ក្រុមហ៊ុនលំដាប់យក្សអាមេរិក Apple ខាតបង់ប្រាក់អស់២០០ពាន់លានដុល្លារអាមេរិក ត្រឹមពេល២ថ្ងៃ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ភាគហ៊ុនរបស់ក្រុមហ៊ុនលំដាប់់យក្សអាមេរិក Apple បានធ្លាក់ថ្លៃយ៉ាងគំហុក បន្ទាប់ពីមានរបាយការណ៍មួយចេញផ្សាយថា ប្រទេសចិនគ្រោងហាមមិនឱ្យមន្ត្រីរដ្ឋាបាលរបស់ខ្លួនប្រើប្រាស់ទូរសព្ទ Iphone ដើម្បីបំពេញការងារ។

បន្ទាប់ពីចេញផ្សាយដំណឹងនេះរួចមក គេសង្កេតឃើញថា ត្រឹម តែរយៈពេល២ថ្ងៃប៉ុណ្ណោះ វាបាន បណ្តាល ឱ្យ ភាគ ហ៊ុន របស់ ក្រុមហ៊ុន Apple ធ្លាក់ថ្លៃ២,៩% ឬគិតជាទឹកប្រាក់ប្រមាណ២០០ពាន់លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី៧ ខែកញ្ញា។

ទាក់ទិននឹងរឿងនេះដែរ អ្នកវិនិយោគកំពុងសម្តែងការព្រួយបារម្មណ៍ចំពោះសមត្ថភាពរបស់ក្រុមហ៊ុន Apple ក្នុងការធ្វើអាជីវកម្មនៅក្នុងប្រទេសចិន ដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតលំដាប់ទី២នៅលើពិភពលោក បន្ទាបពីសហរដ្ឋអាមេរិក។ ប្រទេសចិនគឺជាទីផ្សារបរទេសដ៏ធំបំផុតសម្រាប់លក់ផលិតផលរបស់ក្រុមហ៊ុន Apple ហើយប្រាក់ចំណូលពីការលក់នៅប្រទេសចិនតំណាងឱ្យប្រហែលមួយភាគប្រាំនៃប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុនខ្នាតយក្សមួយនេះកាលពីឆ្នាំមុន។

ក្រុមអ្នកវិភាគនៅក្រុមហ៊ុនស្រាវជ្រាវ TechInsights បានប៉ាន់ប្រមាណថា ការលក់ទូរសព្ទ iPhone នៅក្នុងប្រទេសចិន មានបរិមាណច្រើនជាងនៅសហរដ្ឋអាមេរិកទៅទៀត កាលពីត្រីមាសមុន។  ជាមួយគ្នានេះ ក្រុមហ៊ុន Apple ក៏ផលិតទូរស័ព្ទiPhone ភាគច្រើនរបស់ខ្លួនក្នុងរោងចក្រនៅប្រទេសចិន ផងដែរ។

លោក Brandon Nispel អ្នកវិភាគនៅក្រុមហ៊ុន KeyBanc Capital បានសរសេរក្នុងកំណត់ត្រាថា ក្រុមហ៊ុន Apple ក៏ដើរតួនាទីយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសចិនផងដែរ។លោកបានបន្តថា “ដោយសារតែតួនាទីដ៏សំខាន់នោះហើយ ទើបក្រុមហ៊ុន Apple ត្រូវបានគេចាត់ទុកជា ក្រុមហ៊ុនមួយដ៏មានសុវត្ថិភាពពីការរឹតបន្តឹងរបស់រដ្ឋាភិបាលចិន”។

ទោះបីជាយ៉ាងនេះក្តី លោក Brandon បានសរសេរបន្ថែមថា “ដំណឹងថ្មីៗនេះចំពោះការហាមឃាត់មិនឱ្យមន្ត្រីរដ្ឋាភិបាលប្រើប្រាស់ទូរសព្ទ Iphone បានស្តែងឱ្យឃើញនូវសំណួរដ៏សំខាន់មួយថា តើរដ្ឋាភិបាលចិនកំពុងផ្លាស់ប្តូរជំហររបស់ខ្លួនមែនឬ?”៕

LEAVE A REPLY

Please enter your comment!
Please enter your name here