ដោយៈ ម៉ាលីនណា
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានស្នើរដ្ឋមន្ត្រីកសិកម្មចិនជួយសហការផ្នែកបច្ចេកទេស ដើម្បីជំរុញមុខទំនិញអាទិភាពចំនួន៣មុខ ដូចជា អង្ករ ស្វាយចន្ទី និងត្រីចិញ្ចឹម នៅក្នុងច្រករបៀងអង្ករ និងមច្ឆា សម្រាប់នាំចេញមកកាន់ទីផ្សារចិន និងទីផ្សារអន្តរជាតិដទៃទៀត។
លោកឌិត ទីណា បានស្នើបែបនេះ នៅអំឡុងពេលលោកជួបពិភាក្សាការងារទ្វេភាគី ជាមួយរដ្ឋមន្ដ្រីក្រសួងកសិកម្ម និងកិច្ចការជនបទ នៃសាធារណរដ្ឋប្រជាមានិតចិនកាលពីថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៣ នៅទីក្រុងណាននីងស្តីពី កិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មនៃប្រទេសទាំង២។
-->
យោងតាមការប្រកាសនៅក្នុងហ្វេសប៊ុកក្រសួងកសិកម្ម កាលពីថ្ងៃទី ១៦ ខែកញ្ញា បានឱ្យដឹងថា ក្នុងជំនួបនោះ លោកឌិត ទីណា បានលើកពីសមិទ្ធផលធំៗជាច្រើន ដែលសម្រេចបានក្រោមកិច្ចសហការរវាងក្រសួងកសិកម្ម នៃប្រទេសទាំង២ រួមមាន ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ, មន្ទីរពិសោធន៍ផលិតផលកសិកម្ម មជ្ឈមណ្ឌលជំរុញផលិតផលកសិកម្មកម្ពុជា និងការកសាងសមត្ថភាពបច្ចេកទេសដល់មន្ត្រីកសិកម្ម។
លោករដ្ឋមន្ត្រី ឌិត ទីណា ក៏បានបញ្ជាក់ពីយន្តការសម្រាប់ជំរុញអនុវត្តន៍ឱ្យមានប្រសិទ្ធភាព និងបានជាផលប្រយោជន៍ ដល់ភាគីទាំងសងខាងនៅច្រករបៀង មច្ឆា និងអង្ករ ដែលភាគីទាំង ២ បានចុះហត្ថលេខាកាលពីថ្ងៃទី១៥ ខែកញ្ញា ២០២៣ ដោយត្រូវរៀបចំគណៈកម្មការតម្រង់ទិស ដែលដឹកនាំដោយអនុរដ្ឋមន្ត្រីនៃក្រសួងទាំង២ និងក្រុមការងារបច្ចេកទេសរួម សម្រាប់រៀបចំផែនការសកម្មភាពអនុវត្តឱ្យត្រូវតាមគោលនយោបាយ ដែលបានកំណត់ដោយថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំង២។
លោកក៏បានលើកទឹកចិត្ត ដល់អ្នកវិនិយោគិនចិន ដែលមានជំនាញ និងបច្ចេកទេសទីផ្សារល្អៗ មកវិនិយោគក្នុងវិស័យកសិកម្មនៅកម្ពុជា ពិសេសលើការកែច្នៃ វេចខ្ចប់ផលិតផលកសិកម្ម ដែលមានស្រាប់ឱ្យទៅជាផលិតផល ដែលមានគុណភាពខ្ពស់ រសជាតិឆ្ងាញ់ និងមានឈ្មោះល្បីលើទីផ្សារអន្តរជាតិ។
លោកឌិត ទីណាបានបញ្ជាក់ថា “ក្រុមការងាររបស់មជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអន្តរជាតិ (Foreign Economic Cooperation Center) នៃក្រសួងកសិកម្ម និងកិច្ចការជនបទចិនដែលបានសហការយ៉ាងជិតស្និទ្ធ ជាមួយមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា បានរៀបចំនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍កសិកម្មកម្ពុជា ២០២៤-២០២៨”។
នាឱកាសនោះដែរ លោក Tang Renjian រដ្ឋមន្ដ្រីក្រសួងកសិកម្ម និងកិច្ចការជនបទ នៃសាធារណរដ្ឋប្រជាមានិតចិន ក៏បានថ្លែងការកោតសរសើរ ចំពោះការសម្រេចបាននូវផលិតផលកសិកម្មយ៉ាងច្រើនរបស់កម្ពុជា ដែលកម្ពុជាធានាបានទាំងស្រុង នូវសន្តិសុខស្បៀងសម្រាប់ប្រទេស និងបានរួមចំណែកក្នុងការរក្សាសន្តិសុខស្បៀងសម្រាប់តំបន់ផងដែរ។
លោកTang Renjianបានបញ្ជាក់ថា “កម្ពុជាមានផលិតផលកសិកម្មជាច្រើន ដែលមានគុណភាពល្អ រសជាតិឆ្ងាញ់ ហើយប្រជាជនចិនក៏ចូលចិត្តផងដែរ”។ លោកបន្តថា “យើងលើកទឹកចិត្ត និងជំរុញអ្នកវិនិយោគចិន មកវិនិយោគនៅកម្ពុជា ដើម្បីបង្កើនពាណិជ្ជកម្មកសិកម្មរវាងប្រទេសទាំង២ ឱ្យកើនឡើងមួយកម្រិតទៀតនាពេលខាងមុខ៕