រដ្ឋាភិបាល​នឹង​តម្លើង​ថវិកា​ដល់​ ​៧ម៉ឺន​ដុល្លារ​សម្រាប់​អភិវឌ្ឍន៍​ឃុំ​សង្កាត់​នី​មួយ​ៗ​

0

ដោយ​ ​នៅ​ ​វ​ឌ្ឈ​នា​

​ភ្នំពេញ​៖​ ​រដ្ឋាភិបាល​កម្ពុជា​គ្រោង​តម្លើង​ថវិកា​ ​សម្រាប់​ការ​អភិវឌ្ឍ​ឃុំ​សង្កាត់​ ​រហូតដល់​ជាង៧ម៉ឺន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ ២០២០ខាងមុខនេះ​ ​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​នៅ​តាម​មូលដ្ឋាន​ឆ្លើយតបទៅនឹង​ ​សេចក្ដី​ត្រូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​។​

​មានប្រសាសន៍​នៅក្នុង​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០១៨​ ​និង​លើក​ទិសដៅ​បន្ដ​ ​របស់ក្រ​សួង​មហាផ្ទៃ​នៅ​ថ្ងៃទី១៣ខែកុម្ភៈ​នេះ​ ​សម្ដេច​ក្រឡាហោម​ ​ស​ ​ខេង​ ​ឧប​ក​នាយក​រដ្ឋ​មន្រ្ដី​ ​រដ្ឋ​មន្រ្ដី​ក្រសួងមហាផ្ទៃ​បាន​ឲ្យដឹង​ថា​ ​ឆ្នាំ ២០២០​ខាងមុខនេះ​ ​ឃុំ​សង្កាត់​អាច​នឹង​មាន​ថវិកា​អភិវឌ្ឍន៍​ ​រហូតដល់៧៣,០០០ដុល្លារ​ដោយ​មិន​គិត​ពី​ថវិការដ្ឋ​បាល​ឡើយ​។​

សម្តេច​បន្ត​ថា​ ​ការ​តម្លើង​ថវិកា​ហូត​ដល់​ជាង៧ម៉ឺន​ដុល្លារ​ ​ដល់​ឃុំ​សង្កាត់​នី​មួយ​ៗ​នេះ​ ​គឺ​មានការ​កើនឡើង​រហូតដល់​ជាង​៥០ភាគរយ​ ​ខណៈ​បច្ចុប្បន្ន​ឃុំ​ ​សង្កាត់​នី​មួយ​ៗ​ ​ទទួល​បាន​កញ្ចប់​ថវិកា​មាន​ចំនួន​ត្រឹមតែ​ ​៣៥,០០០ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​។​

​សម្តេច​ក្រឡាហោម​បាន​អះអាង​ថា​ ​រាជរដ្ឋាភិបាល​នឹង​តម្លើង​ថវិកា​ឃុំ​ ​សង្កាត់​នេះ​ជា​រៀងរាល់​ឆ្នាំ​ ​ដោយតាម​ផែនការ​នៅ​ឆ្នាំ២០២១​ ​នឹង​កើន​ដល់៨៥,០០០ដុល្លារ​,​ ​ឆ្នាំ២០២២​ ​នឹង​កើន​ដល់១០ម៉ឺន​ដុល្លារ​ ​ឆ្នាំ២០២៣​ ​នឹង​កើន​ដល់​ជាង​១១០,០០០ដុល្លារ​បន្ថែម​ទៀត​។​

​សម្ដេច​ក្រឡាហោម​ ​ស​ ​ខេង​ ​បាន​បញ្ជាក់​ថា​ ​ការ​បង្កើន​ចំនួន​ថវិកា​នេះ​ ​បន្ទាប់ពី​មានការ​ជជែក​ពិភាក្សា​គ្នា​ ​យ៉ាង​យកចិត្ត​ទុកដាក់​រវាង​ក្រសួងមហាផ្ទៃ​ ​និង​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​ព្រមទាំង​មានការ​ឯកភាព​ ​ពី​សម្ដេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋ​មន្ដ្​រី​នៃ​កម្ពុជា​ ​ដើម្បី​បង្ហាញ​ឆន្ទៈ​នយោបាយ​របស់​រាជរដ្ឋាភិបាល​។​ការ​បង្កើន​ថវិកា​ទាំងអស់​នេះ​ ​គឺ​ឆ្លុះបញ្ចាំង​អំពី​ឆន្ទៈ​នយោបាយ​របស់​រដ្ឋាភិបាល​ ​ដែល​ផ្ដល់​លទ្ធភាព​ ​ទៅ​ឲ្យ​រដ្ឋបាល​ថ្នាក់​ឃុំ​សង្កាត់​ ​ដែល​ជា​អ្នក​នៅ​ជិ​ត​ស្និ​ទ្ឋ​ជាមួយ​ពលរដ្ឋ​ ​មាន​ថវិកា​អភិវឌ្ឍន៍​មូលដ្ឋាន​របស់​ខ្លួន​ ​តាម​សេចក្ដី​ត្រូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ​។​

​នៅ​ឆ្នាំ២០១៨​ ​ថវិកា​មូលនិធិ​ឃុំ​ ​សង្កាត់​ ​ដែល​បាន​ផ្ទេរ​ពី​ថ្នាក់​ជាតិ​មាន​ចំនួន៤៣៤ពាន់​លាន​រៀល​។​ ​មូលនិធិ​នេះ​ ​ត្រូវ​បាន​បែងចែក​ជា​ពីរ​សមាសភាព​ ​គឺ​សមាសភាព​រដ្ឋបាល​ ​ចំនួន២៦៤,៦៤៩លាន​រៀល​ ​និង​សមាសភាព​អភិវឌ្ឍន៍​មូលដ្ឋាន​ ​ចំនួន១៦៩,៣៩២លាន​រៀល​។​ ​ក្នុង​សមាសភាព​អភិវឌ្ឍ​មូលដ្ឋាន​ ​ឃុំ​ ​សង្កាត់​ ​បាន​រៀបចំ​សំណើ​គម្រោង​ឆ្នាំ២០១៨​ ​មាន​ចំនួន១,៧៨២គម្រោង​ ​ក្នុង​នោះ​គម្រោង​បាន​ដាក់ឲ្យ​ដេញថ្លៃ​រួច​ ​ចំនួន១.៣០៨គម្រោង​ ​(​បាន​ចុះ​កិច្ចសន្យា​សាងសង់​ ​១,១៣៣គម្រោង​)​ ​បញ្ចប់​ការសិក្សា២៧០គម្រោង​ ​កំពុង​សិក្សា១៨៥គម្រោង​ ​និង​មិនទាន់​សិក្សា​ចំនួន១៩គម្រោង​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here