ការនាំចេញរបស់កម្ពុជាទៅកាន់បណ្តាប្រទេសសមាជិកកិច្ចព្រមព្រៀង RCEP សម្រេចបានទំហំទឹកប្រាក់៥,២៦ពាន់លានដុល្លារ ក្នុងរយៈពេល៨ខែ

0

ដោយ: គង់ លាងហួរ

ភ្នំពេញ: កម្ពុជាបាននាំចេញទំនិញ ដែលមានតម្លៃ៥,២៦ពាន់លានដុល្លារ ទៅកាន់បណ្តាប្រទេសសមាជិកកិច្ចព្រមព្រៀង (RCEP) ក្នុងរយៈពេល៨ខែដំបូង ឆ្នាំ២០២៣នេះ កើនឡើង២២ភាគរយពី៤,៣ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

នេះ​បើ​យោងតាម​របាយការណ៍​ចុងក្រោយ​បង្អស់របស់​ក្រសួង​ពាណិជ្ជកម្ម​ ដែលបានចេញផ្សាយនៅថ្ងៃ​សុក្រនេះ។

របាយ​ការណ៍​បាន​បន្ត​ថា​ ក្នុង​អំឡុង​ខែ​មករា​ដល់​ខែ​សីហា​ឆ្នាំ​នេះ គោលដៅ​នាំ​ចេញ​កំពូល​ទាំង​៣របស់​កម្ពុជា​ក្រោម​កិច្ច​ព្រម​ព្រៀង RCEP គឺ​ប្រទេស​វៀតណាម ប្រទេសចិន និង​ប្រទេសជប៉ុន។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ែន សុវិជាតិ បានមានប្រសាសន៍ថា “កិច្ចព្រមព្រៀង RCEP ដែលបានចូលជាធរមាននៅឆ្នាំ២០២២ គឺជាកម្លាំងចលករដ៏សំខាន់សម្រាប់ជំរុញកំណើននៃការនាំចេញរបស់កម្ពុជា ហើយវាបានក្លាយជាមេដែកដើម្បីស្រូបទាញលំហូរវិនិយោគផ្ទាល់ពីបរទេសកាន់តែច្រើនមកកាន់កម្ពុជា”។

លោកបានបន្ថែមថា “កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតរបស់ពិភពលោកនេះ រួមជាមួយនឹងកិច្ចព្រមព្រៀង FTA ទ្វេរភាគីផ្សេងទៀត នឹងជួយកម្ពុជាឱ្យចាកផុតពីស្ថានភាពប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៧ និងសម្រេចបាននូវគោលដៅក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០”។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី RCEP រួមមានសមាជិកជាប្រទេសនៅតំបន់អាស៊ីប៉ាស៊ីហ្វិកចំនួន១៥ ក្នុងនោះមានបណ្តាប្រទេសសមាជិកអាស៊ានចំនួន១០ (សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍) ដូចជាប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម  និងមានដៃគូពាណិជ្ជកម្មចំនួន៥ ដូចជា ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់៕

LEAVE A REPLY

Please enter your comment!
Please enter your name here