ដោយៈ គង់ សូរិយា
ភ្នំពេញៈ ស្របពេលទំហំលំហូរFDIធំៗ នៅតែមានសភាពស្ងប់ស្ងាត់ សម្រាប់វិស័យអចលនទ្រព្យនៅកម្ពុជា គេសង្កេតឃើញជនបរទេសបានចាប់ផ្តើមទិញខុនដូ នៅកម្ពុជាបណ្តើរៗឡើងវិញផងដែរ។
អ្នកស្រីអាន សុធីតាអគ្គនាយិកាក្រុមហ៊ុនPropNex Cambodiaបានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា រហូតមកទល់ពេលនេះ នៅតែមានសភាពស្ងប់ស្ងាត់ សម្រាប់លំហូរទុនវិនិយោគពីក្រៅប្រទេស ប៉ុន្តែសកម្មភាពទិញខុនដូក្នុងយូនីតតូចៗ បានកើនឡើងវិញខ្លះៗ ដោយជនជាតិម៉ាឡេស៊ី កូរ៉េ សឹង្ហបុរីបានមកទិញបណ្តើរៗនៅរាជធានីភ្នំពេញ។
អ្នកស្រីបន្តថា “សម្រាប់ការវិនិយោគដីធំៗ នៅតែស្ងប់ស្ងាត់ផងដែរ ហើយការលក់ភាគច្រើនគឺដាក់ក្រោមតម្លៃទីផ្សារ”។ អ្នកស្រីបន្តទៀតថា “ការលក់ផ្ទះ ការសាងសង់ឃ្លាំងសម្រាប់ជួល នៅតែមានសភាពស្ងប់ស្ងាត់ ខណៈម្ចាស់បុរីធំៗបានបង្អង់ល្បឿន លើផែនការអភិវឌ្ឍន៍របស់ពួកគេផងដែរ”។
ជាមួយគ្នានេះ លោកខន គង្គាអគ្គនាយក្រុមហ៊ុនERA Cambodiaបានមានប្រសាសន៍ឲ្យដឹងផងដែរថា សកម្មភាពទិញ លក់ខុនដូ ពិតជាមានសភាពកំរើកឡើងវិញ ប៉ុន្តែមិនពុះកញ្រ្ជោលដូចបណ្តាឆ្នាំមុននោះទេ។ លោកបន្តថា ការជួលខុនដូ បានកើនឡើងនៅ ខេត្តព្រះសីហនុ ដោយសារកំនើនភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ។ លោកបន្តថា“បើពិនិត្យជារួម អ្វីៗពិតជាមានសភាពប្រសើរឡើង ធៀបនឹងរយៈពេលមុនការបោះឆ្នោត និងការរៀបចំរដ្ឋាភិបាលថ្មី”៕