តម្លៃផ្ទះឯកជននៅសិង្ហបុរី បានកើនឡើងតិចតួចនៅក្នុងត្រីមាសទី៣ ក្រោយពីធ្លាក់ចុះក្នុងត្រីមាសទី២

0

ដោយ: គង់ លាងហួរ

សិង្ហបុរី: តម្លៃផ្ទះឯកជននៅក្នុងប្រទេសសិង្ហបុរី បានកើនឡើងតិចតួចនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៣ ដោយក្រុមអ្នកវិភាគបានព្យាករថា វានឹងមានកំណើនមធ្យមរហូតដល់ដំណាច់ឆ្នាំនេះ។

យោងតាមទិន្នន័យ ដែលចេញផ្សាយដោយអាជ្ញាធរអភិវឌ្ឍន៍ទីក្រុង (URA) នៅថ្ងៃចន្ទនេះ បង្ហាញថា តម្លៃផ្ទះឯកជននៅត្រីមាសទី៣បានកើនឡើង០,៥ភាគរយ បន្ទាប់ពីធ្លាក់ចុះ០,២ភាគរយ នៅក្នុងត្រីមាសទី២ ដែលជាការធ្លាក់ចុះលើកដំបូង គិតចាប់តាំងពីត្រីមាសទីមួយ ឆ្នាំ២០២០។

ចំណែកឯ ការ​លក់​បាន​ធ្លាក់​ចុះ​ប្រហែល១៥ភាគរយ ​នៅ​លើ​មូលដ្ឋាន​ប្រចាំ​ត្រីមាស និង​ធ្លាក់​ចុះប្រហែល២៦ភាគរយ​ នៅលើមូលដ្ឋានប្រចាំឆ្នាំ​។តម្លៃ​អចលនទ្រព្យ​លំនៅដ្ឋានឯកជន​ ដែល​មិន​ជាប់ដី​(Non-landed)បាន​កើនឡើង២,១ ភាគរយ​ នៅត្រីមាសទី៣ បើប្រៀបធៀប​នឹង​ការ​ធ្លាក់​ចុះ០,៦ភាគរយ​ក្នុង​ត្រីមាស​មុន​។

កំណើននេះបណ្តាល មកពីតម្លៃ​អចលនទ្រព្យ​លំនៅដ្ឋានឯកជន​ ដែល​មិន​ជាប់ដី នៅក្នុងតំបន់ជាយកណ្តាល (RCR) ដែលបានកើនឡើង២,៣% និងតម្លៃនៅខាងក្រៅតំបន់កណ្តាល (OCR) ដែលបានកើនឡើង៥,១%។

លោកស្រី Christine Sun អនុប្រធានជាន់ខ្ពស់ផ្នែកស្រាវជ្រាវ និងវិភាគរបស់ក្រុមហ៊ុនOrangeTee & Tie បានចង្អុលបង្ហាញថា “ការបើកដំណើរការលក់ថ្មីភាគច្រើន គឺស្ថិតក្នុងតំបន់OCR និង RCR កាលពីត្រីមាសមុន។ ដូច្នេះហើយ តម្លៃអចលនទ្រព្យបានកើនឡើងលឿននៅក្នុងតំបន់ទាំងពីរនេះ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here