ដោយ: គង់ លាងហួរ
បាងកក: អ្នកនាំពាក្យរបស់រដ្ឋាភិបាលគឺលោកស្រី Tipanan Sirichana បានមានប្រសាសន៍ថា រដ្ឋាភិបាលថៃកំពុងពន្លឿនការសិក្សាលទ្ធភាពចូលទៅក្នុងផែយានអវកាស (Spaceport) ដើម្បីអាចរកផលចំណេញបានពីឧស្សាហកម្មនានាដែលពាក់ព័ន្ធនឹងលំហអាកាសនេះ។
លោកស្រីបានឱ្យដឹងកាលពីថ្ងៃអាទិត្យម្សិលមិញនេះថា នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា បានចេញបញ្ជាឱ្យក្រុមមន្ត្រីពន្លឿនផែនការនេះ ដើម្បីធ្វើឱ្យប្រទេសថៃអាចទទួលបានអត្ថប្រយោជន៍ពីអាជីវកម្មអវកាស។
ជាក់ស្តែង ទីភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិទ្យាអវកាស និងភូមិសាស្ត្រព័ត៌មានវិទ្យា បានចាប់ផ្តើមធ្វើការសិក្សាអំពីផែនការនេះកាលពីឆ្នាំមុន ហើយត្រូវបានគេរំពឹងថានឹងបញ្ចប់ការស្រាវជ្រាវក្នុងរយៈពេលពីរឆ្នាំខាងមុខ។
លោកស្រី Tipanan បានបញ្ជាក់ថា ការសិក្សាដំបូងបានបង្ហាញថា ប្រទេសថៃមានសក្តានុពលក្នុងការសាងសង់កំពង់ផែអវកាស ដោយសារតែទីតាំងភូមិសាស្រ្តរបស់ខ្លួននៅជិតខ្សែអេក្វាទ័រ ដែលនឹងជួយដល់ការបាញ់បង្ហោះរ៉ុក្កែត។







