ប្រទេសថៃគ្រោងសាងសង់ផ្លូវល្បឿនលឿន Motorway ចំនួន៣ខ្សែ តម្លៃជិត៣០០០លានដុល្លារអាមេរិក

0

ដោយ: គង់ លាងហួរ
បាងកក: នាយកដ្ឋានផ្លូវហាយវេរបស់ប្រទេសថៃ (DOH) គ្រោងស្នើសុំការអនុម័តពីគណៈរដ្ឋមន្ត្រី សម្រាប់គម្រោងសាងសង់ផ្លូវល្បឿនលឿន (Motorway) ចំនួន៣ខ្សែ ដែលមានតម្លៃសរុប១០២,៦ពាន់លានបាត(ប្រហែល២,៩៧ពាន់លានដុល្លារ)។

បច្ចុប្បន្ន នាយកដ្ឋាននេះកំពុងអនុវត្តន៍ គម្រោងសាងសង់ផ្លូវហាយវេនានា ក្នុងគោលបំណង ដើម្បីធ្វើឱ្យប្រសើរឡើង នូវការតភ្ជាប់រវាងទីក្រុងបាងកក និងតំបន់ផ្សេងទៀត។  គម្រោងទាំងនេះ ក៏មានបំណងកាត់បន្ថយការកកស្ទះចរាចរណ៍ និងពេលវេលាធ្វើដំណើរនាពេលអនាគតផងដែរ។

បើយោងតាមលោក Piyapong Jiwattanakulpaisarn អគ្គនាយករង នៃនាយកដ្ឋានផ្លូវហាយវេរបស់ប្រទេសនេះ បានមានប្រសាសន៍បញ្ជាក់ឱ្យដឹងថា  គម្រោងទាំង៣នោះរួមមានដូចជា ទី១. គម្រោងផ្លូវល្បឿនលឿន M9 តភ្ជាប់ពីស្រុក Bang Khun Tian ទៅកាន់ស្រុក Bang Bua Thong ដែលស្ថិតក្នុងទំហំទឹកប្រាក់ចំនួន៥៦,០៣ពាន់លានបាត។ទី២. គម្រោងផ្លូវល្បឿនលឿន M9 តភ្ជាប់ពីស្រុក Bang Bua Thong ទៅកាន់ស្រុក Bang Pa-in ដែលស្ថិតក្នុងទំហំទឹកប្រាក់ចំនួន១៥,២ពាន់លានបាត។ទី៣. គម្រោងពង្រីកផ្លូវ Don Muang Tollway តភ្ជាប់ពីស្រុក Rangsit ទៅកាន់ស្រុកBang Pa-in ដែលស្ថិតក្នុងទំហំទឹកប្រាក់ចំនួន៣១,៣ពាន់លានបាត។


លោក Piyapong បានបញ្ជាក់ទៀតថា គម្រោងផ្លូវល្បឿនលឿន M9 តភ្ជាប់ពីស្រុក Bang Khun Thian ទៅកាន់ស្រុក Bang Bua Thong ត្រូវបានអនុម័តរួចមកហើយ ដោយក្រុមប្រឹក្សាភិបាលភាពជាដៃគូឯកជនសាធារណៈ (PPP) ដោយនឹងត្រូវដាក់ជូនទៅកាន់គណៈរដ្ឋមន្ត្រីដើម្បីធ្វើការអនុម័ត។

លោក​បានបន្ត​ទៀតថា នៅ​ពេល​គម្រោងទាំងនេះ ទទួល​បាន​ការអនុម័តពី​គណៈរដ្ឋមន្ត្រីរួចរាល់ វិស័យ​ឯកជន​នឹង​ត្រូវ​បានអញ្ជើញ​ឱ្យ​ចូលមកបណ្តាក់ទុនវិនិយោគ ​នៅ​​ឆ្នាំ​២០២៣នេះ ឬ​នៅចុង​ឆ្នាំ​២០២៤។

លោកបានមានប្រសាសន៍បន្ថែមថា “ការសាងសង់នឹងអាចចាប់ផ្តើមនៅឆ្នាំ២០២៥ ហើយគម្រោងនេះត្រូវបានគេរំពឹងថា នឹងចំណា​យរយៈពេល៣ឆ្នាំដើម្បីសាងសង់បញ្ចប់ និងគ្រោងនឹងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៩”៕

LEAVE A REPLY

Please enter your comment!
Please enter your name here