ដំណឹងល្អៈ ក្រុមហ៊ុនSky Angkor Air នឹងចាប់ផ្តើមហោះហើររវាងក្រុងសៀមរាប ទៅកាន់ប្រទេសកូរ៉េចុងឆ្នាំនេះ

0

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ​ក្រម​ហ៊ុន​អាកាសចរណ៍​ Sky Angkor Airline នឹងធ្វើការហោះហើរត្រង់ ចេញពី​សៀមរាប​ទៅ​ និង​មក​ប្រទេស​កូរ៉េ​នៅចុងឆ្នាំនេះ។

ក្រសួងទេសចរណ៍បញ្ជាក់ថា នេះ​មាន​សារៈសំខាន់​ សម្រាប់​ទេសច​រណ៍​ពី​ប្រទេស​កូរ៉េ មកកាន់​ខេត្តសៀមរាប និង​ពី​ខេត្តសៀម​រាប​ទៅ​ប្រទេស​កូរ៉េ ក្នុង​ការផ្តល់​ភាពងាយស្រួល​កាន់តែច្រើន តម្លៃ​សមរម្យ​ការផ្លាស់ប្តូរ​វប្បធម៌​រវាង​កូរ៉េ និង​កម្ពុជា​។​

ក្រម​ហ៊ុន​អាកាសចរណ៍ Sky Angkor Airline កាលពី​ថ្ងៃទី​២៦ ខែកញ្ញា​កន្លងទៅ បាន​ផ្សព្វផ្សាយ​នៅលើ​គេហ​ទំព័រ​ផ្លូវការ​របស់ខ្លួន​ថា ​ទីបំផុតអាកាសយានដ្ឋាន​អន្តរជាតិ ​សៀមរាប​ អង្គរ​ថ្មី ​ត្រូវបាន​សាងសង់​រួចរាល់​ហើយ​។ ​លេខ​កូដ​៣​ថ្មី ​សម្រាប់​អាកាសយានដ្ឋាន​ថ្មី​គឺ «SAI»​ហើយ​ក្រុមហ៊ុន​អាកាសចរណ៍ Sky Angkor​ ចាប់ផ្តើម​បើក​ដំណើរការ​ជើងហោះហើរ ​នៅ​ថ្ងៃទី​២៨ ខែធ្នូ ដល់​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០២៤ ដោយ​ហោះហើរ​ត្រង់​ពី​សៀមរាប​- អ៊ី​ន​ឆន់ និង អ៊ី​ន​ឆន់​-​សៀមរាប​។​

ក្រម​ហ៊ុន​អាកាសចរណ៍ Sky Angkor Airline​បន្តថា ចំពោះ​កាលវិភាគ​នៃ​ការហោះហើរ ក្រុមហ៊ុន​នេះ​នឹង​ហោះហើរ​ជា​រៀងរាល់ថ្ងៃ​។​ អ្នកនាំពាក្យ​ក្រសួងទេសចរណ៍ លោក តុ​ប សុភ័កបានមានប្រ​សាសន៍ឲ្យដឹងកាលពី​ថ្ងៃទី​២ ខែតុលា ថា ការណ៍​នេះ​ធ្វើ​ឱ្យគេ​រំពឹងថា ទេសចរ​ជនជាតិ​កូរ៉េ​ នឹង​មកកាន់​ខេត្តសៀមរាប មាន​ចំនួន​ច្រើន​។​
លោក​បាន​បន្តថា កូរ៉េ គឺជា​ទីផ្សារ​ទេសចរណ៍​១ ​ដ៏​សំខាន់​សម្រា​ប់​កម្ពុជា​ដែរ ក្នុងចំណោម​ទីផ្សារ​ទេសចរណ៍​ធំៗ​ទាំង​១០ គឺ​កូរ៉េ ស្ថិតនៅក្នុង​លំដាប់​ទី​៦ ដែល​បានធ្វើ​ដំណើរ​មក​កម្ពុជា ក្នុង​រយៈពេល​៨​ខែ​ឆ្នាំ​២០២៣​នេះ​។​

លោក​បញ្ជាក់ថា ​បើ​យើង​មើល​ក្របខ័ណ្ឌ ​ក្នុង​ខេត្តសៀមរាប​១ ទេសចរ​កូរ៉េ​ឈរ​នៅ​លំដាប់​ទី​៤ បន្ទាប់ពី​សហរដ្ឋអាមេរិក អង់គ្លេស​និង​បារាំង​។ ក្នុង​រយៈពេល​៨​ខែ​នេះដែរ ​ទេសចរ​មានការ​កើនឡើង​ដែរ​។​ ក្នុងករណី​ដែលមាន​ជើងហោះហើរ​ត្រង់​ រវាង​កម្ពុជា​ជាមួយ​កូរ៉េ​បែបនេះ វា​ពិត​មាន​សារៈសំខាន់​ ក្នុងការ​ជំរុញ​កំណើន​នេះ​បន្តទៀត​។​

ជាមួយគ្នានេះ លោក ហូ វណ្ណឌី ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា បាន​ប្រាប់​ឱ្យដឹងថា ​ការហោះហើរ​ត្រង់​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Sky Angkor Airline ទៅមក​សៀមរាប និង​កូរ៉េ​នេះដែរ ចាត់ទុកថា ​ជា​ដំ​ណឹង​ល្អ​១​ដែរ ​សម្រាប់​ប្រតិបត្តិ​ករ​ទេស​ចរណ៍​ទាំងអស់ ក្នុង​ខេត្តសៀមរាប ស្របពេល​រដូវ​ទេសចរ​ចេញ​ដើរលេង​ច្រើន​បានមក​ដល់​ដែរ​។​

លោកបានបន្តថា យើង​ដឹង​ហើយ​ថា ចាប់ពី​ខែតុលា​នេះ​ទៅ ជា​   រដូវ​កាល ដែល​សម្បូរ​អ្នកទេសចរ ជាពិសេស​ទេសចរ​អន្ត​រ​ជាតិ​មក​កម្សាន្ត​ នៅតាម​គោលដៅ​ទេសចរណ៍​នានា​នៅ​កម្ពុជា​។ ​ស្របគ្នា​នេះដែរ អ្នកទេសចរ​កូរ៉េ អាច​នឹងមាន​កំណើន​ដែរ​ នៅពេល​យើង​មាន​ជើងហោះហើរ​ត្រង់​បែបនេះ​។លោកបន្តថា “​ដូច្នេះ ប្រតិបត្តិ​ករ​ទេសចរណ៍​យើង ​គួរ​ត្រៀមលក្ខណៈ​ឱ្យ​ហើយ ​ក្នុង​ការផ្តល់​សេវាកម្ម​ទេស​ចរណ៍ ​ប្រកបដោយ​គុណភាព​ដល់​ភ្ញៀវ​”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here