សិង្ហបុរីកំពុងពិចារណាសំណើនាំចូលថាមពលកកើតឡើងវិញពីកម្ពុជា ឥណ្ឌា និងអូស្ត្រាលី

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមវិទ្យាស្ថានវិទ្យាសាស្ត្រ បរិស្ថាន សមុទ្រ និងកោះ ដែលស្ថិតក្រោមចំណុះ នៃក្រសួងធនធានធម្មជាតិ និងបរិស្ថាន (MoNRE) បានឱ្យដឹងថា ប្រទេសជាច្រើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បានបង្ហាញពីចំណាប់អារម្មណ៍ ក្នុងការទិញថាមពលកកើតឡើងវិញរបស់វៀតណាម។

ទោះជាយ៉ាងណាក្តី ការប្រកួតប្រជែងនឹងមានភាពតឹងតែង ខណៈប្រទេសសិង្ហបុរី ដែលជាអតិថិជនដ៏មានសក្តានុពល របស់វៀតណាម បាននិងកំពុងស្ថិតក្នុងដំណើរការ វាយតម្លៃសំណើចំនួន២០ ពីអ្នកផ្គត់ផ្គង់ថ្មីៗ ដូចជា ក្រុមហ៊ុនមកពីប្រទេសកម្ពុជា អូស្ត្រាលី និងឥណ្ឌា។

លោកបណ្ឌិត Dư Văn Toán សាស្រ្តាចារ្យនៅវិទ្យាស្ថានខាងលើនេះ លើកឡើងថា សមត្ថភាពដំឡើងថាមពលសរុបរបស់វៀតណាមបានឈានដល់៧៨,៤GW នៅឆ្នាំ២០២១ ដោយធ្វើឱ្យវៀតណាមក្លាយជាប្រទេស ដែលមានប្រព័ន្ធថាមពលដ៏ធំបំផុត ក្នុងចំណោមបណ្តាប្រទេសអាស៊ាន។  ប្រទេស​នេះ​ក៏​បាន​និង​កំពុង​វិនិយោគ​យ៉ាង​ច្រើនសំបើម លើ​ថាមពល​កកើត​ឡើង​វិញ ​ក្នុង​រយៈពេលប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះផងដែរ។
លោក Toán បានបន្ថែមថា “យើងទទួលបានការទាក់ទងពីក្រុមហ៊ុនដែលមានមូលដ្ឋាន នៅប្រទេសសិង្ហបុរី អំពីការទិញថាមពលកកើតឡើងវិញចំនួន៤GW ក្នុងមួយឆ្នាំ និង១០GW ពីក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ី”។

លោក Pham Văn Thiều ប្រធានគណៈកម្មាធិការប្រជាជននៃខេត្ត Bạc Liêu បានលើកឡើងថា ខេត្តរបស់លោក និងខេត្តជិតខាងដូចជា Cà Mau និង Sóc Trăng មានសក្តានុពល ដែលមិនទាន់បានយកមកប្រើប្រាស់ជាច្រើន ក្នុងការអភិវឌ្ឍថាមពលកកើតឡើងវិញ ជាពិសេសសមត្ថភាពថាមពលខ្យល់ និងថាមពលពន្លឺព្រះអាទិត្យ។

លោកThiều បានបន្តថា “នៅពេលដែលថាមពលទាំងនេះ ត្រូវបានអភិវឌ្ឍយ៉ាងពេញលេញ នោះប្រទេសរបស់យើងនឹងអាចមានសមត្ថភាពលើសសម្រាប់នាំចេញ ទៅកាន់បណ្តាប្រទេសក្នុងតំបន់”។ ជាមួយគ្នានេះ លោក​ Pham Văn Thiều ក៏បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កណ្តាលវៀតណាម និង​ក្រសួង​នានា ​បង្កើត​ក្របខណ្ឌ​ច្បាប់​សម្រា​ប់​ការ​ជួញដូរ​ថាមពល​ឲ្យ​បាន​លឿនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here