លោក ចូ បៃដិន មើលឃើញឱកាសទាញយកវៀតណាម និងប្រទេសជាច្រើនទៀតចូលទៅក្នុងគន្លងរបស់អាមេរិក

0

ដោយ: គង់ លាងហួរ

ហាណូយ: ស្របពេលមានការធ្លាក់ចុះ នៃសេដ្ឋកិច្ចរបស់ប្រទេសចិន និងការពង្រឹងអំណាចនយោបាយ របស់ប្រធានាធិបតីចិនលោកស៊ី ជីនពីង លោកចូ បៃដិន មើល​ឃើញ​ឱកាស​មួយ​ ដើម្បី​ទាញប្រទេស​ជាច្រើន​ទៀត រួម​ទាំង​ប្រទេស​វៀតណាម និង​កម្ពុជា​ ចូលទៅក្នុង​គន្លង​របស់​អាមេរិក។

កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ ប្រធានាធិបតីអាមេរិក លោកចូ បៃដិន បានបើកដំណើរទស្សនកិច្ចរយៈពេលខ្លី ទៅកាន់ប្រ​ទេសវៀតណាម ដោយលោកបៃដិន បានបញ្ជាក់ប្រាប់ទៅកាន់ថ្នាក់ដឹកនាំវៀតណាមថា ប្រទេសយើងទាំងពីរមានឱកាស ដើម្បីរៀបចំតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសម្រាប់ទសវត្សរ៍ខាងមុខ។​

ទីប្រឹក្សា​កំពូល​មួយរូបរបស់លោក ចូ បៃដិន បាន​មានប្រសាសន៍ថា វៀតណាម​កំពុង​បង្កើន​ទំនាក់ទំនង​ជាមួយ​អាមេរិក ​ដល់​កម្រិត​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ដែល​តំណាង​ឱ្យ​ភាពជាដៃគូ​អន្តរជាតិ​កម្រិតខ្ពស់បំផុត​របស់​វៀតណាម។

បណ្តាប្រទេសផ្សេងទៀត ដែលមានទំនាក់ទំនងកម្រិតខ្ពស់បំផុតជាមួយវៀតណាម រួមមាន ប្រទេសចិន និង រុស្ស៊ី។ ការ​លើក​កំពស់ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ​ឱ្យ​ឡើង​ដល់កម្រិតខ្ពស់បំផុតដូចគ្នា​នេះបង្ហាញ​ថា​ វៀតណាម​ចង់​ពង្រីកមិត្តភាព​របស់​ខ្លួន​ ខណៈ​ក្រុមហ៊ុន​អាមេរិក​និង​អឺរ៉ុប​ជាច្រើន កំពុងស្វែងរក​ទីតាំងផលិតកម្មថ្មីចេញពីប្រទេសចិន។

លោក បៃដិន បានរីករាយស្វាគមន៍ ​ចំពោះចំណាត់ការនេះ ដោយលោកសង្ឃឹមថា វឌ្ឍនភាពអាចនឹងសម្រេចបាន លើបញ្ហាប្រ​ឈមមួយចំនួន ដូចជា អាកាសធាតុ សេដ្ឋកិច្ច និងបញ្ហាផ្សេងៗទៀត ក្នុងអំឡុងដំណើរទស្សនកិច្ច រយៈពេល២៤ម៉ោងរបស់លោក ទៅកាន់ទីក្រុងហាណូយ។

ក្នុងអំឡុងជំនួបដាច់ដោយឡែកមួយជាមួយលោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោកចូ បៃដិន បានចាត់ទុកសហរដ្ឋអាមេរិក និងវៀតណាមថា ជា “ដៃគូ​ដ៏​សំខាន់ក្នុង​ពេល​វេលា​ដ៏​សំខាន់មួយ”។

លោក Jon Finer ប្រធាន​ទីប្រឹក្សារង​ទទួល​បន្ទុក​ផ្នែក​សន្ដិសុខ​ជាតិ​របស់​លោក បៃដិន បានថ្លែង​ថា ស្ថានភាព​ទំនាក់ទំនង​បច្ចុប្បន្ន​នេះ​រវាង​សហរដ្ឋ​អាមេរិក ​និង​វៀតណាម ​បង្ហាញ​ពី​ទំនាក់ទំនង​ភាព​ជា​ដៃគូ​កម្រិត​ខ្ពស់​បំផុត​របស់​វៀតណាម ​នៅ​ក្នុង​ភាព​ជា​ដៃគូ​អន្តរជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here