រថយន្តអគ្គិសនីនាំចូលពីប្រទេសចិនកំពុងទទួលបានសន្ទុះនៃការពេញនិយមប្រើប្រាស់ខ្លាំងនៅកម្ពុជា

0

ដោយ: គង់ លាងហួរ
ភ្នំពេញ: លោក គីម ឃាង ដែលមានអាយុ២៥ឆ្នាំ និងជាអាជីវករនៅកម្ពុជា បានសម្រេចចិត្តប្តូរទៅប្រើប្រាស់រថយន្តអគ្គិសនីចិន (EV) ដើម្បីសន្សំថ្លៃសាំង និងជួយរក្សាខ្យល់អាកាសឱ្យបរិសុទ្ធ។

ដោយថ្លែងប្រាប់សារពត៌មាន Xinhua ខណៈពេលកំពុងទិញរថយន្តអគ្គិសនីម៉ាក Hongqi នៅរាជធានីភ្នំពេញកាលពីថ្ងៃច័ន្ទដើមសប្តាហ៍ លោក គីម ឃាង សង្ឃឹមថា រថយន្តEV នឹងជួយកាត់បន្ថយការចំណាយលើប្រេងឥន្ធនៈរបស់គាត់ពាក់កណ្តាល និងរួមចំណែកការពារបរិស្ថាន។

លោកបានប្រាប់សារពត៌មាន Xinhua ថា “ពីមុន ខ្ញុំបើកបរឡានប្រើប្រាស់សាំង ហើយការចំណាយរបស់ខ្ញុំទៅលើថ្លៃសាំងគឺខ្ពស់បន្តិច ពោលគឺចន្លោះពី៣០០ទៅ៤០០ដុល្លារក្នុងមួយខែ”។ លោកគីម ឃាងបានបន្តថាតម្លៃរថយន្តអគ្គិសនី EV គឺស្រដៀងទៅនឹងរថយន្តប្រើសាំងដែរ។ លោកបានបញ្ជាក់ទៀតថា “រថយន្ត Hongqi EV នេះគឺជា រថយន្តដែលខ្ញុំចូលចិត្តព្រោះវាជាម៉ាកយីហោលំដាប់ខ្ពស់ប្រណីតនៅប្រទេសចិន ហើយវាមានភាពស្រស់ស្អាតគុណភាពខ្ពស់និងតម្លៃប្រកួតប្រជែង ”។អ្នកគ្រប់គ្រងផ្នែកលក់ម្នាក់នៅក្រុមហ៊ុន Mingyang Guoji Co., Ltd. ដែលជាភ្នាក់ងារផ្តាច់មុខរបស់ម៉ាកយីហោ Hongqi ប្រចាំនៅកម្ពុជា បានលើកឡើងថា ចាប់តាំងពីរដ្ឋាភិបាលចាប់ផ្តើមជំរុញឱ្យមានការនាំចូលរថយន្ត EV មក ការចាប់អារម្មណ៍របស់អ្នកប្រើប្រាស់បានកើនឡើងគួរឱ្យកត់សម្គាល់ ដោយសារតែពួកគេដឹងអំពីគុណសម្បត្តិនានា ដូចជាការកាត់បន្ថយថ្លៃដើមប្រេងឥន្ធនៈ និងមិនប៉ះពាល់បរិស្ថាន។

អ្នកគ្រប់គ្រងរូបនោះបានបញ្ជាក់ប្រាប់សារពត៌មាន Xinhua ថា “បច្ចុប្បន្ននេះ យើងបានលក់រថយន្ត EV ជាច្រើន ទាំងខ្នាតតូច និងខ្នាតធំ ហើយរថយន្ត EV របស់យើងបានទទួលការគាំទ្រយ៉ាងច្រើនពីអ្នកប្រើប្រាស់”។ អ្នកនាង ឧត្តម ពិសី អ្នកគ្រប់គ្រងរថយន្ត EV នៅក្រុមហ៊ុន Car4you Co., Ltd. ដែលនាំចូលរថយន្តម៉ាក Letin Mengo EVs ពីប្រទេសចិន បានអះអាងថា រថយន្ត EV មានផ្នែកផ្លាស់ទីតិចជាងរថយន្តប្រើសាំង ឬម៉ាស៊ូត ដូច្នេះការចំណាយលើការថែទាំ និងការជួសជុលគឺទាបជាងរថយន្តចំហេះខាងក្នុង។រដ្ឋាភិបាលកម្ពុជាបាននិងកំពុងជំរុញឱ្យប្រជាជនប្រើប្រាស់រថយន្ត EV និងម៉ូតូអគ្គិសនី ព្រោះវាមិនប៉ះពាល់ដល់ បរិស្ថាន និងអាចជួយសន្សំប្រាក់របស់អ្នកប្រើប្រាស់ផងដែរ។ យោងតាមប្រភពពីក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញឱ្យដឹងថា រថយន្ត EV ថ្មីប្រហែល៨០០គ្រឿងត្រូវបានចុះបញ្ជីនៅក្នុងប្រទេសកម្ពុជាគិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៣៕

LEAVE A REPLY

Please enter your comment!
Please enter your name here