ត្រៀមដាក់សម្ពោធមហាវិថីសំរោង សរសៃឈាមថ្មីតភ្ជាប់ផ្លូវជាតិលេខ5 ទៅផ្លូវក្រវាត់ក្រុងទី3 នៅថ្ងៃចន្ទ ទី21ខាងមុខនេះ

0

      ភ្នំពេញ៖ មហាវិថីមួយខ្សែប្រវែងប្រមាណ 5.2គីឡូម៉ែត្រ និងទទឹង 30ម៉ែត្រ ត្រូវបានស្ថាបនារួចរាល់នៅជាប់នឹងបុរីភូមិសំរោង នៃខណ្ឌព្រែកព្នៅ ស្ថិតក្នុងភាគខាងជើងរាជធានីភ្នំពេញ។ ផ្លូវមួយខ្សែនេះតភ្ជាប់ពីផ្លូវជាតិលេខ5 ទៅដល់ផ្លូវលេខ 130 អមដោយប្រព័ន្ធលូ ភ្លើងបំភ្លឺផ្លូវ នឹងការលម្អផ្សេងៗរួមជាមួយនឹងអត្ថប្រយោជន៍នៃការធ្វើដំណើរជាច្រើន។ សាធារណជននឹងអាចធ្វើដំណើរតាមផ្លូវកាត់នេះពីសាលាខណ្ឌព្រែកព្នៅទៅផ្លូវកប់ស្រូវ ឬ ផ្សារទំនើប Aeon 2 នៅតំបន់សែនសុខ និង ជិះពីAeon 2 ឬតំបន់សែនសុខ ទៅផ្លូវជាតិលេខ5វិញនៅត្រង់បុរីភូមិសំរោង បានយ៉ាងឆាប់រហ័សនិងមិនមានការកកស្ទះឡើយ។

     លក្ខណៈបច្ចេកទេសនៃផ្លូវនេះត្រូវបានឆ្លងកាត់ស្តង់ដាយ៉ាងយកចិត្តទុកដាក់បំផុតពីក្រុមវិស្វករជំនាញ ដោយប្រើប្រាស់បេតុងអាមេ 3ស្រទាប់ កម្រាស់សរុប 8.2តឹក ដើម្បីធានាបាននូវភាពរឹងមាំ គង់វង្សតរៀងទៅ។

តាមប្រភពព័ត៌មានច្បាស់ការណ៍បានឱ្យដឹងថាមហាវិថីសំរោង នឹងត្រូវដាក់សម្ពោធប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី21 ខែសីហា ឆ្នាំ 2023 ខាងមុខ ក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាល នៃគណអភិបាលរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នៅទីតាំងក្នុងបុរីភូមិសំរោងផ្ទាល់តែម្ដង។

មហាវិថីសំរោង នឹងជួយសម្រួលដល់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសការធ្វើដំណើរចេញពីផ្លូវជាតិលេខ5 រួមទាំងភ្ជាប់ការធ្វើដំណើរទៅកាន់ផ្លូវក្រវាត់ក្រុងទី3 និងផ្លូវល្បឿនលឿនទៅក្រុងព្រះសីហនុបានយ៉ាងឆាប់រហ័សជាទីបំផុត។ តាមរយៈស្នាដៃដែលសម្រេចបាននេះ ក្រុមអ្នកអភិវឌ្ឍបុរីភូមិសំរោង សង្ឃឹម និងជឿជាក់យ៉ាងមានសុទិដ្ឋិនិយមថាមហាវិថីសំរោងនេះ នឹងក្លាយជាសមិទ្ធផលមួយមិនអាចខ្វះបានក្នុងគោលដៅនៃការអភិវឌ្ឍភាគខាងជើងនៃរាជធានីភ្នំពេញប្រកបដោយនិរន្តរភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here