ដោយ: គង់ លាងហួរ
ប៉េកាំងៈ ក្រុមអ្នករៀបចំផែនការរដ្ឋចិនបានដាក់ចេញវិធានការនានា ក្នុងគោលដៅលើកកម្ពស់ រួមទាំងលើកទឹកចិត្ត និងជំរុញការវិនិយោគឯកជនក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធមួយចំនួន និងពង្រឹងការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់គម្រោងឯកជនផងដែរ។
សេចក្តីប្រកាសចុងក្រោយបំផុតនេះបានធ្វើឡើង ខណៈកាលពីសប្តាហ៍មុនប្រទេសចិនបានប្តេជ្ញាថា ខ្លួននឹងធ្វើឱ្យប្រសើរឡើងនូវវិស័យឯកជន ដោយបានចេញផ្សាយគោលការណ៍ណែនាំដោយបក្សកុម្មុយនិស្ត និងគណៈរដ្ឋមន្ត្រី ។
គណៈកម្មាធិការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិ (NDRC) បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនមានបំណងទាក់ទាញទុនឯកជនបន្ថែមទៀត ដើម្បីចូលរួមក្នុងការសាងសង់គម្រោងសំខាន់ៗរបស់ប្រទេសជាតិ។
NDRC បានអះអាងថា វិស័យជាច្រើនរាប់ចាប់ពីការដឹកជញ្ជូន ទឹក ថាមពលស្អាត ហេដ្ឋារចនាសម្ព័ន្ធថ្មី រហូតដល់ការផលិតកម្រិតខ្ពស់ និងកសិកម្មទំនើប នឹងផ្តល់ឱកាសជូនសម្រាប់អ្នកវិនិយោគឯកជនដើម្បីចូលរួម។






