ក្រុមសម្ព័ន្ធមិត្តG20ប្រកាសបង្កើតគម្រោងផ្លូវដែក និងកំពង់ផែ ដើម្បីតភ្ជាប់ឥណ្ឌាទៅកាន់តំបន់មជ្ឈិមបូព៌ា និងអឺរ៉ុប

0

ដោយ: គង់ លាងហួរ

ញូវដែលីៈ ក្រុមមេដឹកនាំធំៗនៅលើពិភពលោក បានប្រកាសអំពីកិច្ចព្រមព្រៀងផ្លូវដែក និងកំពង់ផែពហុជាតិ ដើម្បីតភ្ជាប់តំបន់មជ្ឈិមបូព៌ា និងតំបន់អាស៊ីខាងត្បូងកាលពីថ្ងៃសៅរ៍ នៅខាងក្រៅកិច្ចប្រជុំកំពូលG20 ដែលរៀបចំឡើងនៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា។

កតិកាសញ្ញានេះប្រកាសឡើងចំពេលដ៏សំខាន់មួយ ខណៈប្រធានាធិបតីអាមេរិកលោក ចូ បៃដិន កំពុងខិតខំទប់ទល់នឹងគម្រោងខ្សែក្រវាត់ និងផ្លូវរបស់ប្រទេសចិន ដោយកិច្ចព្រមព្រៀងនេះអាចធ្វើឱ្យទីក្រុងវ៉ាស៊ីនតោន ក្លាយជាដៃគូជំនួស និងក្លាយជាអ្នកវិនិយោគសម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍។

លោក ចូ បៃដិន បានមានប្រសាសន៍ថា “វាគឺជាកិច្ចព្រមព្រៀងដ៏ធំមួយ ដែលនឹងតភ្ជាប់កំពង់ផែឆ្លងកាត់ទ្វីបទាំងពីរ ហើយនឹងនាំឱ្យតំបន់មជ្ឈិមបូព៌ាកាន់តែមានស្ថិរភាព មានវិបុលភាពជាងមុន និងកាន់ តែរួមបញ្ចូលគ្នា”។ លោក បៃដិន បានថ្លែងនៅក្នុងព្រឹត្តិការណ៍មួយ ដោយប្រកាសអំពីកតិកាសញ្ញានេះថា “វានឹងបើកឱកាសដែលគ្មានទីបញ្ចប់ សម្រាប់ថាមពលស្អាត អគ្គិសនីស្អាត និងបណ្តាញខ្សែកាបដើម្បីតភ្ជាប់សហគមន៍”។លោក​នាយក​រដ្ឋមន្ត្រីឥណ្ឌា Narendra Modi ដែល​ជា​ម្ចាស់​ផ្ទះ​នៃជំនួប​កំពូល​ G20 បានមានប្រសាសន៍ថា “នៅថ្ងៃនេះ ខណៈយើងប្រកាសចាប់ផ្តើមគំនិតផ្តួចផ្តើម លើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដ៏ធំសំបើមនេះ យើងកំពុងសាបព្រួសគ្រាប់ពូជ សម្រាប់មនុស្សជំនាន់ក្រោយ ដើម្បីសម្រេចក្តីសុបិន្តកាន់តែធំ”។

លោក Jon Finer ទីប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិកបានប្រាប់អ្នកយកព័ត៌មានថា កិច្ចព្រមព្រៀងនេះនឹងផ្តល់អត្ថប្រ យោជន៍ដល់ប្រទេស ដែលមានប្រាក់ចំណូលទាប និងមធ្យមនៅក្នុងតំបន់ ហើយថែមទាំងផ្តល់តួនាទីសំខាន់ សម្រាប់តំបន់មជ្ឈិមបូព៌ាក្នុងពាណិជ្ជកម្មពិភពលោក។ក្រុមមន្ត្រីអាមេរិកបាននិយាយថា កិច្ចព្រមព្រៀងនេះមានគោលបំណងភ្ជាប់បណ្តាប្រទេស នៅមជ្ឈិមបូព៌ាដោយផ្លូវដែក និងតភ្ជាប់ពួកគេ ទៅកាន់ប្រទេសឥណ្ឌាតាមរយៈកំពង់ផែ និងជួយដល់លំហូរថាមពល និងពាណិជ្ជកម្មពីឈូងសមុទ្រទៅកាន់តំបន់អឺរ៉ុប ដើម្បីកាត់បន្ថយពេលវេលាដឹកជញ្ជូន ថ្លៃដើម និងការប្រើប្រាស់ប្រេងឥន្ធនៈ។

អនុស្សរណៈនៃការយោគយល់គ្នា សម្រាប់កិច្ចព្រមព្រៀងនេះនឹងត្រូវចុះហត្ថលេខា ដោយសហភាពអឺរ៉ុប ឥណ្ឌា អារ៉ាប៊ីសាអូឌីត អារ៉ាប់រួម សហរដ្ឋអាមេរិក និងដៃគូ G20 ផ្សេងទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here