ប្រទេសចិនធ្លាក់ចូលទៅក្នុងវិបត្តិបរិត្តផរណា ខណៈតម្លៃទំនិញប្រើប្រាស់ធ្លាក់ចុះជាលើកដំបូងមិនធ្លាប់មាន

0

ដោយ: គង់ លាងហួរ
ប៉េកាំង: ប្រទេសចិនបានធ្លាក់ចូលទៅក្នុងវិបត្តិបរិត្តផរណាដោយតម្លៃទំនិញប្រើប្រាស់បានធ្លាក់ចុះជាលើកដំបូង មិនធ្លាប់មានក្នុងរយៈពេលជាងពីរឆ្នាំ ដែលនេះជាសញ្ញាមួយទៀតបង្ហាញពីការធ្លាក់ចុះនៃតម្រូវការ។
បរិត្តផរណា គឺជាពាក្យផ្ទុយទៅនឹងអតិផរណា ដែលមានន័យថាតម្លៃទំនិញនិងសេវាចុះថោក។

យោងតាមទិន្នន័យបានបង្ហាញកាលពីថ្ងៃពុធថា តម្លៃទំនិញប្រើប្រាស់របស់ប្រទេសចិនបានធ្លាក់ចុះនៅក្នុងខែកក្កដាជាលើកដំបូងគិតចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២១ ខណៈការថយចុះនៃតម្រូវការធ្វើឱ្យសេដ្ឋកិច្ចជួបបញ្ហា។នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន Reuters កាលពីថ្ងៃពុធ ទី៩ ខែសីហា ឆ្នាំ២០២៣កន្លងមកនេះ។

ការិយាល័យស្ថិតិជាតិ (NBS) បានរាយការណ៍ថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) សម្រាប់ខែកក្កដាបានធ្លាក់ចុះ០,៣ភាគរយ បើធៀបនឹងឆ្នាំ ដែលជាល្បឿនយឺតជាងការប៉ាន់ស្មានជាមធ្យមសម្រាប់ការថយចុះ០,៤ភាគរយនៅក្នុងការស្ទង់មតិរបស់សារពត៌មាន Reuters។សន្ទស្សន៍តម្លៃអ្នកផលិត (PPI) បានធ្លាក់ចុះក្នុងរយៈពេល១០ខែជាប់ៗគ្នា ក្នុងរង្វង់៤,៤ភាគរយធៀបនឹងឆ្នាំមុន បន្ទាប់ពីធ្លាក់ចុះ៥,៤ភាគរយកាលពីខែមិថុនា ដែលខុសពីការព្យាករថានឹងធ្លាក់ចុះក្នុងរង្វង់៤,១ភាគរយ។

ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសចិនបានថយចុះ បន្ទាប់ពីការចាប់ផ្តើមកម្រើកយ៉ាងឆាប់រហ័សនៅក្នុងត្រីមាសទី១ ដោយសារតម្រូវការក្នុងប្រទេស និងក្រៅប្រទេសដាំក្បាលចុះ។ដើម្បីឆ្លើយតបនឹងបញ្ហានេះ អាជ្ញាធរចិនបានដាក់ចេញនូវវិធានការគោលនយោបាយជាច្រើន ដើម្បីទ្រទ្រង់ដល់សេដ្ឋកិច្ច ដោយមានការរំពឹង ទុកថាអាជ្ញាធរចិននឹងដាក់ចេញជំហានបន្ថែមទៀត ៕

LEAVE A REPLY

Please enter your comment!
Please enter your name here