អភិបាលខេត្តកំពង់ចាម គ្រោងអភិវឌ្ឍន៍តំបន់ទន្លេអុំឲ្យក្លាយជាតំបន់ទេសចរណ៍ក្នុងឆ្នាំ២០២៤

0

ដោយៈ ហ្វីអូណា

        កំពង់ចាមៈ អភិបាលខេត្តកំពង់ចាម លោកអ៊ុន ចាន់ដា រៀបចំផែនការអភិវឌ្ឍន៍តំបន់ទន្លេអុំ ក្បែរវិមានឯករាជ្យ ក្នុងក្រុងកំពង់ចាម ឱ្យក្លាយជាតំបន់ទេសចរណ៍មួយនៅក្នុងឆ្នាំ ២០២៤ ខាងមុខនេះ។លោកអភិបាលខេត្ត បានលើកឡើងដូច្នេះ នៅព្រឹកថ្ងៃទី ១០ ខែសីហាឆ្នាំ២០២៣នេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម ។

លោកអ៊ុន ចាន់ដា បានបញ្ជាក់ថា ក្នុងឆ្នាំ ២០២៤ ខាងមុខនេះ រដ្ឋបាលខេត្តកំពង់ចាម មានផែនការអភិវឌ្ឍន៍ច្រើន ជាពិសេសគឺតំបន់ទន្លេអុំ ក្នុងក្រុងកំពង់ចាម ដែលត្រូវជំរុញអភិវឌ្ឍន៍តំបន់នេះឲ្យមានសោភ័ណភាពស្រស់បំព្រង ដោយរៀបចំធ្វើសួនច្បារ និងពង្រីកផ្លូវ ទទឹងប្រវែង២ម៉ែត្រសងខាង ចាប់ពីរង្វង់មូលសេះ រហូតដល់វិមានឯករាជ្យ និងរៀបចំដាំដើមឈើឡើងវិញ និងដាក់ភ្លើងបំភ្លឺតាមដងផ្លូវផងដែរ ។លោកបានឲ្យដឹងទៀតថា ចំណែកឯក្នុងតំបន់ទន្លេអុំ យ៉ាងហោចត្រូវមានទឹកជម្រៅ៣ម៉ែត្រ ដែលអាចប្រើទូកអុំបាន និងត្រូវរៀប​ចំធ្វើទំនប់បង្ហៀរ ចំណែកឯច្រាំងទន្លេអុំ ធ្វើជាបេតុង តាមថ្នាក់ៗ ដែលអាចអង្គុយកម្សាន្តបានដែរ។

លោកអភិបាលខេត្ត បានរំលឹកផងដែរថា បច្ចុប្បន្នផ្លូវចូលទីរួមខេត្ត ពីនាគព័ន្ធមានទំហំតូចចង្អៀត ។ ប៉ុន្តែយ៉ាងណាក៏ដោយ រដ្ឋបាលខេត្តប្ដេជ្ញាអភិវឌ្ឍន៍តំបន់នេះ ឲ្យមានផ្លូវចូលធំទូលាយ ប្រកបដោ​យសោភ័ណភាព តាមដងផ្លូវ និងតំបន់ទន្លេអុំ ឲ្យកាន់តែមានការទាក់ទាញដល់ភ្ញៀវទេសចរណ៍ សម្រាប់ឆ្នាំ២០២៤ខាងមុខនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here