IDIសម្រេចបានកិច្ចព្រមព្រៀងនាំចេញផ្លែឈើទៅកាន់ប្រទេសចិន

0

        ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ សមាគម​វិនិយោគិន ​នវានុវត្តន៍ និង​អភិវឌ្ឍន៍​ក្នុងស្រុក (IDI)​ សម្រេចបាន​កិច្ច​ព្រម​ព្រៀង​សហប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ​ជាមួយ​Chongqing HongJiu ដែលជា​ក្រុម​​ហ៊ុន​នាំចូល​ផ្លែឈើ​ឈានមុខ​គេ​របស់​ប្រទេស​ចិន និងAsia Cassava Holding ជា​ក្រុមហ៊ុន​លក់ដុំ និង​នាំចូល​ដំឡូង​មី​ដ៏​សំខាន់​មួយ ​ទៅកាន់​ប្រទេស​ចិន​។​

កិច្ចព្រមព្រៀង​នេះ​សម្រេច បាន​កាលពី​ថ្ងៃទី១៧ ខែកញ្ញា ក្នុង​ពិធី​ចុះហត្ថលេខា​ពិព័រណ៍​កម្ពុជា ​-​អាស៊ាន​លើក​ទី២០ នៅ​ទីក្រុង​ណាន​នី​ង ប្រទេស​ចិន​។​

លោកបណ្ឌិតហោ សេរី​វឌ្ឍន៍ ប្រធាន​ក្រុមប្រឹក្សាភិបាល​របស់ IDI​ បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក​ថា កិច្ច​ព្រម​ព្រៀង​សហប្រតិបត្តិការ ​ជា​យុទ្ធ​សាស្ត្រ​ជាមួយ​Chongqing HongJiu​ ដែលជា​ក្រុមហ៊ុន​នាំចូល​ផ្លែឈើ ​ឈានមុខ​គេ​របស់​ប្រទេស​ចិន និង Asia Cassava Holding ដែលជា​ក្រុម​ហ៊ុន​លក់ដុំ និង​នាំចូល​ដំឡូង​មី​ដ៏​សំខាន់​ទៅកាន់​ប្រទេស​ចិន ដែល​ចាត់ទុកថា​ជា​គម្រោង​ដ៏​ធំ​ចំនួន​ ២​ នៅក្នុង​ពិធី​ចុះហត្ថលេខា​ នៅក្នុង​ពិព័រណ៍​កម្ពុជា​-​អាស៊ាន​លើក​ទី២០​។​លោក​បានសរសេរថា​ “​យើង​ស្វាគមន៍​ក្នុងការ​ធ្វើការ​រួមគ្នា​ជាមួ​យ​គ្រប់ភាគី ​ដើម្បី​ជួយ​វិនិយោគ​លើ​វិស័យ​កសិកម្ម ​នៅ​កម្ពុជា​សម្រាប់​ការនាំចេញ​កាន់តែច្រើន​”។​

ថ្លែង​ក្នុង​ពិធី​បើក​ពិព័រណ៍​ចិន​-​អាស៊ាន លើក​ទី​២០ នៅ​ទីក្រុង​ណាន​នី​ង ប្រទេស​ចិន នា​ថ្ងៃទី១៧ ខែកញ្ញា សម្តេចធិបតីហ៊ុន ម៉ា​ណែ​តនាយករដ្ឋមន្រ្តីនៃកម្ពុជាបាន​លើកឡើងថា ការធ្វើ​ពាណិជ្ជកម្ម​ដោយ​សេរី និង​បើកចំហ គឺជា​វិថី​តែ១​គត់ ដែល​នាំមក​នូវ​សុខ​សន្តិភាព និង​វិបុលភាព​រួម​យ៉ាងពិត​ប្រាកដ ហើយ​កម្ពុជា​ក៏បាន​ប្តេជ្ញា ​បន្ត​ប្រឹងប្រែង កែ​លម្អ​បរិយាកាស​ធុរកិច្ច និង​វិនិយោគ ដើម្បី​ធ្វើយ៉ាងណា​ឆ្លើយតប​នឹង​តម្រូវការ​របស់​វិនិយោគិន​ពី​គ្រប់​មជ្ឈដ្ឋាន​។​

សម្តេច​បាន​ថ្លែងថា “​ក្នុង​បរិការណ៍​សកលលោក​ ដែល​ពោរពេញ​ទៅដោយ​ភាពមិនប្រាកដប្រជា​ ការ​រៀបចំ​ពិព័រណ៍​ចិន​-​អាស៊ាន លើក​ទី​២០នេះ ពិត​ជាមាន​សារៈសំខាន់ សម្រាប់​ផ្សារភ្ជាប់​ទំនាក់ទំនងរ​វាង​តំបន់​ឱ្យ​កាន់តែ​ស្អិតល្មួត ប្រកបដោយ​ភាព​សុខដុម ដើម្បី​ចូលរួម​លើក​កម្ពស់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព”​។​សម្តេចធិបតីហ៊ុន ម៉ា​ណែ​ត ថ្លែងថា អាស៊ាននិង​ចិន មាន​កិច្ច​សហ​ប្រតិបត្តិការ​ដ៏​ប្រសើរ​ជាមួយគ្នា តាមរយៈ​និម្មាបនកម្ម​តំបន់ ​ដែល​ដឹកនាំ​ដោយ​អាស៊ាន ដូចជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​ចិន​កិច្ចព្រមព្រៀង​អា​សិប និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេរភាគី​​ជាច្រើន​ទៀត បង្ហាញ ឱ្យឃើញថា​កិច្ចសហប្រតិបត្តិការ​រួម​បញ្ចូល​ជាមួយនឹង​ការធ្វើ​ពាណិជ្ជកម្ម​ដោយ​សេរី និង​បើកចំហ គឺជា​វិថី​តែមួយគត់ ដែល​នាំមក​នូវ​សុខសន្តិភាព និង​វិបុលភាព​រួម​យ៉ាងពិត​ប្រាកដ​។​

យោងតាម​អគ្គនាយក​​ដ្ឋា​ន​កសិកម្ម (GDA)​ នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទបានឱ្យដឹងថា ប្រទេស​កម្ពុជា​បានធ្វើការ​នាំចេញ​កសិផល​ជាច្រើន​ប្រភេទ ​មានតម្លៃ​ជិត១,៣៨៥​ ពាន់​លាន​ដុល្លា​រ​ក្នុង​ត្រីមាស​ទី១ ឆ្នាំ​ ២០២៣ ទៅកាន់​ទីផ្សារ​ប្រទេសចំនួន៥៣៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here