ដោយៈ ជេស៊ីកា
សៀមរាបៈ តើសកម្មភាពទិញ លក់ និងតម្លៃដីធ្លីនៅទីក្រុងថ្មីAirport Cityបាននិងកំពុងវិវត្តន៍បែបណា ខណៈក្រុមហ៊ុនYunan Development បាននិងកំពុងរៀបចំសម្ភោធព្រលានយន្តហោះសៀមរាប អង្គរតម្លៃ១១០០លានដុល្លារ នៅខែតុលាខាងមុខនេះ។
ថ្នាក់ដឹកនាំក្រុមហ៊ុននេះ ធ្លាប់បានស្នើសុំសម្តេចតេជោហ៊ុន សែនអតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីរៀបចំកសាងទីក្រុងព្រលានយន្តហោះលើទំហំផ្ទៃដី១០០០ហិកតា ដើម្បីគាំទ្រដល់ដំណើរការព្រលានយន្តហោះនេះ។
លោកកែវ សុធារ៉ាប្រធានក្រុមហ៊ុនKW Cambodiaប្រចាំខេត្តសៀមរាបបានមានប្រសាសន៍ឲ្យដឹង កាលពីចុងសប្តាហ៍ថា បច្ចុប្បន្នការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋ ពិសេសផ្លូវថ្មីតភ្ជាប់ពីព្រលានយន្តហោះថ្មី ក្នុងស្រុកសូទ្រនិគម មកកាន់ក្រុងសៀមរាបបានបញ្ចប់ហើយ។ លោកបន្តថា “ស្ថានភាពទីផ្សារអចលនទ្រព្យ នៅក្រុងសៀមរាប និងទីក្រុងថ្មីមានសភាពស្ងប់ស្ងាត់ ប៉ុន្តែតម្លៃមិនធ្លាក់ចុះនោះទេ ដោយតម្លៃដីនៅទីក្រុងនេះ ដែលជាប់ផ្លូវធំមានតម្លៃចន្លោះពី១០ ទៅ៥០ដុល្លារក្នុងមួយម៉ែត្រការ៉េ”។ លោកបន្តថា “សម្រាប់ដីមានទីតាំងនៅផ្នែកខាងក្នុង មានតម្លៃចន្លោះពី២ ទៅ២០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េផងដែរ”។ ព្រលានយន្តហោះថ្មី ខេត្តសៀមរាប អង្គរ មានទីតាំងស្ថិតនៅប្រជុំនៃស្រុកចំនួន៣ គឺស្រុកបន្ទាយស្រី ស្រុកសូទ្រនិគម និងស្រុកប្រាសាទបាគង ។
ជាមួយគ្នានេះ អ្នកស្រីជួន ផល្លី ភ្នាក់ងារអចលនទ្រព្យប្រចាំក្រុមហ៊ុនKPTបានមានប្រសាសន៍ឲ្យដឹងផងដែរថា តំបន់ផ្សេងៗនៅខេត្តសៀមរាប មានសភាពទ្រឹង ប៉ុន្តែតំបន់ទីក្រុងថ្មី ស្ថិតនៅកៀកនឹងព្រលានយន្តហោះថ្មី មានសកម្មភាពទិញលក់បណ្តើរៗ ដោយតម្លៃមានការប្រែប្រួលអាស្រ័យលើទីហំដីតូចៗ និងដីធំ ដែលដីជាប្រភេទដីឡ៏ត៍មានតម្លៃ៧៥ដុល្លារក្នុងមួយម៉ែត្រការ៉េ និងដីទំហំធំៗមានតម្លៃចន្លោះពី១៥ទៅ២០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ អ្នកស្រីបន្តថា “ទីផ្សារកំពុងងើបឡើងវិញបណ្តើរៗ ប៉ុន្តែអ្វីៗត្រូវការរង់ចាំពេលវេលាបន្ថែមទៀត ដើម្បីឲ្យទីផ្សារនេះមានភាពប្រសើរឡើងវិញ”។







