រាជធានី ខេត្តចំនួន៧បន្តទាក់ទាញការវិនិយោគផ្នែកឧស្សាហកម្មជាមួយទឹកប្រាក់ជាង២៥០លានដុល្លារអាមេរិក

0

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ គម្រោង​វិនិយោគ​ចំ​នួន​ជិត៣០ ដែលមាន​ទុន​វិ​និ​យោគ​ជាង២៥០​លាន​ដុល្លារ និង​បង្កើត​ការងារ​បាន​ជាង២៧​ពាន់​កន្លែង ត្រូវបាន​ក្រុមប្រឹក្សា​​អភិវឌ្ឍន៍​កម្ពុជា ​(CDC) អនុ​​ម័ត​ឱ្យ​វិនិយោគ​ក្នុង​ខែកញ្ញា ឆ្នាំ​ ២០២៣នេះ។ ​ក្នុងចំណោមគំរោងវិនិយោគទាំងនោះ មានគំរោងចំនួន៩​ស្ថិតក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​។ នេះ​បើ​យោងតាម CDC​។​

យោងតាម​ការ​គណនាបានបង្ហាញថា ​ក្នុង​ខែកញ្ញា ឆ្នាំ​ ២០២៣ មាន​គម្រោង​វិនិយោគ​ចម្រុះ​ចំនួន២៦ ដែលមាន​ទុន​​វិនិយោគ​សរុប ២៥៦,៦៥​លាន​ដុល្លារ និង​បង្កើត​ការងារ​បាន ២៧,២៦២​ កន្លែង ត្រូវបាន CDC អនុម័ត​ឱ្យ​វិនិយោគ​នៅ​កម្ពុជា​។

គម្រោង​ចំនួន៩​ ស្ថិតនៅក្នុង​តំ​បន់​សេដ្ឋកិច្ច ​នៃ​ខេត្ត​ព្រះសីហនុ និង​ស្វាយរៀង ខណៈ​ក្រៅពីនោះ ស្ថិត​នៅក្រៅ​តំបន់​សេដ្ឋ​​កិច្ច​ពិសេស​ដូចជា ក្នុង​រាជធានី​​ភ្នំពេញ ខេត្តកំពង់ស្ពឺ តាកែវ ព្រះ​សីហនុ ក្រចេះ កណ្តាល និង​កំពង់ចាម​។ គម្រោង​វិនិយោគ​ ដែលមាន​ទុនវិនិយោគ​ច្រើន គឺ​គម្រោង​អភិវឌ្ឍន៍​អនុ​ស្ថានីយ និង​ខ្សែ​បញ្ជូន​ថាមពល​អគ្គិសនី តង់ស្យុង​ខ្ពស់ ២៣០ គីឡូវ៉ុល ពី​ខេត្តកំពង់ចាម ទៅ​ខេត្តក្រចេះ និង​គម្រោង​បង្កើត​រោងចក្រ​ផលិត​ដែក ​គ្រប់​ប្រភេទ​នៅ​ខេត្ត​ព្រះសីហនុ​។​គម្រោង​ទាំង​នោះ​មានដូចជា បណ្តាញ​ចែក​ចាយ​អគ្គិសនី អំពូល​ភ្លើង ដែក​ខ្សែភ្លើង កាត់ដេរ គ្រឿងសង្ហារិម ចំណី​សត្វ សម្ភារ​វេច​ខ្ចប់ កេះ​កា​តុង​, និង​សម្ភារ​ប្រើប្រាស់​ប្រចាំថ្ងៃ ជាដើម​។​

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា អ្នកឧកញ៉ាលឹម ហេង បាន​មានប្រសាសន៍ថា ការទទួលបាន​គម្រោង​វិនិយោគ​ថ្មីៗ​ ជា​បន្តបន្ទាប់​នេះ​បញ្ជាក់ថា កម្ពុជា​កំពុង​ក្លាយជា​ប្រទេស ដែលមាន​សក្តានុពល​គ្រប់គ្រាន់ ​ក្នុងការ​ទាក់ទាញ​វិ​និ​យោគិន​ជាតិ និង​អន្តរជាតិ​ឱ្យមក​បណ្តាក់ទុន ខណៈ​ក្រៅពី​មានច្បាប់​វិនិយោគ​ល្អប្រសើរ​កម្ពុជា ​ក៏បាន​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ ជាមួយ​ប្រទេស​ជា​ច្រើន ​ដើម្បី​បើក​ទីផ្សារ​នាំចេញ​ឱ្យ​កាន់តែ​ធំ និង​មាន​លក្ខខណ្ឌ​ពិសេស​(​ពន្ធ​)​ផងដែរ​។

លោក​បន្តថា នៅពេល​ចង្វាក់​ផលិត​កម្ម និង​អាជីវកម្ម​ក្នុងស្រុក​កាន់​តែ​រីកចម្រើន គឺ​មិន​ត្រឹមតែ​ជួយ​លើកកម្ពស់​សមត្ថភាព និង​មុខ​មាត់​ប្រទេស​កម្ពុជា​ នៅលើ​ឆាក​អន្តរជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​ឱ្យ​កម្ពុជា​កាត់បន្ថយ ​ការពឹង​ផ្អែកលើ​ផលិតផល​នាំចូល​ផងដែរ​៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here