ដោយៈ តែម សុខុម
ហាណូយ: គម្រោងរីហ្សតលំដាប់ផ្កាយ៦មួយទៀត ដែលមានវីឡាសរុបចំនួន១០០ នឹងត្រូវសាងសង់នៅឆកសមុទ្រ Vinh Hy ស្ថិតតាមបណ្តោយឆ្នេរសមុទ្រ ភាគខាងត្បូងប្រទេស ដែលល្បីល្បាញថាមានសម្រស់ស្រស់ដ៏ស្អាត និងពេញនិយមសម្រាប់អ្នកធ្វើដំណើរទេសចរណ៍មុជទឹកមើលផ្កាថ្ម។
ក្រុមហ៊ុន Syrena Vietnam Investment and Development ដែលជាបុត្រសម្ព័ន្ធ នៃក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ BMI Group និងអ្នកវិនិយោគលើគម្រោងនេះបញ្ជាក់ថា ខ្លួននឹងសាងសង់វីឡាលំដាប់ខ្ពស់ចំនួន៥៤ ក្នុងដំណាក់កាលដំបូង ហើយនឹងសាងសង់វីឡាចំនួន៤៦បន្ថែមទៀតនៅក្នុងដំណាក់កាលទី២។
យោងតាមសារព័ត៌មានVN Express ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឱ្យដឹងថា គម្រោងនេះ នឹងគ្របដណ្តប់លើផ្ទៃដីជិត៦៥ហិកតា ក្នុងស្រុកនិញ ហាយ (Ninh Hai) នៃខេត្តនិញ ធួន (Ninh Thuan) ប្រទេសវៀតណាម ហើយគ្រោងចំណាយដើមទុនប្រមាណ៦៦លានដុល្លារអាមេរិក។







