ដំណឹងល្អៈ កំពង់ផែអន្តរជាតិនៅតំបន់តារាសាគរខេត្តកោះកុងចាប់ផ្តើមដំណើរការដឹកជញ្ជូនទំនិញផ្ទាល់ទៅក្រៅប្រទេស

0

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ក្រុមហ៊ុនKoh Kong Port Management បាននិងកំពុងដំណើរការដឹកជញ្ជូនទំនិញ ចេញពីកំពង់ផែទឹកជ្រៅ នៅតំបន់តារាសាគរ ទៅកាន់ក្រៅប្រទេស។

ដំណើរការនេះ បន្ទាប់ពីក្រុមហ៊ុនវិនិយោគកំពង់ផែនេះ ទទួល​បានការអនុញ្ញាត្តពីក្រសួង និងស្ថាប័នពាក់ព័ន្ឋរបស់រដ្ឋាភិបាល។

កំពង់ផែនេះ ស្ថិតនៅឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។ អភិបាលរងខេត្តកោះកុង លោកស្រីអ៊ី នារីនេតបានមានប្រសា​សន៍ឲ្យដឹង ក្នុងពិធីបើកដំណើរការសាកល្បង កំពង់ផែខាងលើកាលពីថ្ងៃទី២៦ កញ្ញាថា កំពង់ផែថ្មីនេះ នឹងជួយសម្រួលការដឹកជញ្ជូនទំនិញ ផលនេសាទ និងផលកសិកម្មរបស់ប្រជាពលរដ្ឋ ដើម្បីលើកកំពស់ជីវភាពរបស់ប្រជាពលរដ្ឋក្នុងខេត្ត។កំពង់ផែនេះ នឹងទទួលស្វាគមន៍នាវាទេសចរណ៍ និងកប៉ាល់ដឹកទំនិញ ដែលមានទម្ងនើផ្ទុក៧០,០០០តោន ចាប់ពីថ្ងៃទី២៦ កញ្ញាកន្លងមកនេះ។

លោកស្រីអ៊ី នារីនេតបានបន្តថា នយោបាយឈ្នះ ឈ្នះរបស់សម្តេចតេជោ បានធ្វើឲ្យកម្ពុជាមានសុខសន្តិភាព និងមានភាពរីកចម្រើ​នគ្រប់វិស័យ ដែលធ្វើឲ្យសេដ្ឋកិច្ចជាតិ មានការរីកចម្រើនលើគ្រប់វិស័យ។

លោកស្រីបន្តថា ក្រៅពីកំពង់ផែ ខេត្តកោះកុងក៏មានព្រលានយន្តហោះអន្តរជាតិតារាសាគរ ដែលសាងសង់លើផ្ទៃដីជាង២០០ហិកតា និងប្រវែងផ្លូវរត់៣២០០ម៉ែត្រ អាចឲ្យយន្តហោះខ្នាតធំចុះចតបាន នឹងធ្វើឲ្យខេត្តនេះទាក់ទាញភ្ញៀវទេស​ចរណ៍ និងសេដ្ឋកិច្ចរបស់ខេត្តរីកចម្រើនកាន់តែខ្លាំងនាពេលអនាគត៕

LEAVE A REPLY

Please enter your comment!
Please enter your name here