ដោយ: គង់ លាងហួរ
អន្តរជាតិ: កត្តាតម្លៃរស់នៅទាប និងរបៀបរស់នៅដ៏ល្អប្រសើរ កំពុងទាក់ទាញពលរដ្ឋហុងកុង កាន់តែច្រើនឱ្យផ្លាស់ទីលំនៅទៅកាន់អ្វី ដែលពួកគេហៅថា ទឹកដីនៃស្នាមញញឹម នៅក្នុងប្រទេសថៃ។
លោក David Chan ដែលមានវ័យ៣១ឆ្នាំ បានផ្លាស់ទីលំនៅទៅប្រទេសថៃ ក្នុងឆ្នាំ២០១៩ ហើយពេលនេះ លោកកំពុងធ្វើការជាភ្នាក់ងារអចលនទ្រព្យម្នាក់។ លោកបានជួយដល់ពលរដ្ឋហុងកុងផ្សេងទៀត ក្នុងការស្វែងរកអចលនទ្រព្យ និងតាំងទីលំនៅក្នុងប្រទេសថៃ។
លោកបានបន្តថា “ប្រពន្ធរបស់ខ្ញុំដែលជាជនជាតិថៃ មិនសប្បាយចិត្តនឹងការរស់នៅ ក្នុងទីក្រុងហុងកុងនោះទេ។ ដូច្នេះហើយ នៅពេលដែលភាពចលាចលនយោបាយ ក្នុងឆ្នាំ២០១៩ បានផ្ទុះឡើង ពួកយើងបានសម្រេចចិត្ត ផ្លាស់ទៅកាន់ទីក្រុងបាងកក”។
លោកបញ្ជាក់ទៀតថា “ចាប់តាំងពីពេលនោះមក ខ្ញុំបានសង្កេតឃើញអំពី ការហក់ឡើងរហូតដល់ទៅ៣០ភាគរយ នៃតម្រូវការ និងការសាកសួរពីប្រជាជនហុងកុង ដែលចង់ផ្លាស់ប្តូរទីលំនៅរបស់ពួកគេមកកាន់ប្រទេសថៃ”។
លោក Chan បានអះអាងថា តម្លៃផ្ទះនៅប្រទេសថៃស្មើប្រហែលនឹង១ ភាគ៤នៃតម្លៃផ្ទះនៅក្នុងទីក្រុងហុងកុង ហើយចំពោះគ្រួសារដែលមានកូនតូចៗ គឺពួកគេអាចស្វែងរកកន្លែងសិក្សា នៅតាមសាលាអន្តរជាតិបានយ៉ាងងាយស្រួលផងដែរ។
លើសពីនេះទៀត ពលរដ្ឋហុងកុងជាច្រើនបាន និងកំពុងប្រើប្រាស់កម្មវិធីស្នាក់នៅផ្សេងៗរបស់ប្រទេសថៃ ដែលអនុញ្ញាតឱ្យពួកគេអាចស្នាក់នៅរយៈពេលវែងបាន នៅក្នុងប្រទេសនេះ រួមជាមួយនឹងសមាជិកគ្រួសាររបស់ពួកគេផងដែរ។
កម្មវិធីទាំងនោះរួមមាន គម្រោងទិដ្ឋាការស្នាក់នៅរយៈពេលវែង ដែលរដ្ឋាភិបាលថៃ បានដាក់ចេញកាលពីឆ្នាំមុន ដើម្បីទាក់ទាញអ្នកវិនិយោគ ដែលមានទ្រព្យស្តុកស្តម្ភចំនួន១លាននាក់ ឬជនបរទេស ដែលមានទេពកោសល្យខ្ពស់ ឱ្យចូលមកកាន់ប្រទេសថៃ ក្នុងរយៈពេល៥ឆ្នាំ៕






