ដោយ: គង់ លាងហួរ
វៀងច័ន្ទ: លោក Santiphap Phomvihane រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនៃប្រទេសឡាវ បានស្នើសេចក្តីព្រាងច្បាប់ថ្មីមួយ ស្តីពីពន្ធដីធ្លី ក្នុងសម័យប្រជុំសាមញ្ញលើកទី៥ នៃរដ្ឋសភាឡាវ នីតិកាលទី៦ កាលពីថ្ងៃទី៦ ខែកក្កដាកន្លងទៅ។
សេចក្តីព្រាងច្បាប់នេះ រួមមាន៤៨មាត្រា ៤ជំពូក និង៩ផ្នែក ដែលមានគោលបំណងជំនួសឱ្យច្បាប់ប្រមូលពន្ធដីធ្លីចាស់ ដែលបានប្រកាសក្នុងឆ្នាំ២០០០ និងបានកែសម្រួលក្នុងឆ្នាំ២០០៧។
លោក Santiphap បានមានប្រសាសន៍ថា ច្បាប់ចាស់ត្រូវបានប្រើប្រាស់អស់រយៈពេលជាង១៦ឆ្នាំមកហើយ ប៉ុន្តែបច្ចុប្បន្ន ការប្រមូលចំណូលពន្ធដីធ្លីមានកម្រិតទាប មិនស្របនឹងច្បាប់ដែលបានកែសម្រួល និងមានបញ្ហាប្រឈមក្នុងការអនុវត្ត។ លោកបន្តថា ដូច្នេះ យើងត្រូវបង្កើតច្បាប់ថ្មីមួយ ដែលកាន់តែតឹងរ៉ឹង និងមានភាពជាក់លាក់ជាងមុន។
សេចក្តីព្រាងច្បាប់ថ្មីនេះផ្តោតជាសំខាន់ទៅលើការកំណត់ការប្រមូលពន្ធដីធ្លីស្របតាមស្តង់ដារអន្តរជាតិ ដោយផ្អែកលើកម្រិតនៃកំណើនសេដ្ឋកិច្ចក្នុងប្រទេសឡាវ (GDP) អត្រាអតិផរណា និងតម្លៃនៃពន្ធដីធ្លីដែលបានបង់នាពេលកន្លងមក។ ច្បាប់នេះនឹងធានាថា ការប្រមូលពន្ធមានតម្លាភាព យុត្តិធម៌ ប្រសិទ្ធភាព និងអាចផ្ទៀងផ្ទាត់បាន។






