ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រុមហ៊ុនសំណង់ជប៉ុនឈ្មោះ RISING និងក្រុមហ៊ុនSINAC INC. មានបំណងបើកដំណើរការ ក្រុមហ៊ុននៅប្រទេសកម្ពុជា លើវិស័យអចលនទ្រព្យ សំណង់នាំចេញ-នាំចូល និងការផ្តល់ប្រឹក្សាយោបល់ផ្នែកច្បាប់ និងជួយសម្រួលធុរកិច្ចដល់ពាណិជ្ជករ និងវិនិយោគិនជប៉ុន ដែលមានបំណងចង់វិនិយោគនៅកម្ពុជា។
ព័ត៌មាននេះ ត្រូវបានលើកឡើងក្នុងជំនួបរវាងលោក ICHIRO AISAWA សមាជិកសភាជប៉ុន ជាមួយលោកទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អមដោយលោកស៊ីន សារ៉ាយ អនុព័ន្ធពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយ សមាជិកសភាប្រទេសជប៉ុន។ នេះបើយោងតាមស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣។
ក្នុងទិសដៅជំរុញការវិនិយោគ ឯកអគ្គរាជទូតកម្ពុជា បានណែនាំឱ្យក្រុមហ៊ុនជួបពិភាក្សាបន្ថែម ជាមួយមន្រ្តីនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីបានចុះពិនិត្យមើលរោងចក្រ និងទីតាំងដែលអាចអំណោយផល សម្រាប់ការវិនិយោគលើវិស័យខាងលើនេះ។






