សមាគមឧកញ៉ានឹងបើកកិច្ចពិភាក្សាជាមួយCDCដើម្បីលើកពីបរិយាកាសពាណិជ្ជកម្មនិងការវិនិយោគនៅកម្ពុជា

0

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ សមាគម​ឧកញ៉ា​កម្ពុជា និង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា នឹង​រៀបចំ​វេទិកា​ធុរកិច្ច​កម្ពុជា​ឆ្នាំ​២០២៣ និង​ពិធី​ពិសាអាហារ​សាមគ្គី ​ដើម្បី​ពិភាក្សា​អំពី​បច្ចុប្បន្នភាព​នៃ​បរិយាកាស ពាណិជ្ជកម្ម និង​ការវិនិ​យោគ​នៅ​កម្ពុជា ដោយ​ផ្ដោតលើ​បញ្ហា​ប្រឈម និង​ឱកាស​ជាពិសេស​លើ​វិស័យ​សំខាន់ៗ​។​

លោកឧកញ៉ាហ៊ុន ឡាក់ អ្នកនាំពាក្យ​សមាគម​ឧកញ៉ា​កម្ពុជា បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​៩ ខែសីហា ថា សមាគម​នឹង​រៀបចំ​វេទិកា​ធុរកិច្ច​កម្ពុជា ​ឆ្នាំ​២០២៣ និង​ពិធី​ពិសា​អាហារ​សាមគ្គី ដែល​នឹង​រៀបចំឡើង​នៅ​សណ្ឋាគារ ហ្គា​ឌិន​ស៊ី​ធី ក្រោម​កិច្ចសហការ​ជាមួយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​នៅថ្ងៃទី១១ សីហាខាងមុខ។​

លោកបន្តថា “វេទិកា​នេះ​ នឹងមាន​ការអញ្ជើញ​ចូលរួម​ជា​កិត្តិ​យស​ដោយ​លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​អនុព័ន្ធពាណិជ្ជកម្ម​នៃ​ស្ថាន​តំណាង​បរទេស​នានា ប្រចាំ​នៅ​កម្ពុជា​ផងដែរ”​។​លោកឧកញ៉ាហ៊ុន ឡាក់​បាន​បន្ថែមថា វេទិកា​នេះ​ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង ដើម្បី​ពិភាក្សា​អំពី​បច្ចុប្បន្នភាព ​នៃ​បរិយាកាស ពាណិជ្ជកម្ម និង​ការវិនិយោគ​នៅ​កម្ពុជា ដោយ​ផ្ដោតលើ​បញ្ហា​ប្រឈម និង​ឱកាស​ជាពិសេស​លើ​វិស័យ​សំខាន់ៗ មួយចំនួន​ដូចជា​ វិស័យ​កសិកម្ម វិស័យ​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច វិស័យ​កម្មន្តសាល និង​ភស្តុភា​រកម្ម វិស័យ​សំណង់ និង​អចលនទ្រព្យ ព្រមទាំង​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម​អន្តរជាតិ​ផងដែរ​។​

លោកហ៊ុន ឡាក់ បានបញ្ជាក់​ថា​ ​វេទិកា​នេះ ក៏​ជា​ឱកាស​បង្កើត​ទំនាក់ទំនង​កាន់តែ​ទូលំទូលាយ និង​ពិភាក្សាគ្នា​លើ​ឱកាស​វិនិយោគ​សក្តានុពល​ផ្សេងៗ​ផងដែរ​។ ​ជាពិសេស យើង​នឹង​លើកយក​បញ្ហាសំខាន់ៗ ​ដែល​វិស័យ​ឯកជន​បាន និងកំពុង​ជួបប្រទះ​យកមក​ពិភាក្សាគ្នា ស្វែងរក​ដំណោះស្រាយ ប្រយោជន៍​ដើម្បី​ភាព​រីកចម្រើន​នៃ​វិស័យ​ឯកជន​របស់​យើងទាំងអស់គ្នា​។​

​ប្រធាន​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា លោកជំទាវឧកញ៉ាកែវ មុំ បាន​ប្រាប់ឱ្យដឹងផង​ដែរ​ថា ការរៀបចំ​វេទិកា​ធុរកិច្ច​កម្ពុជា​ឆ្នាំ​២០២៣​នេះ នឹង​ក្លាយជា​វេទិកា​ដ៏​មាន​សារៈសំខាន់​ណាស់ សម្រាប់​អ្នក​ធុរកិច្ច​ទាំង​ក្នុង​និង​ក្រៅប្រទេស ដើម្បី​លើកឡើង​ពី​បញ្ហា​ប្រឈម​នានា ដែល​វិស័យ​នីមួយៗ ​បាននិងកំពុង​ជួបប្រទះ ជាពិសេស​វិស័យ ​SME​។​

លោកស្រី​បាន​ថ្លែងថា​ “យើង​នឹង​ប្រើ​វេទិកា​នេះ ដើម្បី​ពិភាក្សា​ជាមួយ​អ្នកពាក់ព័ន្ធ មិន​ថា​នៅក្នុង​វិស័យ​ឯកជន​ដូចគ្នា ឬក៏​ខាង​រដ្ឋាភិបាល​នោះទេ ដើម្បី​រក​ដំណោះស្រាយ​ជាមួយគ្នា ​លើ​បញ្ហា​ប្រឈម​ដែល​បាននិងកំពុង​កើតមាន​នាពេល​បច្ចុប្បន្ន​ផងដែរ​”​។​

សមាគម​ឧកញ៉ា​កម្ពុជា ត្រូវបាន​ដឹកនាំ និង​តម្រង់ទិស​ដោយ​សមាជិក​ក្រុមប្រឹក្សាភិបាល​ចំនួន​៣២​រូប ដែលមាន​អាណត្តិ​៥​ឆ្នាំ ហើ​យ​ការងារ​ប្រចាំថ្ងៃ​ត្រូវបាន​អនុវត្ត ដោយ​អគ្គលេខាធិការដ្ឋាន ក្រោម​ការដឹកនាំ​របស់​អគ្គលេខាធិការ​១រូប​។ សមាគម​នេះ មាន​ទស្សនវិស័យ ក្នុងការ​រក្សា​និង​លើកកម្ពស់​ ឧត្តមភាព​នៃ​គោរមងារ​ឧកញ៉ា​ ក្នុងការ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ​ដើម្បីអភិវឌ្ឍសង្គម និង​សេដ្ឋកិច្ចកម្ពុជា​ ឱ្យ​កាន់តែ​រីកចម្រើន​ថែមទៀត​៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here