ដោយ: គង់ លាងហួរ
ភ្នំពេញ: ខេត្តកោះកុងប្រៀបដូចជាកូនក្រមុំមួយ នៅតំបន់ឆ្នេរកម្ពុជា ក្នុងចំណោមខេត្តជាប់តំបន់ឆ្នេរដទៃទៀត ដោយសារតែការអភិវឌ្ឈន៍ពីវិស័យឯកជន និងការគាំទ្រជាគោលនយោបាយពីរាជរដ្ឋាភិបាល។
នាយកប្រតិបត្តិផ្នែកគ្រប់គ្រងអាជីវកម្មក្រុមហ៊ុន Krud Power លោក វិបុល បញ្ញាបុត្របានមានប្រសាសន៍ឲ្យដឹង កាលពីដើមសប្តាហ៍មុនថា ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ខេត្តកោះកុងមានសន្ទុះខ្លាំង ក្នុងការអភិវឌ្ឍដូចបណ្តាខេត្តដទៃផ្សេងៗដែរ។ ខេត្តកោះកុងជាខេត្តមួយ ដ៏មានសក្តានុពល ដោយរដ្ឋាភិបាលកម្ពុជា បានបោះទុនរហូតដល់ទៅ៦៨លានដុល្លារអាមេរិក ទៅលើការពង្រីក និងស្តារផ្លូវជាតិលេខ៤៨។ខេត្តកោះកុង មានកិច្ចសហប្រតិបត្តិការស៊ីជម្រៅ ជាមួយខេត្តត្រាតរបស់ប្រទេសថៃ ហើយដោយស្ថិតក្រោមការគ្រប់គ្រងរបស់លោកស្រីអភិបាលខេត្ត មិថុនា ភូថង រដ្ឋបាលខេត្តកោះកុងបានរក្សាទំនាក់ទំនងដ៏ល្អជាមួយខេត្តត្រាត ក្នុងវិស័យនានាដូចជាបដិសណ្ឋារកិច្ច និងទេសចរណ៍។
លោកវិបុល បញ្ញាបុត្រ បានបន្តថា ខេត្តកោះកុងមានសក្តានុពលខ្លាំង ក្នុងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ី ឬ Eco-tourism។ លើសពីនេះ ក្រសួងបរិស្ថាន ដែលស្ថិតក្រោមការដឹកនាំ របស់លោករដ្ឋមន្ត្រី សាយ សំអាល់ ក៏បានយកចិត្តទុកដាក់ខ្ពស់ ទៅលើការអភិវឌ្ឍអេកូឡូស៊ីរបស់ខេត្តកោះកុងផងដែរ។
ជាក់ស្តែង នៅក្នុងក្រុងខេមរភូមិន្ទផ្ទាល់ ប្រជាជនមានភាពងាយស្រួលណាស់ ក្នុងការទទួលបានសេវាកម្មផ្សេងៗជាច្រើន ដូចនៅរាជធានីភ្នំពេញផងដែរ គ្រាន់តែមាន Lifestyle ខុសគ្នាប៉ុណ្ណោះ។
លោកវិបុល បញ្ញាបុត្របានបន្តថា កន្លងមក ខេត្តកោះកុងទទួលបានចំណាប់អារម្មណ៍ច្រើនពីភ្ញៀវទេសចរ ជាពិសេស គឺភ្ញៀវទេសចរក្នុងស្រុក។ លោករំពឹងថា ប្រជាជនកម្ពុជានឹងបន្តធ្វើដំណើរក្នុងស្រុក និងតាមបណ្តាខេត្តនានា ជាពិសេសគឺខេត្តកោះកុង ដែលពួកគេអាចសម្រាកលំហើយអារម្មណ៍ ទទួលយកបទពិសោធថ្មី បរិភោគអាហារសមុទ្រស្រស់ៗ និងស្ទូចត្រីនៅតាមដងសមុទ្រ។
លោក វិបុល បញ្ញាបុត្រ បានបញ្ជាក់ថា ភ្ញៀវទេសចរអន្តរជាតិដើរតួនាទីយ៉ាងសំខាន់ណាស់ ក្នុងការបង្កើតប្រាក់ចំណូលដល់វិស័យបដិសណ្ឋារកិច្ចនៅកម្ពុជា។ បន្ថែមពីនេះ ដោយសារខេត្តកោះកុងស្ថិតនៅជាប់ជាមួយព្រំដែនប្រទេសថៃ ហើយនៅពេលខាងមុខ យើងមានព្រលានយន្តហោះតារាសារគរ និងកំពង់ផែទឹកជ្រៅ។ ដូច្នេះ លោកដាក់ក្តីសង្ឃឹមយ៉ាងមុតមាំ ទៅលើលំហូរនៃភ្ញៀវទេសចរបរទេស ហើយភ្ញៀវទេសចរក្នុងស្រុក ក៏នៅតែបន្តធ្វើដំណើរមកកាន់ខេត្តកោះកុងផងដែរ។
ខេត្តកោះកុង មានចម្ងាយត្រឹមតែ២៨០គីឡូម៉ែត្រប៉ុណ្ណោះ ពីរាជធានីភ្នំពេញ ហើយតាមរយៈការតភ្ជាប់ផ្លូវល្បឿនលឿន មកកាន់ផ្លូវជាតិលេខ៤៨ ដូច្នេះវានឹងជួយកាត់បន្ថយពេលវេលា ធ្វើដំណើរបន្ថែមទៀតមកនៅត្រឹមតែ៣ម៉ោងប៉ុណ្ណោះ។
លោកបានបង្ហាញនូវការចាប់អារម្មណ៍ថា តាមរយៈការស្ថាបនាផ្លូវជាតិលេខ១០ យើងមើលឃើញថា ប្រជាជនដែលរស់នៅតាមបណ្តាខេត្តឆ្ងាយៗដូចជា បាត់ដំបង សៀមរាប ពោធិ៍សាត់ ប៉ៃលិន ឧត្តរមានជ័យ ក៏ពួកគាត់អាចធ្វើដំណើរ មកកាន់ខេត្តកោះកុងបានដែរ ដោយសន្សំសំចៃពេលវេលាខ្ពស់ជាងមុន។
លើសពីនេះ នៅក្នុងខេត្តកោះកុង យើងក៏អាចធ្វើដំណើរតាមរយៈផ្លូវទឹកទៅកាន់កោះរ៉ុង កោះរ៉ុងសន្លឹម កោះស្តេច និងកោះតាតៃបានទាំងអស់ ព្រមទាំងមានតម្លៃថោកសមរម្យថែមទៀតផង។លោកបានអះអាងថា ទីផ្សារអចលនទ្រព្យ នៅខេត្តកោះកុងមានភាពល្អប្រសើរ ប៉ុន្តែយើងក៏បានប្រឈម ជាមួយបញ្ហានានា ដូចជាវិបត្តិកូវីដ-១៩ និងការផ្គត់ផ្គង់អចលនទ្រព្យលើសតម្រូវការ។ ទោះបីជាយ៉ាងនេះក្តី យើងក៏អាចតភ្ជាប់ទីផ្សារអចលនទ្រព្យ នៅខេត្តកោះកុងជាមួយវិស័យបដិសណ្ឋាកិច្ច បែបទេសចរណ៍ផងដែរ។
បើប្រៀបធៀបជាមួយបណ្តាខេត្ត ជាប់មាត់សមុទ្រផ្សេងៗ ខេត្តកោះកុង គឺជាឱកាសដ៏ធំមួយសម្រាប់វិនិយោគិន ព្រោះខេត្តនេះជាគោលដៅដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរ។លោកបានបន្ថែមថា “គម្រោងខេបាលី មានលក្ខណៈពិសេស ដោយសារគម្រោងនេះ ស្ថិតក្នុងខេត្តមួយដ៏មានសក្តានុពល និងជាខេត្តមួយ ដែលមិនទាន់មានការអភិវឌ្ឍលើវិស័យបដិសណ្ឋារកិច្ចបានស្តង់ដានៅឡើយទេ”។ លោកបន្តថា “យើងនឹងពាំនាំយកនូវផលិតផលអចលនទ្រព្យថ្មីមួយ សម្រាប់ទីផ្សារខេត្តកោះកុង”។
បើយើងនិយាយអំពីពាក្យ “បាលី” យើងប្រហែលជាបាននឹកគិតដល់កោះបាលីដ៏ល្បីល្បាញ របស់ប្រទេសឥណ្ឌូនេស៊ី។ ដូច្នេះ គម្រោងខេបាលី គឺកើតផ្សំចេញមកពីពាក្យថា “ខេ”ដែលតំណាងឱ្យខេត្តកោះកុង កោងកាង កោះស្នេហ៍ និងកម្ពុជាទាំងមូលផងដែរ។
គម្រោងខេបាលី ផ្តល់ជូននូវជម្រើសជាច្រើន ដូចជា អតិថិជនអាចទទួលបានដីផ្ទាល់ខ្លួន និងឯកជនប្លង់រឹង ដែលមានទីតាំងជាប់នឹងឆ្នេរសមុទ្រ ហើយគម្រោងនេះមានទីតាំង ស្ថិតនៅក្នុងតំបន់ទីក្រុងប្រជុំជន។ លើសពីនេះ អតិថិជនអាចរីករាយជាមួយនឹងទេសភាពជាច្រើនដូចជាជួរភ្នំក្រវ៉ាញ ព្រៃកោងកាង ឆ្នេរឯកជន ការជិះទូកកំសាន្ត និងម៉ូតូទឹក។
លោកវិបុល បញ្ញាបុត្របានបន្តថា ម្យ៉ាងវិញទៀត យើងក៏គ្រោងដាក់ឱ្យមានគម្រោងខេបាលីរីស៉ត ដើម្បីផ្តល់ភាពអភិជនមួយសម្រាប់អនាគតភ្ញៀវទេសចរ ដែលនឹងអញ្ជើញមកកាន់ខេត្តកោះកុង ហើយភ្ញៀវទេសចរ អាចទទួលបានបដិសណ្ឋារកិច្ចបែបស្តង់ដារ និងសេវាកម្មគ្រប់សព្វបែបយ៉ាង ដោយមិនមានការព្រួយបារម្ភ។
លើសពីនេះ គម្រោងខេបាលីក៏មានគោលបំណង ក្នុងការលើកកំពស់សេដ្ឋកិច្ច របស់ខេត្តកោះកុងផងដែរ ដោយប្រជានេសាទអាចលក់គ្រឿងសមុទ្រស្រស់ៗ ជូនដល់ភ្ញៀវទេសចរ និងអ្នកដែលរស់នៅខេត្តនេះផ្ទាល់តែម្តង។លោក វិបុល បញ្ញាបុត្រ បានបង្ហាញនូវសុទិដ្ឋិនិយមថា “គម្រោងខេបាលីនេះ នឹងក្លាយទៅជាកម្លាំងចលករ ជួយជំរុញដល់វិស័យអចលនទ្រព្យនៅកម្ពុជា និងជាពិសេសសម្រាប់វិស័យអចលនទ្រព្យរបស់ខេត្តកោះកុង”។
វត្ថុបំណងរបស់គម្រោងខេបាលី គឺចង់បង្កើតនូវសហគមន៍មួយ ដែលបូកបញ្ចូលរួមគ្នា នូវសហគមន៍ទេសចរណ៍បែបឯកជន និងជាកន្លែងសម្រាប់រំសាយ បញ្ចេញអស់នូវបញ្ហាពិបាកចិត្ត ឬទុក្ខកង្វល់ ព្រមទាំងបង្កើតឡើងវិញ នូវការសាកថ្មឱ្យជីវិតផងដែរ។
លើសពីនេះទៀត សម្រាប់អ្នកដែលចង់ទៅពិនិត្យ ឬសម្រាកសុខភាពនៅប្រទេសថៃ ពួកគាត់ក៏អាចធ្វើដំណើរមកកាន់ខេត្តកោះកុងផងដែរ ព្រោះខេត្តនេះស្ថិតនៅជាប់ព្រំដែន ខេត្តត្រាតជាមួយប្រទេសថៃ ដោយយើងមិនចាំបាច់ ទិញសំបុត្រយន្តហោះអស់តម្លៃថ្លៃនោះទេ។
សម្រាប់អ្នកដែលចង់សល់ទីធ្លាដីធំ សម្រាប់សាងសង់ផ្ទះដែលខ្លួនពេញចិត្ត គម្រោងរបស់យើង ក៏នឹងផ្តល់ជូនប្លង់ប្រភេទ២០x៣០ម៉ែត្រ និងប្លង់មួយប្រភេទទៀត ដែលមានទទឹង១៥ម៉ែត្រ និងជម្រៅ២៥ម៉ែត្រ ហើយមានទីតាំងជាប់នឹងព្រែកធម្មជាតិទឹកប្រៃ។
គម្រោងខេបាលី ក៏រួមមានការចាក់ផ្លូវបេតុង ផ្លូវក្រាលការ៉ូឡា និងមានរៀបចំតំបន់កំសាន្តនានា ដូចជា ហាងកាហ្វេ ហាងនេសាទផាប់ ផ្សារសហគមន៍ ដើម្បីផ្តល់ឱកាសឱ្យប្រជានេសាទ អាចយកផលិតផលនេសាទរបស់ពួកគាត់ មកលក់ជូនអ្នករស់នៅខេត្តកោះកុង និងភ្ញៀវទេសចរ ដែលអញ្ជើញមកទស្សនាខេត្តនេះផងដែរ។
ជាពិសេស គឺគម្រោងខេបាលីរីស៉ត ដែលបច្ចុប្បន្ន យើងគ្រោងនឹងរៀបចំធ្វើចំនួន១៥យូនីតសិន ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងដើម្បីផ្តល់ជូននូវភាពឯកជន ដល់អតិថិជនផងដែរ។
លោកវិបុល បញ្ញាបុត្របានបន្ថែមថា គម្រោងនេះនឹងត្រូវបានបើកដំណើរការលក់ជាផ្លូវការ នៅពេលឆាប់ៗខាងមុខនេះ ហើយបច្ចុប្បន្ននេះ យើងកំពុងស្ថិតក្នុងដំណាក់កាល Pre-sale ហើយអតិថិជននឹងទទួលបានតម្លៃពិសេស ចាប់ពី៤ម៉ឺនដុល្លារអាមេរិកឡើងទៅ និងអាចទទួលបានរង្វាន់រថយន្តទំនើបមួយគ្រឿងផងដែរ៕