ដោយៈ តែម សុខុម
បាងកក: មជ្ឈមណ្ឌលស្រាវជ្រាវ និងបច្ចេកវិទ្យារថយន្តចិន (Catarc) គ្រោងបង្កើតការិយាល័យថ្នាក់តំបន់ នៅក្នុងប្រទេសថៃ ដែលនឹងទាក់ទាញការវិនិយោគរបស់ចិន យ៉ាងសម្បើមដើម្បីប្រែក្លាយប្រទេសថៃ ទៅជាមជ្ឈមណ្ឌលរថយន្តអគ្គិសនី (EV)។
ចំណាត់ការនេះធ្វើឡើង បន្ទាប់ពីការចរចាដែលបង្ហាញពីសក្តានុពលរបស់ប្រទេសថៃ ហើយត្រូវបានរំពឹងថា នឹងនាំមកនូវការវិនិយោគបន្ថែមទៀតដើម្បីជំរុញគោលដៅ “30@30” ពោលគឺការបង្កើនការផលិតរថយន្តEV ឱ្យឈានដល់៣០% នៃផលិតកម្មសរុបនៅឆ្នាំ២០៣០។ នេះបើយោងតាមកាសែត The Nation ចុះផ្សាយកាលពីថ្ងៃពុធ ទី២៧ ខែកញ្ញា។
ការផលិតរថយន្ត EV ត្រូវបានព្យាករថា នឹងជំរុញសេដ្ឋកិច្ចរបស់ប្រទេសថៃ ក្នុងរយៈពេលវែង ខណៈកាត់បន្ថយការបំពុលបរិស្ថានក្នុងការដឹកជញ្ជូន និងជួយប្រទេសថៃ ឆ្ពោះទៅរកអព្យាក្រឹតភាពកាបូន (Carbon Neutrality)។
នៅក្នុងការប្រកាសអំពីការជ្រើសយកប្រទេសថៃ ធ្វើជាការិយាល័យថ្នាក់តំបន់ លោក Kriengsak Wongpromrat ប្រធានវិទ្យាស្ថានរថយន្ត (Automotive Institute) បានធ្វើការកត់សម្គាល់ថា ការិយាល័យនេះ នឹងជួយសម្រួលដល់ការសម្របសម្រួល ជាមួយបណ្ដាក្រុមហ៊ុនផលិតរថយន្ត EV របស់ចិន ដែលកំពុងស្វះស្វែងបោះទុនវិនិយោគនៅក្នុងប្រទេសថៃ និងតំបន់អាស៊ីអាគ្នេយ៍។Catarc គឺជាមជ្ឈមណ្ឌលបច្ចេកទេស ក្នុងឧស្សាហកម្មរថយន្តដែលស្ថិតក្រោមការត្រួតពិនិត្យ និងការគ្រប់គ្រងទ្រព្យសកម្មរបស់រដ្ឋាភិបាលចិន។
មជ្ឈមណ្ឌលនេះក៏ បម្រើជាអង្គភាពគាំទ្រផ្នែកបច្ចេកទេស សម្រាប់បណ្ដាទីភ្នាក់ងាររដ្ឋាភិបាលជាតិផងដែរ។ការិយាល័យថ្នាក់តំបន់នេះ ត្រូវបានរំពឹងថានឹងទាក់ទាញក្រុមហ៊ុនផលិតរថយន្ត EV និងវិនិយោគិនចិន មកប្រទេសថៃ កាន់តែច្រើនដែលធ្វើឱ្យថៃ ក្លាយជាមជ្ឈមណ្ឌលដ៏សំខាន់ សម្រាប់រថយន្ត EV និងរថយន្តទំនើបៗនៅក្នុងតំបន់។
ប្រទេសចិន កំពុងផ្តោតលើរថយន្តប្រើប្រាស់ថាមពលថ្មី (NEV) ជាមួយនឹងគោលដៅ ពង្រីកផលិតកម្មមកកាន់តំបន់អាស៊ីអាគ្នេយ៍។ នេះអាចនាំឱ្យអាជីវកម្ម ផលិតរថយន្តអគ្គិសនីប្រើអាគុយសុទ្ធ (BEV) របស់ប្រទេសចិន បោះទុននិយោគយ៉ាងច្រើនសម្បើម នៅក្នុងប្រទេសថៃ ក្នុងពេលឆាប់ៗនេះ៕ The Nation៕