ដោយ នៅ វឌ្ឈនា
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាគ្រោងតម្លើងថវិកា សម្រាប់ការអភិវឌ្ឍឃុំសង្កាត់ រហូតដល់ជាង៧ម៉ឺនដុល្លារអាមេរិកនៅឆ្នាំ ២០២០ខាងមុខនេះ ដើម្បីជំរុញការអភិវឌ្ឍនៅតាមមូលដ្ឋានឆ្លើយតបទៅនឹង សេចក្ដីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
មានប្រសាសន៍នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅបន្ដ របស់ក្រសួងមហាផ្ទៃនៅថ្ងៃទី១៣ខែកុម្ភៈនេះ សម្ដេចក្រឡាហោម ស ខេង ឧបកនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃបានឲ្យដឹងថា ឆ្នាំ ២០២០ខាងមុខនេះ ឃុំសង្កាត់អាចនឹងមានថវិកាអភិវឌ្ឍន៍ រហូតដល់៧៣,០០០ដុល្លារដោយមិនគិតពីថវិការដ្ឋបាលឡើយ។
សម្តេចបន្តថា ការតម្លើងថវិកាហូតដល់ជាង៧ម៉ឺនដុល្លារ ដល់ឃុំសង្កាត់នីមួយៗនេះ គឺមានការកើនឡើងរហូតដល់ជាង៥០ភាគរយ ខណៈបច្ចុប្បន្នឃុំ សង្កាត់នីមួយៗ ទទួលបានកញ្ចប់ថវិកាមានចំនួនត្រឹមតែ ៣៥,០០០ដុល្លារអាមេរិកប៉ុណ្ណោះ។
សម្តេចក្រឡាហោមបានអះអាងថា រាជរដ្ឋាភិបាលនឹងតម្លើងថវិកាឃុំ សង្កាត់នេះជារៀងរាល់ឆ្នាំ ដោយតាមផែនការនៅឆ្នាំ២០២១ នឹងកើនដល់៨៥,០០០ដុល្លារ, ឆ្នាំ២០២២ នឹងកើនដល់១០ម៉ឺនដុល្លារ ឆ្នាំ២០២៣ នឹងកើនដល់ជាង១១០,០០០ដុល្លារបន្ថែមទៀត។
សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ការបង្កើនចំនួនថវិកានេះ បន្ទាប់ពីមានការជជែកពិភាក្សាគ្នា យ៉ាងយកចិត្តទុកដាក់រវាងក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមានការឯកភាព ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដើម្បីបង្ហាញឆន្ទៈនយោបាយរបស់រាជរដ្ឋាភិបាល។ការបង្កើនថវិកាទាំងអស់នេះ គឺឆ្លុះបញ្ចាំងអំពីឆន្ទៈនយោបាយរបស់រដ្ឋាភិបាល ដែលផ្ដល់លទ្ធភាព ទៅឲ្យរដ្ឋបាលថ្នាក់ឃុំសង្កាត់ ដែលជាអ្នកនៅជិតស្និទ្ឋជាមួយពលរដ្ឋ មានថវិកាអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន តាមសេចក្ដីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។
នៅឆ្នាំ២០១៨ ថវិកាមូលនិធិឃុំ សង្កាត់ ដែលបានផ្ទេរពីថ្នាក់ជាតិមានចំនួន៤៣៤ពាន់លានរៀល។ មូលនិធិនេះ ត្រូវបានបែងចែកជាពីរសមាសភាព គឺសមាសភាពរដ្ឋបាល ចំនួន២៦៤,៦៤៩លានរៀល និងសមាសភាពអភិវឌ្ឍន៍មូលដ្ឋាន ចំនួន១៦៩,៣៩២លានរៀល។ ក្នុងសមាសភាពអភិវឌ្ឍមូលដ្ឋាន ឃុំ សង្កាត់ បានរៀបចំសំណើគម្រោងឆ្នាំ២០១៨ មានចំនួន១,៧៨២គម្រោង ក្នុងនោះគម្រោងបានដាក់ឲ្យដេញថ្លៃរួច ចំនួន១.៣០៨គម្រោង (បានចុះកិច្ចសន្យាសាងសង់ ១,១៣៣គម្រោង) បញ្ចប់ការសិក្សា២៧០គម្រោង កំពុងសិក្សា១៨៥គម្រោង និងមិនទាន់សិក្សាចំនួន១៩គម្រោង៕