ដោយៈ តែម សុខុម
ប៉េកាំងៈ ក្រុមប្រឹក្សារដ្ឋនៃប្រទេសចិន កាលពីថ្ងៃអាទិត្យ ទី១៣ សីហាបានដាក់ចេញ គោលការណ៍ណែនាំនានា ដែលខ្លួននិយាយថានឹងធ្វើឱ្យកាន់តែប្រសើរបន្ថែមទៀត នូវបរិយាកាសវិនិយោគបរទេសក្នុងប្រទេសចិន និងទាក់ទាញការវិនិយោគបរទេសកាន់តែច្រើន។
ក្រុមប្រឹក្សារដ្ឋចិន បានលើកឡើងតាមរយៈឯកសារមួយ ដែលមានគោលការណ៍ណែនាំ២៤ចំណុចថា អាជ្ញាធរត្រូវតែបង្កើនការការពារសិទ្ធិ និងផលប្រយោជន៍របស់អ្នកវិនិយោគបរទេស រួមទាំងការពង្រឹងការអនុវត្តកម្មសិទ្ធិបញ្ញាផងដែរ។
ឯកសារនេះក៏បានប្រកាស ពីគោលការណ៍ណែនាំនានា ដើម្បីបង្កើនការគាំទ្រផ្នែកសារពើពន្ធ និងការលើកទឹកចិត្តផ្នែកពន្ធសម្រាប់សហគ្រាសវិនិយោគបរទេស ដូចជាការលើកលែងជាបណ្ដោះអាសន្ននូវពន្ធលើប្រាក់ចំណូល សម្រាប់អ្នកវិនិយោគបរទេស ដែលបង្វែរប្រាក់ចំណេញរបស់ពួកគេ យកមកវិនិយោគឡើងវិញ នៅក្នុងប្រទេសចិនជាដើម។






