ដោយ: គង់ លាងហួរ
ប៉េកាំងៈ ក្រុមហ៊ុនChina General Nuclear Power Group (CGN) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជាមួយរដ្ឋាភិបាលឡាវ ដើម្បីអភិវឌ្ឍន៍ មូលដ្ឋានថាមពលកកើតឡើងវិញ នៅភាគខាងជើងប្រទេសនេះ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយក្រុមហ៊ុនខាងលើកាលពីថ្ងៃអាទិត្យ។
មូលដ្ឋាននេះ នឹងរួមបញ្ចូលសមត្ថភាពផ្ទុក ថាមពលខ្យល់ ថាមពលព្រះអាទិត្យ ថាមពលវារីអគ្គិសនី ហើយនឹងបញ្ចូលទៅក្នុងខ្សែបណ្តាញថាមពលដែលមានស្រាប់ ដើម្បីផ្ទេរថាមពលដែលផលិតនៅក្នុងប្រទេសឡាវ ទៅកាន់ខេត្តយូណាននៃប្រទេសចិន។
-->
កិច្ចព្រមព្រៀងថ្មីនេះ ត្រូវបានចុះហត្ថលេខានៅឯពិព័រណ៍ចិន-អាស៊ានដែលប្រារព្ធឡើង នៅទីក្រុងណាននីង ក្នុងខេត្តក្វាងស៊ីភាគខាងត្បូងនៃប្រទេសចិន។
កិច្ចព្រមព្រៀងនេះ នឹងជំរុញអនុស្សរណៈនៃការយោគយល់គ្នាស្តីពីមូលដ្ឋានថាមពលកកើតឡើងវិញ ដែលបានចុះហត្ថលេខារវាងក្រុមហ៊ុន CGN និងរដ្ឋាភិបាលឡាវកាលពីខែតុលា ឆ្នាំ២០២២កន្លងទៅ។
ការនាំចេញថាមពលទៅកាន់ប្រទេសចិន បានបង្កើតជាផ្នែកមួយដ៏សំខាន់ នៃយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ប្រទេសឡាវ ដោយក្រុមហ៊ុនចិន China Southern Power Grid Co បានកាន់កាប់ភាគហ៊ុនភាគច្រើន នៅក្នុងបណ្តាញថាមពលជាតិឡាវ ក្នុងឆ្នាំ២០២០ ដើម្បីជួយអភិវឌ្ឍវិស័យនេះ។
ប្រទេសឡាវ ដែលជាសមាជិកមួយនៃគំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់ និងផ្លូវ ដ៏មហិច្ឆតារបស់ប្រទេសចិន បានទទួលនូវគម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗពីប្រទេសចិន ដូចជា ផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់ពីប្រទេសឡាវ ទៅកាន់ទីក្រុងគុនមីង របស់ប្រទេសចិន៕