ដោយៈ ម៉ាលីនណា
អន្តរជាតិៈ វាជាដំណឹងដ៏គួរឲ្យក្រៀមក្រំមួយ បន្ទាប់ពីធនាគារអភិវឌ្ឍន៍អាស៊ីបានបញ្ចេញរបាយការណ៍មួយ ដោយបង្ហាញថា មនុស្សជិត៧០លាននាក់ បានធ្លាក់ខ្លួនក្នុងភាពក្រីក្រខ្លាំង ដោយសារជំងឺរាតត្បាតកូវីដ១៩ និងការកើនឡើងថ្លៃរស់នៅ។
វិបត្តិនេះ បានកើតមានឡើង នៅក្នុងបណ្តាប្រទេសអាស៊ីកំពុងអភិវឌ្ឍន៍កាលពីឆ្នាំមុន ដោយធ្វើឱ្យប៉ះពាល់ ដល់កិច្ចខិតខំប្រឹងប្រែងដើម្បីលុបបំបាត់ភាពក្រីក្រ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ឆ្នាំ២០២៣។
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាននិយាយនៅក្នុងរបាយការថ្មីមួយ ដែលចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រជាជនប្រមាណ ១៥៥.២លាននាក់ នៅក្នុងប្រទេសអាស៊ីកំពុងអភិវឌ្ឍន៍ ឬស្មើនឹង ៣.៩ ភាគរយ នៃចំនួនប្រជាជនសរុបក្នុងតំបន់ បានរស់នៅក្នុងភាពក្រីក្រខ្លាំងកាលពីឆ្នាំ២០២២ ដោយបានកើនឡើងចំនួន៦៧.៨លាននាក់។
ប្រទេសអាស៊ីកំពុងអភិវឌ្ឍន៍មានចំនួន៤៦ ប្រទេសនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយមិនរាប់បញ្ចូលប្រទេសជប៉ុន អូស្ត្រាលី និងនូវែលសេឡង់ទេ។
លោក Albert Parker ប្រធានសេដ្ឋវិទូរបស់ ADB បាននិយាយថា តំបន់អាស៊ីប៉ាស៊ីហ្វិក កំពុងងើបឡើងវិញពីជំងឺរាតត្បាតកូវីដ-១៩ ប៉ុន្តែការកើនឡើងថ្លៃ រស់នៅធ្វើឱ្យខូចដល់វឌ្ឍនភាព ក្នុងការលុបបំបាត់ភាពក្រីក្រ។
ភាពក្រីក្រខ្លាំងត្រូវបានកំណត់ថា ជាការរស់នៅដែលមានប្រាក់ចំណូលតិចជាង២.១៥ដុល្លារអាមេរិកក្នុងមួយថ្ងៃ ដោយផ្អែកលើទិន្នន័យឆ្នាំ២០១៧។
ការកើនឡើងថ្លៃរស់នៅ បានប៉ះពាល់ដល់មនុស្សគ្រប់រូប ប៉ុន្តែអ្នកក្ររងគ្រោះខ្លាំងជាងគេ ដោយសារពួកគេត្រូវចំណាយលើអាហារ និងប្រេងឥន្ធនៈកាន់តែច្រើន ដែលធ្វើឱ្យវាកាន់តែពិបាក សម្រាប់ពួកគេ ក្នុងការសន្សំ និងចំណាយសម្រាប់សម្ភារៈសំខាន់ៗ ដូចជា ការថែរទាំសុខភាព និងការអប់រំជាដើម៕






