ដោយ គង់ សូរិយា
ភ្នំពេញ៖ ក្រសួងពាណិជ្មកម្មកម្ពុជាបានអះអាងថា សហភាពអឺរ៉ុបត្រូវការរយៈពេល១៨ខែ ដើម្បីដំណើរការនីតិវិធីព្យួរជាបណ្ដោះអាសន្ន នូវប្រព័ន្ធអនុគ្រោះពន្ធ (EBA) ខណៈកម្ពុជា បានត្រៀមលក្ខណៈទទួលយករួចជាស្រេចហើយនោះ។
បន្ទាប់សហភាពអឺរ៉ុបកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ បានប្រកាសជាផ្លូវការនូវការចាប់ផ្តើមដំណើរការនីតិវិធីព្យួរជាបណ្ដោះអាសន្ន នូវប្រព័ន្ធអនុគ្រោះពន្ធលើកមុខទំនិញមកលើកម្ពុជានោះ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីប្រកាសព័ត៌មាននៅយប់ថ្ងៃដដែលដោយបញ្ជាក់ថា សហភាពអឺរ៉ុបមិនបានចាប់ផ្តើមព្យួរប្រព័ន្ធអនុគ្រោះពន្ធភ្លាមៗ ឬជាស្វ័យប្រវត្តិនោះឡើយ តែជាពេលវេលាដែលចាប់ផ្តើមបើកនីតិវិធី ពិគ្រោះយោបល់ជាផ្លូវការតែប៉ុណ្ណោះ ដែលប្រការនេះ EU ត្រូវការពេលវេលាចំនួន១៨ខែទៀត។
សេចក្តីប្រកាសព័ត៌មានដដែលបានបន្តថា រយៈពេលគិតចាប់ពីការចាប់ផ្តើម រហូតដល់ការចូលជាធរមាន នៃសេចក្តីសម្រេចចុងក្រោយណាមួយនោះ គឺមានរយៈពេល១៨ខែ គិតចាប់ពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩នេះតទៅ។ រយៈពេលដំណើរការនេះ នឹងត្រូវបានកំណត់ជា ២ដំណាក់កាល។ ដំណាក់កាលទី១ មានរយៈពេល៦ខែ ជាដំណាក់កាលដំបូង ដែលគណៈកម្មការអឺរ៉ុបបន្តពិភាក្សាជាមួយរាជរដ្ឋាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធ ដើម្បីស្វែងយល់បន្ថែមពីវឌ្ឍនភាព នៃការអនុវត្តកាតព្វកិច្ចក្នុងបទបញ្ញតិ្តលេខ ៩៧៨/២០១២។






