ដោយ: គង់ លាងហួរ
អន្តរជាតិ: អាកាសយានដ្ឋាន Changi របស់ប្រទេសសិង្ហបុរី ជាប់ចំណាត់ថ្នាក់លេខ១ ជាអាកាសយានដ្ឋានមមាញឹកបំផុតរបស់តំបន់អាស៊ីប៉ាស៊ីហ្វិក គិតចាប់ពីខែមករាដល់ខែសីហា ដែលមានអ្នកដំណើរជិត៣៨លាននាក់។
តួលេខនេះបង្ហាញពីអត្រា នៃការស្ទុះងើបឡើងវិញ៨៥ភាគរយ បើធៀបនឹង៤៥លាននាក់ ក្នុងរយៈពេល៨ខែដំបូង នៃឆ្នាំ២០១៩ ពោលគឺមុនផ្ទុះជំងឺរាតត្បាតសកល។ នេះបើតាមទិន្នន័យចងក្រងដោយក្រុមហ៊ុនប្រឹក្សាអាកាសចរណ៍ Sobie Aviation របស់សិង្ហបុរី។
អាកាសយានដ្ឋាន Incheon របស់ទីក្រុងសេអ៊ូល ស្ថិតនៅលំដាប់ទី២ ដែលមានអ្នកដំណើរចំនួន៣៥លាននាក់ ពោលគឺងើបឡើងវិញដល់៧៣ភាគរយ នៃកម្រិតមុនផ្ទុះកូវីដ។ ចំណែក អាកាសយានដ្ឋាន Bangkok Suvarnabhumi ស្ថិតនៅលំដាប់ទី៣ ដែលមានអ្នកដំណើរ២៥,៥លាននាក់ ពោលគឺងើបឡើងវិញដល់៧២ភាគរយនៃកម្រិតមុនផ្ទុះកូវីដ។
អាកាសយានដ្ឋានអន្តរជាតិហុងកុង ជាប់ចំណាត់ថ្នាក់ទី៤ ដែលមានអ្នកដំណើរចំនួន២៤,៣លាននាក់ ក្នុងរយៈពេល៨ខែដំបូងដើមឆ្នាំនេះ ដែលកើនឡើងយ៉ាងខ្លាំងពីចំណាត់ថ្នាក់ទី៣០ កាលពីឆ្នាំមុន ដោយសារវិធានការរឹតបន្តឹងកូវីដ។
ទោះជាយ៉ាងនេះក្តី ស្ថាប័នឧស្សាហកម្មនេះបានព្រមានថា កង្វះបុគ្គលិក និងបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់ នៅតែជាឧបសគ្គចំពោះការស្ទុះងើបឡើងវិញយ៉ាងពេញលេញ និងមិនងាយទទួលបានមកវិញនូវចំណាត់ថ្នាក់លេខ១ ដែលអាកាសយានដ្ឋានអន្តរជាតិ ហុងកុងកាន់កាប់មុនពេលផ្ទុះជំងឺរាតត្បាត។
ចំណែក អាកាសយានដ្ឋាន Taiwan Taoyuan ស្ថិតនៅលំដាប់ទី៥ ដែលមានអ្នកដំណើរ២១,៨លាននាក់ ដែលជាអត្រានៃការស្ទុះងើបឡើងវិញ៦៧ភាគរយ បើធៀបនឹងកម្រិតមុនផ្ទុះកូវីដ៕






