ដោយ: គង់ លាងហួរ
ហុងកុង: តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Evergrande Property Services Group បានដាំក្បាលចុះជិត៥០ភាគរយ នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីមានការចេញផ្សាយ លទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុន និងការបញ្ចប់ការស៊ើបអង្កេត លើមូលនិធិដែលត្រូវបានប្រើប្រាស់ខុស។
ក្រុមហ៊ុនសេវាកម្មអចលនទ្រព្យមួយនេះ ត្រូវបានអូសចូលទៅក្នុងបញ្ហាហិរញ្ញវត្ថុ បន្ទាប់ពីក្រុមហ៊ុនមេរបស់ខ្លួនគឺ China Evergrande Group ដែលជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យជំពាក់បំណុលច្រើនជាងគេបំផុត នៅលើពិភពលោក បានជាប់គាំងក្នុងវិបត្តិបំណុលនៅពាក់កណ្តាលឆ្នាំ២០២១ ដែលក្រោយមកវិបត្តិនេះបានរីករាលដាលពាសពេញវិស័យអចលនទ្រព្យចិនតែម្តង។
ភាគហ៊ុននៃក្រុមហ៊ុន Evergrande Service ត្រូវបានផ្អាកការជួញដូរចាប់តាំងពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២។ ចំណែក ភាគហ៊ុនរបស់ក្រុមហ៊ុន China Evergrande New Energy Vehicle Group បានបើកការជួញដូរឡើងវិញ កាលពីសប្តាហ៍មុន បន្ទាប់ពីផ្អាកអស់រយៈពេល១៦ខែ។

ទន្ទឹមគ្នានេះដែរ ក្រុមហ៊ុន Evergrande Services បានអះអាងកាលពីថ្ងៃពុធកន្លងទៅថា ក្រុមហ៊ុនមានទ្រព្យសកម្ម គ្រប់គ្រាន់សម្រាប់ធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួន៕




