកឡើង​ដែរ​ថា កម្ពុ​ជាមាន​សក្ដានុពល​យ៉ាង​ធំធេង​ សម្រាប់​ប្រតិបត្តិការ​លម្ហែកាយ ​លើ​ផ្ទៃ​សមុទ្រ ដោយសារតែ​ភាព​ស្រស់ ស្អាត​ធម្មជាតិ​ដ៏​អស្ចារ្យ និង​សេដ្ឋកិច្ច​រីកចម្រើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here