លោកប្រធានាធិបតីចិនសង្កត់ធ្ងន់លើការសាងសង់តំបន់ពាណិជ្ជកម្មសេរីសាកល្បងកម្រិតខ្ពស់ ដើម្បីដោះស្រាយបញ្ហាប្រឈម

0

ដោយ: គង់ លាងហួរ

ប៉េកាំង: ប្រធានាធិបតីចិន លោកស៊ី ជីនពីង បានសង្កត់ធ្ងន់លើកិច្ចខិតខំប្រឹងប្រែង ដើម្បីកសាងតំបន់ពាណិជ្ជកម្ម សេរីសាកល្បងកម្រិតខ្ពស់ជាងមុន (FTZs) ដោយជំរុញឱ្យ FTZs នាំមុខគេក្នុងការរកឃើញអ្វីដែលថ្មី និងដោះស្រាយបញ្ហាប្រឈមដ៏លំបាក។

លោកស៊ី ជីនពីង ដែលជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន (CPC) និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមផងនោះ បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងការណែនាំមួយនាពេលថ្មីៗនេះស្តីពី ការជំរុញការសាងសង់តំបន់ FTZs សាកល្បង។

លោកបានបញ្ជាក់បន្តថា “ការសាងសង់តំបន់ពាណិជ្ជកម្មសេរី FTZ គឺជាចំណាត់ការយុទ្ធសាស្ត្រដ៏សំខាន់ របស់គណៈកម្មាធិការកណ្តាល CPC ដើម្បីជំរុញកំណែទម្រង់ និងការបើកចំហនៅក្នុងយុគសម័យថ្មីនេះ”។លោក ស៊ី ជីនពីងបានអះអាងថា ក្នុងរយៈពេល១ទសវត្សរ៍កន្លងមកនេះ តំបន់FTZs បានបម្រើជាមូលដ្ឋានសាកល្បង ដ៏ទូលំទូលាយសម្រាប់កំណែទម្រង់ និងការបើកចំហ ដោយដាក់ចេញនូវគោលនយោបាយពាក់ព័ន្ធសំខាន់ៗ និងជាមូលដ្ឋានមួយចំនួនធំ និងសម្រេ​ចបាននូវលទ្ធផលសំខាន់ៗជាច្រើន។

លោកបានគូសបញ្ជាក់ពីយុទ្ធសាស្រ្ត ដើម្បីធ្វើឱ្យប្រសើរឡើងនូវតំបន់ FTZs នៅលើដំណើរថ្មីរបស់ប្រទេសចិន ដោយផ្អែកលើបទពិសោធន៍មួយទសវត្សរ៍។លោកស៊ីលើកឡើងថា “តំបន់ទាំងនេះ គួរតែនាំមុខក្នុងការរកឃើញ ឬធ្វើអ្វីដែលថ្មី និងដោះស្រាយបញ្ហាប្រឈមដ៏លំបាក”។លោកបានបន្ថែមថា FTZs អាចដើរតួនាទីជាគំរូបន្ថែមទៀត តាមរយៈការប្តេជ្ញាចិត្ត ចំពោះការបើកចំហកម្រិតខ្ពស់ ដោយផ្តោតលើការបង្កើតថ្មី ការសម្របសម្រួលការអភិវឌ្ឍ និងសន្តិសុខ ការអនុ​លោមតាមច្បាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មសកល ការលើកកម្ពស់ការបើកចំហ និងការលើកកម្ពស់ការអភិវឌ្ឍ ប្រកបដោយភាពច្នៃប្រឌិតនៃខ្សែសង្វាក់ឧស្សាហកម្មទាំងមូល៕

LEAVE A REPLY

Please enter your comment!
Please enter your name here