ដោយៈ គង់ សូរិយា
ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតឧទ្យានជាតិជួរភ្នំក្រវាញ មានផ្ទៃដីទំហំសរុប៩២៦,១២៣ហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ និងខេត្តបាត់ដំបង។គោលបំណងនៃការបង្កើតឧទ្យានជាតិដថ្មីនេះ មានគោលដៅដើម្បីថែរក្សា ការពារសោភណភាពធម្មជាតិ និងទេសភាព ប្រព័ន្ធអេកូឡូស៊ី និងជីវចម្រុះ ការសិក្សាស្រាវជ្រាវ និងការកម្សាន្ត។
យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ដែលបាននៅថ្ងៃទី ៩ ខែសីហានេះ បានឱ្យដឹងថា ផ្ទៃដីឧទ្យានជាតិជួរភ្នំក្រវាញនេះ បានមកពីការបូកបញ្ចូលគ្នានៃ ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ដែលមានផ្ទៃដីទំហំ៤១០,៣៩២ហិកតា។ ឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល ដែលមានផ្ទៃដីទំហំ៤០១,៣១៣ហិកតា របៀងអភិរក្សជីវចម្រុះជួរភ្នំក្រវាញ ដែលមានផ្ទៃដីទំហំ១១៤,៤១៨ហិកតា។
យោងតាមរយៈអនុក្រឹត្យចុះថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៣ ស្តីពីការបង្កើតឧទ្យានជាតិជួរភ្នំក្រវាញ បានបង្ហាញថា រាជរដ្ឋាភិបាលបាននិរាករណ៍ អនុក្រឹត្យ ស្តីពីការបង្កើតតំបន់ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល អនុក្រឹត្យស្តីពីការបង្កើតឧទ្យានជាតិ ជួរភ្នំក្រវាញខាងត្បូង អនុក្រឹត្យស្តីពី ការបង្កើតរបៀងអភិរក្សជីវចម្រុះ ប្រព័ន្ធតំបន់ការពារធម្មជាតិ ព្រមទាំងបទប្បញ្ញត្តិទាំងឡាយណា ដែលផ្ទុយនឹងអនុក្រឹត្យថ្មីនេះក៏ត្រូវនិរាករណ៍ផងដែរ។
អនុក្រឹត្យនេះបញ្ជាក់ថា “ការបង្កើតឧទ្យានជាតិជួរភ្នំក្រវាញ នេះរាជរដ្ឋាភិបាលមានបំណង លើកកម្ពស់តួនាទី សក្ដានុពល និងកិត្យានុភាពនៃប្រព័ន្ធអេកូឡូស៊ី ឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍ដោយចីរភាព”។
អនុក្រិតដដែលបានបញ្ជាក់ថា ការបង្កើតឧទ្យានជាតិនេះ ក៏ដើម្បីរក្សាលំនឹងបរិស្ថាន និងរួមចំណែកកាត់បន្ថយ ការប្រែប្រួលអាកាសធាតុ និងហានិភ័យគ្រោះមហន្តរាយធម្មជាតិ។ផ្តល់ផលិតផល និងសេវាកម្មធម្មជាតិ សម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព។
ជំរុញ និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងសហគមន៍មូលដ្ឋាន ដើម្បីរួមចំណែកក្នុងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវចម្រុះ ការការពារធនធានធម្មជាតិ និងការរស់នៅដោយចីរភាព។ ពិសេស លើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជា សាធារណជន ក្នុងការចូលរួមចំណែកដល់ការគ្រប់គ្រង ការការពារ និងការអភិរក្សជីវចម្រុះ និងធនធានធម្មជាតិក្នុងតំបន់។
ក្នុងអនុក្រឹត្យនេះបញ្ជាក់ទៀតថា ក្រសួងបរិស្ថានមានសមត្ថកិច្ចរៀបចំ កែប្រែ និងគ្រប់គ្រងតំបន់ឧទ្យានជាតិជួរភ្នំក្រវាញ ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តកោះកុង រដ្ឋបាលខេត្តពោធិ៍សាត់ រដ្ឋបាលខេត្តកំពង់ស្ពឺ រដ្ឋបាលខេត្តព្រះសីហនុ និងរដ្ឋបាលខេត្តបាត់ដំបង ដើម្បីធានាដល់ការគ្រប់គ្រងបរិស្ថាន ការអភិរក្សជីវចម្រុះ ការប្រើប្រាស់ ធនធានធម្មជាតិប្រកបដោយនិរន្តរភាព។
អភិបាលខេត្តពោធិ៍សាត់ លោកខូយ រីដាបានឱ្យដឹងនៅថ្ងៃទី៩ ខែសីហាថា ការបង្កើតឧទ្យានជាតិថ្មី ឬចាស់សុទ្ធតែមានបំណងថែររក្សាការពារធនធានធម្មជាតិ។លោកបញ្ជាក់ថា “តំបន់ឧទ្យានជាតិ ដែលទើបរួមបញ្ជូលបង្កើតថ្មីនេះ មិនមែនសម្រាប់តែ ១ ជំនាន់ថ្មីនេះទេ គឺសម្រាប់គ្រប់ជំនាន់តកូនតចៅ ហេតុនេះត្រូវតែថែទាំការពារ ដើម្បីនិរន្តរភាពការគ្រប់គ្រងធនធានធម្មជាតិ”៕