ដោយៈ តែម សុខុម
វៀងចន្ទន៍: ខណៈបណ្ដាប្រទេសជាសមាជិកអាស៊ាន ចុះកិច្ចព្រមព្រៀង ដើម្បីងាកចេញពីការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល និងឆ្ពោះទៅរកប្រភពថាមពលកកើតឡើងវិញ បានធ្វើឲ្យប្រទេសឡាវនឹងទទួលបានអត្ថប្រយោជន៍ ពីនិន្នាការដែលមិនប៉ះពាល់ ដល់បរិស្ថាននេះ។
យោងតាមសារព័ត៌មាន Nikkei Asia ឱ្យដឹងថា ប្រទេសសិង្ហបុរី ដែលប្រើប្រាស់ឧស្ម័នធម្មជាតិ៩៥% ជាប្រភពថាមពលដ៏ចម្បង កំពុងព្យាយាម ផ្លាស់ប្តូរឆ្ពោះទៅរកការនាំចូលឱ្យបាន៣០% នៃការផ្គត់ផ្គង់អគ្គិសនីកាបូនទាប៤ជីហ្គាវ៉ាត់ (GW) នៅត្រឹមឆ្នាំ២០៣៥។
ជាលទ្ធផលការផ្លាស់ប្ដូរនេះ បានធ្វើឱ្យប្រទេសនានា ដូចជា ឡាវ ជាដើមដែលកំពុងបង្កើន សមត្ថភាពផលិតថាមពលកកើតឡើងវិញរបស់ខ្លួន ទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន ពីចំណាត់ការនេះ។ប្រមាណ៨០%នៃថាមពលអគ្គិសនី ដែលផលិតដោយប្រទេសឡាវ គឺលក់ទៅឱ្យបណ្ដាប្រទេសជិតខាង ដោយការលក់ទៅឱ្យប្រទេសថៃ និងប្រទេសវៀតណាម គ្របដណ្ដប់ប្រមាណ៣០%នៃការនាំចេញសរុបរបស់ប្រទេសឡាវ។






