ក្រុមហ៊ុនQatar Airways គ្រោងបើកជើងហោះហើរត្រង់មកកាន់ រាជធានីភ្នំពេញឡើងវិញ នៅចុងខែតុលាខាងមុខ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុនQatar Airways បានសម្រេចបើកជើងហោះហើរពីទីក្រុងដូហា ប្រទេសកាតា មកកាន់រាជធានីភ្នំពេញឡើងវិញ ដោយចាប់ផ្តើមពីថ្ងៃទី២៩ ខែតុលាឆាប់ៗខាងមុខនេះ បន្ទាប់ពីបានផ្អាកការហោះហើរត្រង់ រវាងប្រទេសទាំងពីរ កាលពីខែមេសា ឆ្នាំ២០២០។

នេះបើយោងតាមសារពត៌មានឡាវ Laotian Times ចុះផ្សាយនៅថ្ងៃអង្គារ ទី៥ ខែសីហា ឆ្នាំ២០២៣នេះ។

ជាមួយគ្នានោះ ឧស្សាហកម្មអាកាសចរណ៍ ដែលកំពុងអភិវឌ្ឍរបស់កម្ពុជា គឺជាសញ្ញាល្អមួយ ដែលបង្ហាញថាសេដ្ឋកិច្ចក្នុងតំបន់កំពុងចាប់ផ្តើមស្ទុះងើបឡើងវិញ តាមរយៈវិស័យទេសចរណ៍អន្តរជាតិ។

ស្រដៀងគ្នានេះដែរ ខណៈកម្ពុជាខិតកាន់តែ ជិតដល់ការបញ្ចប់កិច្ចចចារលើព្រមព្រៀងពាណិជ្ជកម្ម សេរីទ្វេរភាគីជាមួយឥណ្ឌា ដែលជាប្រទេសមានប្រជាជនជាង១៤០០លាននាក់។ ដូច្នេះ ការបើកដាក់ឱ្យប្រើប្រាស់ផ្លូវហោះហើរត្រង់ រវាងប្រទេសឥណ្ឌា និងកម្ពុជាក៏អាចចាប់ផ្តើមនៅដើមឆ្នាំក្រោយនេះផងដែរ។

ម្យ៉ាងទៀត កាលពីពេលថ្មីៗនេះ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា (SSCA) បានស្នើសុំក្រុមហ៊ុនអាកាសចរណ៍ជប៉ុន All Nippon Airways (ANA) ពិចារណាលើការចាប់ផ្ដើមជើងហោះហើរត្រង់រវាងប្រទេសទាំងពីរឡើងវិញ។

លោក វណ្ណ ចន្ធី ប្រធាន​នាយកដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវ​អាកាស​នៃ​រដ្ឋ​លេខាធិការ​អាកាសចរ​ស៊ីវិល​កម្ពុជា បាន​មាន​ប្រសាសន៍​ថា “វិស័យ​ដឹក​ជញ្ជូន​របស់​ប្រទេស​កម្ពុជា ​កំពុង​ស្ទុះ​ងើប​ឡើង​វិញ​ជា​បណ្តើរៗ ដូច្នេះ​វា​ជា​ពេល​វេលា​ដ៏​ល្អ ​ក្នុង​ការ​ស្នើ​បើកការ​ហោះ​ហើរ​ឡើង​វិញជាមួយក្រុមហ៊ុន ANA”។

លោកបានបន្ថែមថា “យើង​ក៏​ចង់​ដឹង​ដែរ​ថា​ តើ​មានកត្តា​អ្វី​ខ្លះ​ដែល​រារាំង ​ការ​សម្រេច​ចិត្ត​របស់​ក្រុមហ៊ុន​ ANA ក្នុង​ការ​មិន​បើកជើង​ហោះ​ហើរមកកាន់កម្ពុជាឡើងវិញនៅពេលនេះ”។

យ៉ាង​ណា​មិញ ខណៈ​កំពុង​រង់ចាំ​សេចក្តីបញ្ជាក់​ចុង​ក្រោយ​ លើ​ជើង​ហោះ​ហើរ​ត្រង់​រវាងកម្ពុជា-ជប៉ុន ឧស្សាហកម្ម​អាកាសចរណ៍​របស់​កម្ពុជា ក៏កំពុង​ត្រៀម​ខ្លួន​សម្រាប់​ទទួល លំហូរ​ភ្ញៀវ​ទេសចរ​មក​ពី​បណ្តាប្រទេស​ផ្សេង​ទៀត ​នៅលើពិភពលោកផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here