លោកស៊ុន ចាន់ថុលៈទំហំពាណិជ្ជកម្មតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញនឹងកើនលើស១,៣ ពាន់លានដុល្លារ

0

        ដោយៈ គង់ ហ្វីអូណា

ភ្នំពេញៈ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានថ្លែងថា ឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មនាំចេញពីតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ នឹងកើនលើសពី១,៣លានពាន់ដុល្លារ។

បន្ទាប់ពីអញ្ជើញពិនិត្យបណ្តាក្រុមហ៊ុន និងរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ លោកស៊ុន ចាន់ថុលបានថ្លែងថា តាមរយៈទស្សនកិច្ចពិនិត្យវឌ្ឍនភាពនៃដំណើរការក្រុមហ៊ុន និងរោងចក្រនាពេលនេះ សង្កេតឃើញថាក្រោមការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញបានរួមចំណែកធ្វើឲ្យអ្នកវិនិយោគធំៗ ទទួលបានជោគជ័យ ហើយបានពង្រីកទំហំវិនិយោគបន្ថែម ដូចជា ការសាងសង់រោងចក្របន្ថែមដែលផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋ។ លោកបញ្ជាក់ថា ផ្អែកលើវឌ្ឍនភាពវិជ្ជមាន របស់អ្នកវិនិយោគ ទើបធ្វើឲ្យទំហំពាណិជកម្មនាំចេញ ពីតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញបានកើនឡើង និងត្រូវបានរំពឹងថាឆ្នាំ២០២៣ នឹងកើនលើសពីចំនួនជាង ១,៣ ពាន់លានដុល្លា បើធៀបនឹងឆ្នាំ២០២២”។

លោកស៊ុន ចាន់ថុល លើកឡើងថា កត្តានាំឲ្យមានទំហំពាណិជ្ជកម្មនាំចេញកើនឡើង ដោយសារសង្វាក់ផលិតកម្ម​ ក្នុងរោងចក្រកាត់ដេរនោះមានភាពទំនើប ដែលប្រើប្រព័ន្ធស្វ័យប្រវត្តិ លើមុខងារជាច្រើន មិនថាទាំងក្រុមហ៊ុនកាត់ដេរសំលៀកបំពាក់ និងក្រុមហ៊ុនផលិតគ្រឿងផ្គុំ និងគ្រឿងអេឡិកត្រូនិក។ លោកបន្ថែមថា ចំណុចវិជ្ជមាន ដែលការទាក់ទាញអ្នកវិនិយោគបាន ផ្អែកកលើសុខសន្តិភាពស្ថេរភាពនយោបាយ ស្ថេរភាពម៉ាក្រូ និងស្ថេរភាពលើការចរាចរណ៍សាច់ប្រាក់ មួយវិញទៀតច្បាប់ពីនយោបា​យកម្ពុជា បានបើកទូលំទូលាយមិនមានការរឹតត្បិត ឬហាមឃាត់អ្នកវិនិយោគចង់បណ្ដាក់ទុនលើវិស័យណាមួយនោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here