អ្នកនាំពាក្យក្រសួងទេសចរណ៍:តើស្ថានភាពពិតនៃការធ្លាក់ចុះលើវិស័យទេសចរណ៍នៅខេត្តសៀមរាប បណ្តាលមកពីកត្តាចម្បងអ្វីខ្លះ?

0

ដោយៈ គង់ សូរិយា

ភ្នំពេញៈ នៅក្នុង​រយៈពេលប៉ុន្មានថ្ងៃមកនេះ មានកា​របង្ហោះតាម​បណ្ដាញសង្គម​​ព្រោងព្រាត​ ជុំវិញទិដ្ឋភាព​ភ្ញៀវទេសចរ ​នៅក្នុង​ខេត្ត​​សៀម​រាប ​​ជាពិសេស​ភ្ញៀវទេសចរ​បរទេស​។ ប៉ុន្តែក៏មានអ្នកខ្លះ ​បានយក​រូបភាព​ភ្ញៀវទេសចរ ​ដែលទៅ​ចូលរួម​ថត ​និងទស្សនា​ព្រឹត្តិ​ការណ៍សមរាត្រី (ព្រះអាទិត្យ​រះចំកំពូល​ប្រា​សាទអង្គរ​វត្ត ) មកផុស​ហើយថា​សៀមរាប​មិនស្ងាត់ភ្ញៀវទេ។យ៉ាង​ណា​ក្ដី​អ្នក​ជំនា​ញទេសចរណ៍កម្ពុជា ​បានទទួលស្គាល់​ថា ក្នុងមួយរយៈចុងក្រោយ​នេះ សៀមរាប​ពិត​ជាស្ងាត់ភ្ញៀវ​មែន។

លោក​ហូ វណ្ឌី ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារទេសចរណ៍​កម្ពុជា បានមានប្រសាសន៍ ប្រាប់​អ្នកសារព័ត៌មានក្នុងស្រុក​មួយ​ឱ្យដឹងថា​​ ខែ​នេះ ជា​រដូវ​កាល​មានភ្ញៀវតិច ឬហៅថា Low Season ហើយមិនមែនតែខេត្តសៀមរាបទេ ​ដែលមានភ្ញៀវ​តិច គឺស្ទើរតែទូទាំង​ប្រ​ទេស​​កម្ពុជា​ទៅហើយ ។

ប៉ុន្តែបើ​ក្រលេកទៅមើល​ ប្រទេស​ជិត​ខាង​របស់​យើង ដែល​ស្ថិតនៅក្នុង​រដូវភ្លៀង​ដែរ​ តែគេ​មាន​ភ្ញៀវ​ច្រើន លោក​ថា​ វាមានកត្តាជាច្រើន​ ដែលនាំឱ្យ​ប្រទេស​គេមានភ្ញៀវច្រើន ដូចជាការ​លើក​លែង​​ទិដ្ឋាការ​ដល់​ភ្ញៀវទេសចរ ជាក់​ស្ដែង​​ចាប់​តាំង​ពីថៃ​ បានប្រកាស​លើកលែងទិដ្ឋាការ​ ដល់​ប្រទេស​ជាង​១០០​មក ឃើញថា​ភ្ញៀវទេសចរ​ទៅ​កម្សាន្តនៅប្រទេស​ថៃ​ច្រើន ។លោកបន្តថា កត្តា​មួយផ្សេងទៀត​ ដែលនាំឱ្យភ្ញៀវទេសចរ​បរទេស​ទៅលេងប្រទេស​ថៃច្រើន ដោយសារថៃមាន​ការ​ទាក់​​ទាញ​ខ្លាំង ក្នុ​ងនោះថៃមាន​ក្រុមហ៊ុន​អាកាស​ចរ​ រហូតទៅដល់​ជាង​១០០ក្រុមហ៊ុនឯណោះ ហើយធនធាន​មនុស្ស​​ និង​​ធនធាន​ទេសច​រ​ណ៍​របស់​គេ​​ក៏មានច្រើន សម្រាប់ទាក់ទាញដល់​ភ្ញៀវទេសចរបរទេស។​ក្រៅពីនេះ កត្តា​រៀបចំ​ស​ណ្ដា​​​ប់ធ្នាប់ ការធ្វើចរាចរណ៍​របស់ពល​រដ្ឋ​គេ​ក៏​មានរបៀបរៀបរាយ​ត្រឹមត្រូវ ។​ ទាំងអស់នេះ​ហើយ ដែល​កម្ពុជា​គួរ​តែ​មើល​​​​​ហើយអនុវត្ត​ន៍តាមគេ ដើម្បី​ទាក់​ទាញ​ភ្ញៀវទេសចរ​បរទេស ។

លោក​តុប​ សុភ័ក អ្នកនាំពាក្យ​ក្រសួងទេសចរ​ណ៍កម្ពុជា ក៏បានលើកឡើងផងដែរថា​ ស្ថានភាពទេសចរ​​ នៅក្នុង​ប្រ​ទេ​ស​​​កម្ពុជា នា​ពេល​​​បច្ចុប្បន្ន​នេះ ជាដំណាក់​កាលមួយ​ងើបឡើងវិញ ហើយ​កំណើនភ្ញៀវទេសចរបរទេស មិនទាន់​មាន​ប្រ​​ក្រ​តីភាព ដូច​មុនកូវីដ​១៩​នៅ​ឡើយទេ ។ ប៉ុន្តែសម្រាប់ទេសចរ​ជាតិ​ ងើបឡើង​ឆាប់រហ័ស​លឿនជា​ង​ទេសចរ​អន្តរ​ជាតិ ។ លោកបន្តថា​ ពាក់ព័ន្ធនឹង​ទេសចរ​អន្តរជាតិងើបយឺត​នេះ ដូច​ដែលបានដឹង​ហើយ​ថា​ បច្ចុប្បន្ន​នេះ វិបត្តិ​សង្គ្រាម​រវាង​ រុស្ស៊ី​និង​អ៊ុយ​ក្រែន​​​​នៅតែបន្តអូស​បន្លាយ ​ដែល​ធ្វើឱ្យ​ភ្ញៀវទេសចរ​បរទេស​នៅបន្តចូលមក​កម្ពុជា​ក្នុងចំនួន​តិច​តួច។​លោកបន្តថា ចំពោះ​ស្ថាន​ភាព​ទេសចរ​ នៅក្នុងប្រទេសជិតខាង​របស់​យើង ដែលមានចំនួន​ច្រើនជាង​យើងនោះ គឺដោយសា​រតែ​គេ​មា​ន​ទឹ​​កដីធំជាង​យើង គេ​មាន​ផលិតផលទេសចរ​ណ៍​ច្រើនជាង​យើង​ សំបូរបែ​បជាងយើង ហើយផលិតផល​ទេស​ច​រ​ណ៍​​​ខ្លះ ក៏កម្ពុជា​មិនអាច​ធ្វើ​បានដូច​គេ​ដែរ ដោយសារតែទាក់ទង​នឹង​ទំនៀម ​ទម្លាប់​ប្រពៃណី​របស់​យើង ដែលមិនអាច​ឱ្យ​យើង​ត្រូ​វធ្វើដូច​គេ​បាន។​

លោក​បន្ថែមថា​ សម្រាប់រយៈពេល​៨ខែ​ដើមឆ្នាំ ២០២៣​នេះ ភ្ញៀវទេសចរបរទេស​ ទៅសម្រាក​និងកម្សាន្ត នៅក្នុង​ខេត្ត​សៀមរាប​ មាន​ប្រមាណជិត​៥០ម៉ឺននាក់​ កើនឡើង​ជាង​៣៥០ភាគរយ បើធៀបនឹ​ងរយៈពេលដូចគ្នា​ ក្នុង​ឆ្នាំ ២០២២​កន្លងមក ។ ចំណែក​ការ​បង្ហោះ​របស់​បុគ្គលមួ​យ​ចំនួន ​ដែល​ថា​សៀមរាប​ស្ងាត់ភ្ញៀវ​នោះ គឺវាមិនពិតនោះទេ ព្រោះថា​តាមរបាយការណ៍ របស់​អាកាស​យានដ្ឋាន​សៀ​ម​រា​ប​បង្ហាញកថា ក្នុងមួយថ្ងៃ​មានជើងយន្តហោះ ហោះចូលទៅខេត្ត​សៀម​រាប​មានប្រមាណពី​១០ទៅ១៥ជើង ដែល​មានភ្ញៀវ​ទេ​ស​ច​រ​បរទេស​ប្រមាណ១០០០ ទៅ១៥០០​នាក់​ទៅលេង​ខេត្ត​សៀមរាប​ដែរ។លោកស៊ិន ចាន់សិរីវុត្ថាអ​នុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានអះអាងកាលពីពេលថ្មីៗនេះថា អាកាសយានដ្ឋានអន្តរជាតិ ខេត្តសៀមរាបទទួលបានជើងហោះហើរចំនួន៧លើកប៉ុណ្ណោះ ក្នុងមួយថ្ងៃ ជាអ្វីដែលផ្ទុយពីការលើកឡើងរបស់អ្នកនាំពាក្យក្រសួងទេសចរណ៍។ អ្នកតាមដានក្នុងវិស័យនេះឯករាជ្យ បាននិយាយក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា បញ្ហាវិបត្តិភ្ញៀវទេសចរណ៍បរទេស មិនមកទស្សនាកម្ពុជាមានកត្តាខាងក្រៅ និងកត្តាខាងក្នុង។

កត្តាខាងក្រៅរួមមាន ទី១ ការផ្សព្វផ្សាយអាក្រក់ ពីសារព័ត៌មានបរទេសចំពោះប្រទេសនេះ ទី២ ការផលិតរឿងរបស់ចិន និយាយពីឧក្រិដ្ឋកម្ម ការចាប់ជំរិតនៅកម្ពុជា ទី៣ បញ្ហាសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន ទី៤ ការធ្លាក់ចុះ នៃវិបត្តិសេដ្ឋកិច្ចរបស់ចិនជាដើម។ចំណែកកត្តាផ្ទៃក្នុងកម្ពុជា​មាន ដូចជា ទី១ ការផ្សព្វផ្សាយមិនបានទូលំទូលាយពីសក្តានុពល ទេសចរណ៍កម្ពុជានៅក្រៅប្រទេស ទី២ ម​ន្រ្តីអន្តោប្រវេសន៍ នៅតាមច្រកទ្វារព្រលានយន្តហោះ បានដាក់គំនាប ដោយទារប្រាក់ពីភ្ញៀវទេសចរណ៍យ៉ាងអាក្រក់ ទី៣ ការលក់ផលិតផលទេសចរណ៍កោភ្ញៀវ ដោយគ្មានការខ្មាស់អៀនពីម្ចាស់ហា​ងលក់វត្ថុអនុស្សាវរីយ៍នានា នៅក្នុងក្រុងសៀមរាប ទី៤ កម្ពុជាគ្មានផលិតផលទេសចរណ៍អ្វី ដែលមានភាពទាក់ទាញក្រៅពីទស្សនាប្រាសាទអង្គរវត្ត៕

ជាមួយគ្នានោះ អ្នកឧកញ៉ា លឹម ហេង បានបង្ហោះសារនៅក្នុងបណ្តាញសង្គមទាក់ទងនឹងបញ្ហានេះយ៉ាងដូច្នេះថា«ចំពោះស្ថានភាពទេសចរ នៅក្នុងប្រទេសជិតខាងរបស់យើង ដែលមានចំនួនច្រើនជាងយើងនោះ គឺដោយសារតែគេមានទឹកដីធំជាងយើង គេមានផលិតផលទេសចរណ៍ច្រើនជាងយើង សំបូរបែបជាងយើង ហើយផលិតផលទេសចរណ៍ខ្លះ ក៏កម្ពុជាមិនអាចធ្វើបានដូចគេដែរ ដោយសារតែទាក់ទងនឹងទំនៀមទម្លាប់ប្រពៃណីរបស់យើង ដែលមិនអាចឱ្យយើងត្រូវធ្វើដូចគេបាន »

 

LEAVE A REPLY

Please enter your comment!
Please enter your name here