ដោយ: គង់ លាងហួរ
តូក្យូ: យោងតាមការស្ទង់មតិរបស់សារពត៌មាន Reuters បានឱ្យដឹងថាសេដ្ឋកិច្ចរបស់ប្រទេសជប៉ុនអាចនឹងកើនឡើងក្នុងអត្រាប្រចាំឆ្នាំ៣,១ភាគរយនៅត្រីមាសទី២ ដែលជាការកើនឡើងចំនួន៣ត្រីមាសជាប់ៗគ្នា ដោយសារភាពធន់ក្នុងការនាំចេញ ទោះបីជាតម្រូវការពិភពលោកធ្លាក់ចុះយ៉ាងណាក្តី។
ការកើនឡើងនេះគឺស្របតាមកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ២,៧ភាគរយនៅក្នុងត្រីមាសទីមួយ។ ប៉ុន្តែ បើផ្អែកលើមូលដ្ឋានធៀបនឹងត្រីមាស សេដ្ឋកិច្ចជប៉ុនប្រហែលជាកើនឡើងត្រឹមតែ០,៨ភាគរយប៉ុណ្ណោះនៅក្នុងត្រីមាសទី២។
លោក Shinichiro Kobayashi សេដ្ឋវិទូប្រចាំនៅក្រុមហ៊ុន Mitsubishi UFJ Research & Consulting បានមានប្រសាសន៍ថា “ទិន្នន័យនេះនឹងបង្ហាញថាសេដ្ឋកិច្ចរបស់ប្រទេសជប៉ុនកំពុងងើបឡើងវិញក្នុងកម្រិតមធ្យម រួមជាមួយនឹងសន្ទុះនៃការប្រើប្រាស់ និងការចំណាយមូលធន”។






