ដោយ: គង់ លាងហួរ
ភ្នំពេញ: សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍កាលពីថ្ងៃអង្គារថា រដ្ឋាភិបាលបានបញ្ចេញថវិកាចំនួន១,២ពាន់លានដុល្លារអាមេរិក ដើម្បីជួយដល់ជនក្រីក្រ និងជនងាយរងគ្រោះ នៅក្នុងប្រទេសគិតចាប់តាំងពីឆ្នាំ២០១៩មក។
នេះបើយោងតាមសារពត៌មានចិន Xinhua បានចុះផ្សាយកាលពីថ្ងៃអង្គារ ទី៣ ខែតុលា ឆ្នាំ២០២៣។កម្ពុជាបានផ្តល់អំណោយជាសាច់ប្រាក់ ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៩ ដល់ជនក្រីក្រ និងងាយរងគ្រោះ ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-19 ចាប់តាំងពីឆ្នាំ២០២០ និងដល់គ្រួសារដែលរងផលប៉ះពាល់ ដោយសារសម្ពាធអតិផរណាចាប់តាំងពីឆ្នាំ២០២២។សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងសុន្ទរកថា ក្នុងពិធីជួបសំណេះសំណាល ជាមួយកម្មកររោងចក្រកាត់ដេរ ជាច្រើនពាន់នាក់ក្នុងរាជធានីភ្នំពេញថា “រហូតមកដល់ពេលនេះ រដ្ឋាភិបាលបានផ្តល់ជំនួយជាសាច់ប្រាក់ សរុបចំនួន១,២ពាន់លានដុល្លារ ដល់ប្រជាពល រដ្ឋប្រមាណ៤,៨លាននាក់ ហើយកម្មវិធីទាំងនេះនឹងនៅតែបន្ត”។
សម្តេចបានបញ្ជាក់ថា គិតចាប់ពីខែមករា រហូតដល់ខែកញ្ញា ឆ្នាំ២០២៣នេះ រដ្ឋាភិបាលកម្ពុជាបានចំណាយថវិកាជិត ៤០០លានដុល្លារអាមេរិកដើម្បីជួយដល់ពួកគេ។សម្តេចបានមានប្រសាសន៍ថា “ការណ៍នេះបង្ហាញយ៉ាងច្បាស់នូវការយកចិត្តទុកដាក់ខ្ពស់ របស់យើងចំពោះប្រជាជនក្រីក្រ និងងាយរងគ្រោះទាំងនោះ”។ សម្តេចបន្ថែមថា “កម្មវិធីទាំងនេះបានរួមចំណែកយ៉ាងសំខាន់ ដល់ការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា”។
កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ នៅកម្ពុជាបានចេញផ្សាយរបាយការណ៍មួយ កាលពីខែកក្កដា ដោយបញ្ជាក់ថា កម្មវិធីទាំងនេះ បានផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើន ដល់គ្រួសារក្រីក្រ និងជនងាយរងគ្រោះ។
ទីភ្នាក់ងារអង្គការសហប្រជាជាតិខាងលើ បានអះអាងទៀតថា អត្រានៃភាពក្រីក្រនៅកម្ពុជា បានធ្លាក់ចុះមកត្រឹម១៦,៦ភាគរយ ក្នុងឆ្នាំ២០២២ ពី៣៦,៧ភាគរយក្នុងឆ្នាំ២០១៤ ហើយចំនួនប្រជាជនក្រីក្រត្រូវបានកាត់បន្ថយ ពាក់កណ្តាលពី៥,៦លាននាក់ មកនៅត្រឹម២,៨លាននាក់៕