ដោយៈ ហ្វីអូណា
កំពតៈ ផ្លូវវាងក្រុងកំពតដែលពីមុន នៅពេលខែវស្សាមានភ្លៀងធ្លាក់ខ្លាំងធ្វើឲ្យទឹកលិចផ្លូវ និងមានជង្ហក់ភក់ជ្រៅៗ ដោយរថយន្តធំពិបាកធ្វើដំណើរ ហើយរថយន្តតូចៗ មិនអាចធ្វើដំណើរបាននោះ បច្ចុប្បន្នស្ថាបនារួចរាល់100ភាគរយហើយ។
ក្រោយផ្លូវវាងក្រុងកំពត ស្ថាបនាជួសជុលរួចរាល់ សកម្មភាពចរាចរណ៍ភ្ញៀវទេសចរ និងអន្តរជាតិ បានធ្វើដំណើរឆ្លងកាត់បានល្អប្រសើរជាបណ្ដើរៗឡើងវិញ។ ប្រជាពលរដ្ឋរស់នៅសងខាងផ្លូវ ក៏បានបង្ហាញក្ដីសង្ឃឹមយ៉ាងខ្លាំង នៅពេលផ្លូវនេះបានស្ថាបនាជួសជុលរួចរាល់ ការធ្វើដំណើរនឹងមានភាពស្រួល ហើយការប្រកបមុខរបរនានារបស់ពួកគាត់ នឹងមានភាពល្អប្រសើរឡើងវិញ។
ម្ចាស់ការ៉ាស់ហាងលក់គ្រឿង បន្លាស់រថយន្តសុំមិនបញ្ចេញឈ្មោះបាននិយាយឱ្យដឹងថា ក្រោយគម្រោងស្ថាបនាថ្នល់ផ្លូវ វាងក្រុងកំពតបានរួចរាល់ មានអ្នកចូលមកជួសជុល និងទិញគ្រឿងបន្លាស់រថយន្តបានគ្រាន់បើ ដោយសារតែកត្តាផ្លូវថ្នល់ស្អាត ក្នុងការធ្វើដំណើរក៏បានស្រួល។ការស្ថាបនាផ្លូវវាងក្រុងកំពត ក៏មានការរៀបចំដាក់ឃឿនចំកណ្ដាល ហើយមានការពង្រឹងគុណភាពសាងសង់ ដើម្បីប្រើប្រាស់បានយូរអង្វែង។
វិស្វករប្រចាំការដ្ឋាន សាងសង់ផ្លូវវាងក្រុងកំពត ឬផ្លូវលេខ ១៣៩A ខេត្តកំពត លោក នាក ចិន បានបញ្ជាក់ឲ្យដឹងថា ផ្លូវនេះមានប្រវែង៣,៦៧០ ម៉ែត្រ ដែលស្ថាបនាជាប្រភេទផ្លូវកៅស៊ូ DBST និងដែលបានចាប់ផ្តើម បើកការដ្ឋានស្ថាបនាជួសជុលឡើងវិញ នៅក្នុងខែមេសា ឆ្នាំ ២០២២។
ការស្ថាបនាជួសជុលផ្លូវវាងក្រុងកំពតនេះ ត្រូវគោរពតាមលក្ខណៈបច្ចេកទេស ដែលមានការត្រួតពិនិត្យឱ្យបានត្រឹមត្រូវ និងធានាគុណភាពជាប់បានយូរអង្វែង ជាងការសាងសង់ពីមុនៗ ពីព្រោះផ្លូវវាងក្រុងនេះ សម្រាប់ប្រើបញ្ចៀសរថយន្តធុនធំ ដោយមិនឲ្យបើកបរចូលឆ្លងកាត់ ក្នុងក្រុងកំពតនោះឡើយ។
ផ្លូវនេះបានតភ្ជាប់ពីផ្លូវជាតិលេខ៣ នៅត្រង់ចំណុចក្លោងទ្វារខេត្ត ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៣៣ បន្តទៅកាន់តភ្ជាប់ជាមួយនិងខេត្តកែប៕